អ្វីទៅជា BMR?
BMR (Basal Metabolic Rate) ជាចំនួនកាឡូរីសរុបដែលរាងកាយយើងត្រូវការ ដើម្បីដំណើរការមុខងារសំខាន់ៗ រួមទាំងការដកដង្ហើម និងរក្សាបេះដូងឲ្យដើរ។ BMR មិនរាប់បញ្ចូលសកម្មភាពរាងកាយឡើយ។ ដូច្នេះ ដោយសាររាងកាយត្រូវការថាមពលធ្វើសកម្មភាពសាមញ្ញផ្សេងៗ ដូចជា ដើរ និងធ្វើការងារប្រចាំថ្ងៃផងដែរនោះ ចំនួនកាឡូរីសរុបដែលយើងត្រូវការប្រចាំថ្ងៃ ប្រាកដជាខ្ពស់ជាង BMR។
អ្វីទៅជា «តម្រូវការកាឡូរី»?
កាឡូរី ជាឯកតា (រង្វាស់) ថាមពល។ យើងត្រូវការកាឡូរីដើម្បីរស់រានមានជីវិត។ បើគ្មានកាឡូរីទេ កោសិកានៅក្នុងរាងកាយយើង មិនអាចដំណើរការបានឡើយ សូម្បីតែបេះដូងក៏ឈប់ដើរដែរ។ យើងអាចបានថាមពលនេះពីអាហារ និងភេសជ្ជៈយើងញ៉ាំ។ របបអាហារដែលមានកាឡូរីសរុបទាបជាង ឬខ្ពស់ជាងកាឡូរីដែលរាងកាយយើងត្រូវការ នឹងធ្វើឲ្យមានបញ្ហាសុខភាព។
«តម្រូវការកាឡូរី» ជាចំនួនកាឡូរីសរុបក្នុងមួយថ្ងៃដែលរាងកាយយើងត្រូវការ ដើម្បីដំណើរការមុខងារសំខាន់ៗ និងមានកម្លាំងធ្វើសកម្មភាពប្រចាំថ្ងៃ។ បើយើងដឹងថា រាងកាយយើងត្រូវការកាឡូរីប៉ុន្មានក្នុងមួយថ្ងៃ យើងអាចរៀបចំរបបអាហារឲ្យសមស្របទៅតាមតម្រូវការនោះតែម្ដង។