វ៉ាក់សាំង COVID-19 បង្កើតដោយក្រុមហ៊ុន Sinovac ប្រទេសចិនបានក្លាយជាវ៉ាក់សាំងទី៣ដែលបានចាប់ផ្ដើមការតេស្ដដំណាក់កាលចុងក្រោយ និងត្រូវតេស្ដទៅលើមនុស្សចំនួនច្រើនមុននឹងទទួលបានការអនុម័តឲ្យផលិតសម្រាប់ការប្រើប្រាស់។
វ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុន Sinovac នេះមានឈ្មោះថា Coronavac បានចាប់ផ្ដើមការតេស្ដសាកល្បងដំណាក់កាលទី៣ហើយកាលពីថ្ងៃទី២១ ខែកក្កដា នៅប្រទេសប្រេស៊ីល។ បុគ្គលិកផ្នែកសុខាភិបាលប្រហែល៩ ០០០នាក់នៅរដ្ឋចំនួន៦ក្នុងប្រទេសប្រេស៊ីលនឹងទទួលបានវ៉ាក់សាំងនេះពីរដងក្នុងពេលបីខែបន្ទាប់អំឡុងពេលតេស្ដសាកល្បង។ គេរំពឹងថាលទ្ធផលបឋមនឹងចេញក្នុងរយៈពេល៩០ថ្ងៃ។
ក្រុមហ៊ុន Sinovac សហការជាមួយនឹងវិទ្យាស្ថាន Butantan ប្រទេសប្រេស៊ីលទៅលើការសាកល្បងនេះ។ ប្រសិនជាវ៉ាក់សាំងមានសុវត្ថិភាព និងមានប្រសិទ្ធភាព វិទ្យាស្ថាននឹងផលិតវ៉ាក់សាំងចំនួន១២០លានដូស។ ក្រៅពីក្រុមហ៊ុន Sinovac ប្រទេសប្រេស៊ីលក៏កំពុងធ្វើតេស្ដសាកល្បងដំណាក់កាលទី៣នៃវ៉ាក់សាំង COVID-19 ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford ដែរក្រោមកិច្ចព្រមព្រៀងដូចគ្នាថាប្រសិនជាទទួលបានជោគជ័យនឹងផលិតវ៉ាក់សាំងនោះ។