មួយថ្ងៃៗ យើងផឹកទឹក យ៉ាងតិចក៏ ១ លីត្រដែរ ដើម្បីបំបាត់ការស្រេកទឹក ក៏ដូចជាបំពេញជាតិទឹកនៅក្នុងរាងកាយ។ ការសិក្សាមួយ រកឃើញថា ផឹកទឹកមានជាតិរ៉ែ ជួយការពារជំងឺលើសឈាម។ តើរាល់ថ្ងៃ យើងផឹកទឹកមានជាតិរ៉ែដែរទេ?
ការសិក្សាធ្វើឡើងលើមនុស្សមួយចំនួនរស់នៅតំបន់ឆ្នេរនៃប្រទេសបង់ក្លាដេស ដោយទីនោះ មានប្រជាជនរស់នៅជាងរាប់លាននាក់ផឹកទឹកយកមកពីក្នុងដី។ ទឹកក្នុងដីនៅទីនោះ មានទឹកសមុទ្រហូរចូល បណ្ដាលឲ្យទឹកមានកម្រិតជាតិរ៉ែខ្ពស់។
អ្នកស្រាវជ្រាវធ្វើការវិភាគលើសារធាតុអំបិលនៅក្នុងទឹកផឹក និងរកឃើញលទ្ធផលខុសគ្នាចំនួន២។ ទីមួយ អ្នកផឹកទឹកមានជាតិអំបិលមធ្យម ហើយមានកម្រិតកាល់ស្យូម និងម៉ាញ៉េស្យូមខ្ពស់នៅក្នុងទឹកនោមរបស់ពួកគេ ជួយធ្វើឲ្យសម្ពាធឈាមទាប។ ចំណែកទី២ អ្នកផឹកទឹកមានជាតិអំបិលមធ្យម ហើយមានជាតិសូដ្យូមខ្ពស់នៅក្នុងទឹកនោម ប្រឈមនឹងសម្ពាធឈាមខ្ពស់ ឬលើសឈាមទៅវិញ។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវក៏បានលើកឡើងពីការសិក្សាមួយចំនួនពីមុន មានលទ្ធផលស្រដៀងនេះដែរ គឺការផឹកទឹកសម្បូរជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ជួយកាត់បន្ថយការស្លាប់ដោយជំងឺសរសៃឈាមបេះដូង។