home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី ឮគេថាល្អខ្លាំង! មានគុណសម្បត្តិ គុណវិបត្តិអ្វីខ្លះ?

ថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី ឮគេថាល្អខ្លាំង! មានគុណសម្បត្តិ គុណវិបត្តិអ្វីខ្លះ?

គ្នា​យើង​មាន​អ្នក​ណា​ធ្លាប់​ស្គាល់​ថ្នាំបំប៉ន​គ្រាប់​កាហ្វេ​ខ្ចី​អត់? យ៉ាង​ណា “Hello គ្រូពេទ្យ” ជឿថា គ្នា​យើង​ខ្លះ​ច្បាស់​ជា​ធ្លាប់​ស្គាល់ ហើយខ្លះ​អាច​ធ្លាប់​សាក​ល្បង​ប្រើ​ទៀត​ផង។ សម្រាប់​គ្នាយើង​មិន​ធ្លាប់​ស្គាល់ អាច​ស្វែង​យល់​ក្នុង​អត្ថបទ​នេះ​បាន ព្រោះ​ថ្នាំ​​បំប៉នចម្រាញ់​ចេញ​ពី​គ្រាប់​កាហ្វេ​ខ្ចី កំពុង​ពេញ​និយម​ណាស់ ព្រោះ​គេ​ជឿថា​មានអត្ថ​ប្រយោជន៍​សុខភាព​ជាច្រើន ទោះ​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ក្តី។ តោះ! មក​ស្វែង​យល់​ទាំង​អស់​គ្នា។

១- គុណសម្បត្តិថ្នាំ​បំប៉នចម្រាញ់​ពី​គ្រាប់​កាហ្វេ​ខ្ចី

ថ្នាំ​បំប៉ន​ចម្រាញ់​ចេញ​ពី​គ្រាប់​កាហ្វេ​ខ្ចី នៅ​លើ​ទី​ផ្សារ​ត្រូវ​គេ​ស្គាល់​ថា Green Coffee Bean Extract គឺ​កំពុង​ពេញ​និយម​ខ្លាំង​ក្នុង​បណ្តាប្រទេស​អភិវឌ្ឍន៍​ជាច្រើន ដោយ​សារគេ​ជឿ​ថា វា​មាន​គុណ​សម្បត្តិ​ច្រើន​ទៅ​លើ​សុខភាព ដូចជា៖

– ជួយ​សម្រក​ទម្ងន់៖ គ្នា​យើង​ភាគ​ច្រើន​ប្រើ​ប្រាស់ថ្នាំ​បំប៉ន​ចម្រាញ់​ចេញ​ពី​គ្រាប់​កាហ្វេ​ខ្ចី គឺ​ដើម្បី​សម្រក​ទម្ងន់​នេះ​ឯង។ ការ​សិក្សា​តូច​ៗ​មួយ​ចំនួន​បង្ហាញ​ថា ថ្នាំ​បំប៉ន​ចម្រាញ់​ចេញ​ពី​គ្រាប់​កាហ្វេ​ខ្ចី អាច​ជួយ​ឲ្យ​សម្រក​ទម្ងន់​បាន​ពី ១,៣-២,៣ គីឡូក្រាម ​ច្រើន​ជាងគ្នា​យើង​ប្រើ​វិធី​សាស្ត្រ​សម្រក​ទម្ងន់​ផ្សេង​ទៀត។ អាស៊ីដ Chlorogenic ​មានក្នុង​គ្រាប់​កាហ្វេ​ខ្ចី អាចសមត្ថភាព​​ភ្ញោចទៅ​លើ​​ថ្លើម ​ឲ្យ​ធ្វើ​ការ​ស្រូប​ជាតិ​ខ្លាញ់​បាន​លឿន។

– បង្កើន​ថាម​ពល៖ ថ្នាំ​បំប៉ន​គ្រាប់​កាហ្វេ​ខ្ចី ក៏​​ត្រូវ​គេ​ជឿ​ជាក់​ថា មាន​ប្រសិទ្ធ​ភាពបង្កើន​ថាម​ពល​ ដូច​គ្នា​ទៅ​នឹង​កាហ្វេ​ធម្មតា​ដែរ ដោយ​សារ​មាន​​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​ ​ដែល​​គ្នា​យើង​ជា​ច្រើន​ ត្រូវ​ការ​ប្រើ​វា​ជា​រៀង​រាល់​ថ្ងៃ។ ក្រៅ​ពី​នេះ វា​អាច​ជួយ​យើង​មាន​អារម្មណ៍​ភ្លឺ​ស្វាង និង​ផលិតភាព​កាន់​តែ​ប្រសើរ សម្រាប់​បំពេញ​កិច្ច​ការងារ​ប្រចាំថ្ងៃ​ទៀត​ផង។

– បង្កើន​ការ​ធ្វើ​មេតាបូលីស៖ ថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចី អាច​ជួយ​បង្កើន​ដល់​ការ​ធ្វើ​មេតាបូលីស​បាន ​ជួយ​ពន្លឿន​ដល់​ដំណើរ​ការ​បំបែក​​ជាតិ​ខ្លាញ់ ទៅ​ជា​ថាម​ពល​ ដើម្បី​ស្តុក​ទុក។ ជាតិ​កាហ្វេអ៊ីន​ ក៏​មាន​អត្ថប្រយោជន៍​ដូចគ្នា​នេះ​​ដែរ ខណៈ​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​ជាតិ​កាហ្វេ​អ៊ីន​ អាច​ជួយ​ជំរុញ​ដល់​ដំណើរ​ការ​មេតាបូលីស ​រហូត​ដល់​ទៅ ៣-១១ ភាគ​រយ។

– បន្ថយ​ការ​ឃ្លាន៖ ថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចី អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត ដោយបាន​ទៅ​រារាំង​អារម្មណ៍​ស្រែក​ឃ្លាន ​ជួយ​យើង​ចៀស​ផុត​អាហារគ្មាន​​សុខ​ភាព​ល្អ និង​ជួយ​រក្សា​តុល្យភាព​របប​អាហារ ធ្វើ​ឲ្យ​​សម្រក​ទម្ងន់ទទួល​បាន​ជោគ​ជ័យ និងយ​មាន​សុខ​ភាព​ល្អ។

– ជា​ភ្នាក់ងារប្រឆាំង​អុក​ស៊ីតកម្ម៖ សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម (Antioxidants) មាន​សារៈ​សំខាន់​ណាស់​ចំពោះរាង​កាយ​ ​ជួយ​ប្រឆាំង​ពពួក​​រ៉ាឌីកាល់​សេរី​ ដែល​អាច​បង្ក​ឲ្យយើង​មាន​ជំងឺកាច​សាហាវ​បាន។ គ្រាប់​កាហ្វេ​ខ្ចី ជា​ប្រភេទ​កាហ្វេ​តែ​មួយ​គត់ ​ដែល​មាន​កម្រិត​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្មច្រើន​ជាង​គេ​ក្នុង​ចំណោម​គ្រាប់​កាហ្វេ​ទាំង​អស់។

អត្ថបទ​ពាក់​ព័ន្ធ៖

  • “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់?
  • ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?

២- គុណវិបតិ្តថ្នាំ​បំប៉នចម្រាញ់​ពី​គ្រាប់​កាហ្វេ​ខ្ចី

ទោះ​ជាថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចី មាន​អត្ថ​ប្រយោជន៍​ច្រើ​ន​ក្តី ប៉ុន្តែ​អ្វី​ក៏​ដោយ សុទ្ធ​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ហេតុនេះ ថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចី ក៏​មាន​ដូច​គ្នា៖

– ចំពោះស្រី​មាន​ផ្ទៃ​ពោះ៖ ស្រីៗកំពុងពពោះ​ បើ​ចង់​សម្រក​ទម្ងន់ ​មិន​ត្រូវប្រើថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចី​នេះ​ទេ ​រហូត​ទាល់​តែសម្រាលរួច និង​លែង​បំបៅ​​ដោះកូន ដោយសារ​តែ​ការ​ប្រើថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចីអំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ អាច​បណ្តាល​ឲ្យ​កង្វះ​ជាតិ​អាស៊ីដ​ហ្វូលីក លើ​ទារក​ក្នុង​ផ្ទៃ​បាន។

– មាន​ច្រើនទម្រង់​​ប្រើ​ប្រាស់ខុសៗគ្នា៖ គ្នា​យើង​មិន​ត្រូវ​ប្រើថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចី​ ដូច​ផឹកតែ ឬ​ភេសជ្ជៈ​ផ្សេងនោះ​ទេ ដោយ​សារ​​មានច្រើន​ទម្រង់ អាច​​​ជា​ម្សៅ​ដ ជា​ថ្នាំ​បន្ទះ ថ្នាំ​គ្រាប់ ឬ​ថ្នាំ​មាន​សំបក។ ដើម្បីទទួល​បាន​ផល​វិជ្ជ​មាន ​គួរ​តែ​ប្រើ​​កន្លះ​ម៉ោង ​មុន​ពេល​ញ៉ាំអាហារ។

– មាន​អន្តរកម្ម​​ថ្នាំ៖ ថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចី​ អាច​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ​ផ្សេង​ទៀត ដូច្នេះ​បើកំពុង​ប្រើ​ថ្នាំ​ផ្សេង​ ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេលប្រើ​វា ដើម្បី​ចៀស​ផុត​ពី​ប្រតិកម្មថ្នាំ។ ជំងឺ​មួយ​ចំនួន​ ក៏​អាច​មាន​ប្រតិកម្ម​ជាមួយ​នឹងថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចី​​ដែរ ​មាន​ដូច​ជា​ ជំងឺ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ លើស​ឈាន ជំងឺ​លើស​ជាតិ​កូលេស្តេរ៉ូឡ ​ជំងឺបាក់​ទឹក​ចិត្ត​ជំងឺ​ថប់​បារម្ភ ជំងឺ​រលាក​ពោះ​វៀន​ធំ ជំងឺ​ទឹក​ដក់​បាត​ភ្នែក ជំងឺ​ពុក​ឆ្អឹង បញ្ហា​ហូរ​ឈាម ​មាន​កម្រិត Homocysteine ខ្ពស់ ជំងឺបេះ​ដូង និង​ជំងឺ​ទឹក​នោម​ផ្អែម។

– ផល​រំខាន៖ បើ​រាង​កាយ​យើង​​ងាយ​នឹង​ប្រតិកម្ម​ថ្នាំ​បំប៉ន​គ្រាប់​កាហ្វេខ្ចី​ យើង​​នឹង​មាន​អាការៈ​ ដូច​ជា ​ឈឺ​ក្បាល ចង្អោរ ភ័យ​ព្រួយ សន្លប់ និង​ក្អួត។ ត្រូវ​ប្រាកដ​ថា កម្រិត​​ថ្នាំបាន​ប្រើ គឺ​ត្រឹម​ត្រូវ និង​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម​ៗ ​បើសម្គាល់​ឃើញ​ថា​ មាន​សញ្ញា​ផលរំខាន​ណា​មួយ​កើត​ឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

14 Pros and Cons of Green Coffee Bean Extract Use. https://homeremedyshop.com/14-pros-and-cons-of-green-coffee-bean-extract-use/. Accessed June 9, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 25/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត