
ចាប់តាំងពីសប្ដាហ៍មុន ផ្សែងអ័ព្ទបានចាប់ផ្ដើមគ្របដណ្ដប់បរិវេណខ្លះនៅថៃ និងវៀតណាម នៅសងខាងប្រទេសយើង ហើយឈានចូលសប្ដាហ៍នេះ ផ្សែងអ័ព្ទបានគ្របដណ្ដប់កាន់តែខ្លាំងលើរដ្ឋធានី នៃប្រទេសទាំងពីរនេះ ហើយក៏បង្ខំឲ្យរដ្ឋាភិបាលថៃ បើកកិច្ចប្រជុំបន្ទាន់ ដោះស្រាយបញ្ហានេះ។
តាមការចេញផ្សាយរបស់កាសែត Bangkok Post នៅល្ងាចម្សិលមិញ ក្រុងបាងកក បានក្លាយជាទីក្រុងមានកម្រិតគុណភាពខ្យល់អាក្រក់បំផុត តាមពីក្រោយដោយក្រុងហាណូយ របស់វៀតណាម និងក្រុង Chengdu របស់ចិន។
បញ្ហាកម្រិតគុណភាពខ្យលអាក្រក់បំផុតនេះ បានធ្វើឲ្យរដ្ឋាភិបាលថៃ បើកកិច្ចប្រជុំបន្ទាន់ និងភ្ជាប់ទៅកាន់អភិបាលខេត្ត ចំនួន ១៦ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហា។ ក្រោយប្រជុំ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃ បានណែនាំឲ្យប្រជាជនត្រូវពាក់ម៉ាស់ ពេលចេញទៅខាងក្រៅ និងផឹកទឹកពី ៦-៨កែវ/ថ្ងៃ។
ចំណែករដ្ឋាភិបាលវៀតណាម ក៏ណែនាំឲ្យប្រជាជន ជាពិសេសក្មេងៗ មនុស្សចាស់ និងស្ត្រីពពោះ កុំចេញទៅខាងក្រៅ។ ក្នុងករណីចាំបាច់ចេញទៅខាងក្រៅ ត្រូវពាក់ម៉ាស់ និងស្រោមដៃ។
តាម Bangkok Post ភាគល្អិតនៅក្នុងផ្សែងអ័ព្ទ អាចចូលទៅក្នុងសួត ហើយចូលបន្ដទៀតទៅក្នុងសរសៃឈាម និងបង្កជំងឺប្រព័ន្ធដង្ហើម និងបេះដូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យថ្ងៃទី ខែតុលា 2, 2019 | កែសម្រួលចុងក្រោយ ខែតុលា 2, 2019