ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០ នេះថា បានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ១ ករណីទៀតប៉ុណ្ណោះ ដែលជាអ្នកធ្វើដំណើរមកពីប្រទេសរុស្សី ហើយក៏មានអ្នកជាសះស្បើយថែម ២ នាក់ទៀតដែរ។
អ្នកឆ្លងថ្មីគឺជាបុរសជនជាតិខ្មែរ អាយុ ២៨ ឆ្នាំ មានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំ កណ្ដែត ស្រុកប្រាសាទបាគង ខេត្តសៀមរាបដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) មកដល់កម្ពុជានាថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១២:៥៥ នាទីរសៀល។ ចំណែកអ្នកជាសះស្បើយវិញ ក៏ជាបុរសទាំងពីរនាក់ រស់នៅខេត្តព្រះសីហនុ និងជាអ្នកដំណើរទើបវិលមកពីប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីតេស្តអវិជ្ជមាន ២ ដង។