ហ្វីលីពីន ប្រទះឃើញជំងឺគ្រុនស្វិតដៃជើង ៣ករណីបន្ថែមទៀត សង្ស័យឆ្លងតាមទឹក

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

ជំងឺគ្រុនស្វិតដៃជើង ដែល​ត្រូវបាន​លុបបំបាត់​រាប់ឆ្នាំ​មកហើយ បាន​លេចវត្តមាន​ជាថ្មី​ទៀត នៅ​ប្រទេស​ហ្វីលីពីន ចាប់តាំង​ពីខែ​កញ្ញាមក។ ម្សិលមិញ មន្ត្រី​សុខាភិបាល​ហ្វីលីពីន ចេញមក​បញ្ជាក់​ពី​ការ​រកឃើញ​ជំងឺ​គ្រុនស្វិតដៃជើង ៣​ ករណី​បន្ថែម​ទៀត ដែល​ធ្វើ​តួលេខ​ជំងឺ​នេះ កើន​ដល់ ៧​ករណី​ហើយ។

សម្រាប់ ៣ ​ករណី​ចុងក្រោយ​នេះ បាន​ប្រទះ​ឃើញ​លើ​ក្មេងស្រី​អាយុ ២​ឆ្នាំម្នាក់ នៅ​ខេត្ត Maguindanao លើ​ក្មេងប្រុស ​អាយុ ១​ឆ្នាំម្នាក់ នៅក្នុង​ទីក្រុង Cotabato និង​នៅលើ​ក្មេងស្រី​អាយុ ៤​ឆ្នាំ​ម្នាក់ នៅ​ខេត្ត Cotabato។ លោក Rolando Enrique Domingo មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល បញ្ជាក់​ថា ក្រសួង​កំពុង​ពិនិត្យ​មើល​លើ​ការផ្គត់ផ្គង់​ទឹក ដែលអាច​ជាប្រភព​នៃ​ការឆ្លង​វីរុស​ជំងឺ​គ្រុនស្វិតដៃជើង។

ចំណែក​ជំងឺនេះ ៤ករណី​មុន ត្រូវ​ប្រទះឃើញ ចាប់តាំង​ពី​ខែកញ្ញា ឆ្នាំ២០១៩ លើ​ក្មេងស្រី អាយុ ៣​ឆ្នាំ​ម្នាក់ នៅ​ខេត្ត Lanao del Sur ក្មេងស្រី​អាយុ ៤ឆ្នាំ​ម្នាក់ នៅ​ខេត្ត Maguindanao និង​ក្មេងស្រី អាយុ ៣​ឆ្នាំម្នាក់ នៅ​ខេត្ត Sultan Kudarat និង​ក្មេងប្រុស​អាយុ ៥​ឆ្នាំ​ម្នាក់ នៅ​ខេត្ត Laguna ដែល​សុទ្ធជា​ខេត្ត​ភាគខាងត្បូង នៃ​ប្រទេស​ហ្វីលីពីន។

អត្ថបទពាក់ព័ន្ធ៖ នៅហ្វីលីពីន ផ្ទុះជំងឺគ្រុនស្វិតដៃជើងឡើងវិញ ក្រោយបាត់ជិត ២០ឆ្នាំ

គួរបញ្ជាក់​ថា ជំងឺគ្រុនស្វិតដៃជើង ជាជំងឺ​ដែល​រាលដាល​យ៉ាងលឿន ដោយ​វាអាច​បណ្ដាល​ឲ្យ​ពិការ ហើយបើ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត។ ជំងឺនេះ ពុំមាន​ថ្នាំព្យាបាល​នោះទេ ប៉ុន្ដែ​មាន​វិធីបង្ការ​ដោយ​ការ​ចាក់​វ៉ាក់សាំង។ ជំងឺនេះ អាច​ឆ្លងពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់​ទៀត តាមរយៈ​ទឹក និង​អាហារ​ដែល​មាន​ផ្ទុក​វីរុស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 21, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 21, 2019

អ្នកអាចចូលចិត្ត