វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានឲ្យដឹងថា ធាតុពិតនៅពេលយើងមានវ័យកាន់តែចាស់ទៅ ទើបបាត់បង់ខូឡាជែននេះបន្តិចម្ដងៗ ហើយស្បែកក៏ប្រែទៅជាយារ ជ្រីវជ្រួញ គ្មានសំណើម និង ហាប់ណែនដូចមុន។ តែបើការប្រព្រឹត្តប្រចាំថ្ងៃមួយចំនួនខុសហើយនោះ បានធ្វើឲ្យខូឡាជែននៅស្បែកបាត់បង់ បើទោះជានៅវ័យក្មេងក៏ដោយ។
លោកបានបន្ថែមទៀតថា ដូចនេះដើម្បីកុំឲ្យស្បែកឆាប់បាត់បង់ខូឡាជែន ត្រូវចៀសវាងពីការប្រព្រឹត្តដូចខាងក្រោម មិនដូច្នេះទេប្រៀបដូចបំផ្លាញខូឡាជែន និងធ្វើឲ្យស្បែកលែងស្រស់ស្អាតទៀតហើយ។
– ជក់បារី បង្កើតឱកាសឲ្យពពួករាល់ឌីកាល់សេរី ហើយធ្វើឲ្យស្បែកស្រអាប់។ ជក់បារីបំផ្លាញសារជាតិបំប៉នរួមទាំងវីតាមីន C ដែលជាវីតាមីនធ្វើការជួសជុល និងការពារស្បែក ចំណែកសារជាតិម៉ូណូស៊ីតធ្វើឲ្យរាំងស្ទះលំហូរឈាម។
– ញ៉ាំចំណីអាហារមានជាតិស្ករខ្ពស់ ព្រោះជាតិស្ករបណ្ដាលឲ្យស្បែកឆាប់ចាស់ ហើយងាយនឹងទទួលរងការរលាកផងដែរ។ នៅខាងក្នុងសារពាង្គកាយស្ករចាប់ផ្តើមផលិតម៉ូលេគុលដែលវាយប្រហារលើស្រទាប់កូឡាជែន និងអេឡាស្ទីន (elastin) ដែលទទួលខុសត្រូវទៅលើការធ្វើឲ្យស្បែកមានសភាពស្រស់ស្អាត និងរលោង។

– ភាពតានតឹង ក្នុងអារម្មណ៍ក៏អាចជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូល រួមទាំងសុខភាពស្បែកផងដែរ។ នៅពេលស្ត្រេសយើងងាយនឹងកើតមុន ស្នាមដក់ខ្មៅក្រោមភ្នែក ព្រមទាំងបញ្ហាស្បែកស្រអាប់។ ដូច្នេះប្រសិនបើចង់បានស្បែកល្អ ត្រូវព្យាយាមគ្រប់គ្រងភាពស្ត្រេស។
– កុំចេះតែលាបផលិតផលផ្ដេសផ្ដាស ត្រូវដឹងពីប្រភេទស្បែកយើងត្រូវនឹងផលិតផលមួយណា ហើយកុំចេះតែជឿលើការឃោសនា ព្រោះគ្មានផលិតផលតែមួយមុខណា ព្យាបាលស្បែកបាន ១០ មុខឡើយ។