អាហារយើងញ៉ាំ មានឥទ្ធិពលខ្លាំងលើទិដ្ឋភាពសុខភាពរាងកាយរបស់យើង រួមទាំងបានជួយកាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម។
ការវិវត្តទៅកើតជំងឺមហារីក មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងរបបអាហារប្រចាំថ្ងៃរបស់យើងរាល់គ្នា។ អាហារជាក់លាក់មួយចំនួន មានគុណប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យជំងឺមហារីកបាន។ តើមានអាហារអ្វីខ្លះដែរ?
១. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវមានផ្ទុកសារធាតុ sulforaphane ដែលជាធាតុអាចប្រឆាំងនឹងជំងឺមហារីកបាន។ ការសិក្សាលើសត្វកណ្ដុរបានរកឃើញថា សារធាតុ sulforaphane ជួយសម្លាប់កោសិកាមហារីកក្រពេញប្រូស្តាត និងកាត់បន្ថយទំហំដុំសាច់បង្កជំងឺមហារីកបានជាង៥០ភាគរយ។
ដូចគ្នាដែរ ការសិក្សាមួយចំនួនផ្សេងទៀតបានរកឃើញថា ការញ៉ាំផ្កាខាត់ណាខៀវ ក៏បានរួមចំណែកក្នុងការកាត់បន្ថយហានិភ័យជំងឺមហារីកពោះវៀនធំផងដែរ។
២.ការ៉ុត
ការសិក្សាមួយចំនួនបានរកឃើញថា ការ៉ុតអាចជួយបន្ថយហានិភ័យនៃការកើតជំងឺមហារីកប្រភេទមួយចំនួន។ តាមលទ្ធផលនៃការវិភាគលើការសិក្សាចំនួនប្រាំបានរកឃើញថា ការញ៉ាំការ៉ុតអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពះបានរហូតដល់២៦ភាគរយ។