ទៀតហើយ! ថ្នាំលើសឈាម ២មុខ ត្រូវប្រកាសយកត្រឡប់ចូលក្រុមហ៊ុនវិញ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ក្រុមហ៊ុន​ផលិតឱសថ Torrent Pharmaceuticals Ltd. បានប្រកាស​យក​ថ្នាំ​លើសឈាម ចំនួន ២​មុខ ចូល​ក្រុមហ៊ុន​វិញ ក្រោយ​រកឃើញ​ថា ថ្នាំទាំង​នោះ អាចបង្ក​ជំងឺ​មហារីក។ ថ្នាំទាំង ២​ប្រភេទ មាន Losartan Potassium Tablets USP និង Losartan Potassium/hydrochlorothiazide tablets។

ក្រោយ​ការ​ពិនិត្យ​ថ្នាំ​ទាំង​នោះ​មួយ​ចំនួន រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) រកឃើញ​ថា បរិមាណ​អាស៊ីដ N-methylnitrosobutyric នៅ​ក្នុង​ថ្នាំ គឺលើស​កម្រិត​ដែល FDA បាន​ណែនាំ និង​ទទួល​យក​បាន។

មកដល់​ពេល​នេះ ក្រុមថ្នាំ​លើសឈាម ដែល FDA រកឃើញ​ថា អាច​បង្ក​ជំងឺ​មហារីក និង​ឲ្យយក​ត្រឡប់​ចូលក្រុមហ៊ុន​វិញ រួមមាន ក្រុមថ្នាំ Valsartan, Losartan និង Irbesartan។ ការ​ប្រកាស​ឲ្យ​យក​ថ្នាំ​លើសឈាម​ចូល​ក្រុមហ៊ុន​វិញ​ជាបន្ដបន្ទាប់​នេះ គឺក្រោយ FDA ចាប់ផ្ដើម​ពិនិត្យ​លើ​ភាព​មិន​សុទ្ធ​នៃ​ក្រុម​ថ្នាំ​បេះដូង ហៅថា Angiotensin II Receptor Blockers (ARBs)។ ក្រុមថ្នាំ​ប្រភេទ​នេះ មាន​មុខងារ​រារាំង​សមាសធាតុ​គីមី​ខ្លាំង (Angiotensin) នៅ​ក្នុងឈាម ដើម្បី​កុំ​ឲ្យ​សាច់ដុំ​នៅ​ជុំវិញ​សរសៃឈាម​កន្ត្រាក់។ ពេល​សាច់ដុំ​ជុំវិញ​សរសៃឈាម​កន្ត្រាក់ វា​បង្រួម​សរសៃឈាម និង​បណ្ដាល​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់ ឬ​លើសឈាម។

អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់! ​ថ្នាំ​លើស​ឈាម​ ៣ប្រភេទ អាច​បង្ក​មហារីក រោងចក្រ​ពី ឥណ្ឌា​​ប្រកាស​ប្រមូល​ទៅ​វិញ

ទោះយ៉ាងណា FDA បញ្ជាក់​ថា អ្នក​ជំងឺ ដែល​កំពុង​លេប​ថ្នាំ​លើសឈាម​ខាងលើ អាច​បន្ដ​លេប​ទៀត​បាន ដោយ​គ្រោះថ្នាក់​ចំពោះ​អ្នក​ជំងឺ អាច​មាន​អត្រា​កាន់តែ​ខ្ពស់ ប្រសិន​បើ​ឈប់​លេប​ថ្នាំ​ភ្លាមៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 25, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 25, 2019

អ្នកអាចចូលចិត្ត