home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

អាហារកក មានប្រយោជន៍អ្វីខ្លះ? ទុកយូរគ្រោះថ្នាក់អត់?

អាហារកក មានប្រយោជន៍អ្វីខ្លះ? ទុកយូរគ្រោះថ្នាក់អត់?

សម័យនេះ គ្នា​យើង​ភាគ​ច្រើន ដោយ​សារ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ដើរ​ផ្សារ តែង​ឆ្លៀត​ពេល​ទិញ​បន្លែ​ត្រី​សាច់​ម្តង​ច្រើនៗ ដើម្បីទុក​ក្នុង​ទូទឹកកក ចម្អិន​នៅ​ពេល​ក្រោយ។ យ៉ាង​ណា ចំពោះ​រឿង​ដាក់​អាហារ​កន្លែង​កក ឬ​ទិញ​អាហារ​កក​ពីផ្សារ​មក​ញ៉ាំ នៅ​តែ​មាន​សំណួរ​ជា​ច្រើន​ចង់​ដឹង គ្នា​យើង​ភាគ​ច្រើន​ជឿថា ដាក់ត្រី​សាច់​កន្លែង​កក បាត់​បង់​គុណ​ភាព មិន​ល្អ​ដូច​របស់​ស្រស់ៗ​នោះ​ទេ។ ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ពី​គុណ​សម្បត្តិ​អាហារកក ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

១- អាហារ​កក​មាន​សារធាតុ​ចិញ្ចឹម​ច្រើន

អាហារ​ប្រភេទ​នេះ​ ត្រូវ​គេ​ប្រមូល​យក​នៅ​ពេល​វា​ទំល្អ​ សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខ្ពស់​ និង​រសជាតិ​ឆ្ញាញ់។ ក្រោយ​ពេល​ជ្រើស​រើស​ហើយ គេ​យក​វា​ទៅ​បង្កក​យ៉ាង​រហ័ស ហេតុ​នេះ​​ហើយ​ចំពោះ​កាល់ឡូរី​ និង​សារធាតុ​ចិញ្ចឹម​នោះ អាហារ​កក​នៅ​តែ​មាន​សារធាតុ​ចិញ្ចឹម​ ដូច​នឹង​អាហារ​ស្រស់​ដដែល។ ជា​ពិសេស​ត្រី បើ​ប្រៀប​ធៀប​នឹង​ត្រី​ចាប់​បាន​ពេល​តំណាល​គ្នា ត្រី​កក​រក្សា​ភាព​ស្រស់​បាន​ល្អ​ជាង​ឆ្ងាយ​ណាស់។

២- អាហារ​កក​ងាយ​ស្រួលទុក​ដាក់ និង​យក​មក​ញ៉ាំ​វិញ

ពេល​ខ្លះ​គ្នា​យើង​រវល់​នឹង​ការងារ មិន​សូវ​មាន​ពេល​រៀប​ចំ ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង​ឡើយ។ បើ​និយាយ​ដល់​ការ​រៀប​ចំ​វិញ ការ​បក ចិត កាត់​បន្លែ គឺ​ត្រូវ​ប្រើ​ពេល​ច្រើន ហើយ​ហត់​នឿយ​ថែម​ទៀត។ ក្នុង​កាលទេសៈ​នេះ អាហារ​កក​ជា​មធ្យោបាយ​ដ៏​សក្តិ​សម​បំផុត ដោយ​សារ​វា​បាន​វេច​ខ្ចប់ រៀប​ចំ និង​សម្អាត​ហើយ​រួច​ជា​ស្រេច។

៣- សន្សំ​សំចៃ

អាហារកកសក្តិ​សម​នឹងគ្នា​យើង​ដែលមាន​តម្រូវ​ការ​អាហារ​​ច្រើន។ តែ​បើ​ត្រូវ​ការ​តិច​តួច ​ក៏​មិន​ជា​បញ្ហាដែរ យើង​អាច​យក​ចំណែក​នៅ​សល់​ដាក់​ក្នុង​ទូរ​ទឹក​កក​វិញ​បាន​។ អាហារ​ស្រស់​ អាច​ប្រើ​​មាន​ពេល​កំណត់​ បើ​រក្សាទុក​លើស​កំណត់​ វា​នឹង​ស្អុយ​រលួយ ត្រូវ​បោះ​ចោល​ហើយ។ បើ​យើង​ប្រៀប​​ទាំង​ពីរ​នេះ អាហារ​កក​ អាច​សន្សំ​សំចៃ​ការ​ចំណាយ​បាន ​ដោយ​កាត់​បន្ថយ​អាហារ​​ត្រូវ​បោះ​ចោល​ ឬ​ខូច។

៤- រសជាតិ​ឆ្ញាញ់

គ្នា​យើង​​មួយ​ចំនួន​ធំ​គិត​ថា​ អាហារ​កក​មាន​រសជាតិ​អន់​ជាង​អាហារ​ស្រស់​ឆ្ងាយ​ណាស់។ តែ​ការ​ច្នៃ​ប្រឌិត​ និង​ថ្វីដៃ អាច​ចម្អិន​ម្ហូប​ឆ្ញាញ់ៗ​ជា​ច្រើន​ ដោយ​ប្រើ​របស់​កក​នេះ​ឯង។

៥- ប្រើឲ្យបាន​ត្រឹម​ត្រូវ

អាហារ​កក​ ងាយ​ទុក​ដាក់ និង​យក​ប្រើ​ឡើង​វិញ​ណាស់ តែ​វា​ក៏​ត្រូវ​ការ​ការ​រក្សា​ទុក​ឲ្យ​​មាន​សុវត្ថិភាព ​និង​ត្រឹមត្រូវ​ផង​ដែរ។

៦- មិន​ត្រូវ​ទុក​ក្នុង​សីតុណ្ហភាព​បន្ទប់ធម្មតា

សីតុណ្ហភាព​បន្ទប់ធម្មតា ​ចន្លោះ​ពី ២០-​២២ អង្សារសេ ដែល​ជា​សីតុណ្ហភាព​ ល្អ​សម្រាប់​ការ​លូតលាស់​របស់​បាក់តេរី។ ការ​ទុក​អាហារ​កក​ក្នុង​សីតុណ្ហភាព​បន្ទប់ធម្មតា ​ត្រឹម​តែ ២-៣​ ម៉ោង​ប៉ុណ្ណោះ​ អាច​ធ្វើ​អាហារ​នោះ​គ្រោះ​ថ្នាក់ដល់​សុខ​ភាព​យើង​​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

  • តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ
  • ញ៉ាំអាហារចម្អិននៅផ្ទះ អាចចៀសផុតពីសារធាតុគីមីបង្កមហារីកបាន

៧- គុណសម្បត្តិ​​ទូរទឹកកក

វិធី​មាន​សុវត្ថិភាព​ និង​លឿន​បំផុត​នោះ​ គឺ​ទុកអាហារ​កក​រលាយ​ក្នុង​ទូរទឹក​កក (កន្លែង​ត្រជាក់​ធម្មតា)។ ទោះ​បី​ចំណាយ​ពេល​យូរ​ ជាង​ទុក​ក្នុង​សីតុណ្ហភាព​ខាង​ក្រៅ តែ​អាច​ការពារ​ការ​លូត​លាស់​របស់​បាក់តេរី។ គុណប្រយោជន៍​មួយ​ទៀត​នោះ ងាយ​នឹង​ធ្វើឲ្យ​កក​វិញ។

៨- ប្រើ​ទឹក​ត្រជាក់

វិធី​មួយ​ទៀត ​ដើម្បី​យក​អាហារ​មក​ប្រើ​វិញ​បាន គឺ​ត្រាំ​ទឹកត្រជាក់ តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វេច​ខ្ចប់ បើ​មាន​ចន្លោះ​ប្រហោង ឬ​រុំ​មិន​ជិត​ត្រង់​ណា​នោះ អាហារ​នឹង​ចូល​ទឹក​ហើយ។ ម្យ៉ាង​វិញ​ទៀត ត្រូវ​ប្តូរឲ្យ​​បាន​ត្រូវ​ពេល​វេលា ព្រោះ​បើ​ទឹក​ត្រជាក់​ខ្លាំង​ អាហារ​ក៏​មិន​ងាយ​រលាយ​ទឹក​កក​អស់​ដែរ។ ប៉ុន្តែការ​ប្រើ​វិធី​នេះ អាហារ​មិន​អាច​បង្កក​វិញ​បាន​ទេ។

៩- ប្រើ​ម៉ាស៊ីន​កម្តៅ

បើ​សិន​ចង់​យក​អាហារ​កក​មក​ប្រើ​លឿន​ឲ្យ​​ទាន់​ចិត្ត​នោះ អាច​ប្រើ​វិធី​នេះ​បាន។ តែ​ត្រូវ​ប្រយ័ត្ន​រឿង​មួយ​ចំនួន ដូច​ជា ​ត្រូវ​យក​ថង់​ប្លាស្ទិក​ចេញ ហើយ​ដាក់​អាហារ​ក្នុង​ចាន​សម្រាប់កម្តៅ។

១០- កំណត់ចំណាំ

ពពួក​បន្លែ មិន​គួរ​ទុក​​វា​រលាយ ឬ​រំលាយ​ទឹក​កក​នោះ​ទេ។ ត្រូវ​ដាំ​ទឹកស្រុះឡើង​វិញ។ ការ​ទុក​​រលាយ ​ឬ​រំលាយ​ទឹក​កក​ អាច​ធ្វើ​អោយ​បាត់​បង់​សារធាតុ​ចិញ្ចឹមបាន។ ការ​ពិត​ទៅ អាហារ​កក​ មាន​តម្លៃ ​និង​គុណ​ប្រយោជន៍​របស់​វា គ្នា​យើង​គួរ​សាក​ល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ដើម្បី​ដឹង​ពី​គុណប្រយោជន៍​។ យ៉ាង​ណា​វិញ ត្រូវ​ជ្រើស​រើស​វិធី​រំលាយ​ទឹក​កកឲ្យ​បាន​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

The Best (and Quickest) Ways to Thaw Frozen Food. http://lifehacker.com/the-best-and-quickest-ways-to-thaw-frozen-food-1567753280 Accessed January 11, 2017

5 Reasons You Should Be Eating Frozen Foods – Stone Soup-March 2015 http://www.foodandnutrition.org/Stone-Soup/March-2015/5-Reasons-You-Should-Be-Eating-Frozen-Foods/ Accessed January 11, 2017

4 Reasons You Should Be Eating Frozen Food (Plus a Recipe )-Stone Soup-March 2016 http://www.foodandnutrition.org/Stone-Soup/March-2016/4-Reasons-You-Should-Be-Eating-Frozen-Food-Plus-a-Recipe/ Accessed January 11, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Chamnan Amrith កែសម្រួល​ចុងក្រោយ 24/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត