ចិន និងឥណ្ឌា សុទ្ធតែជាប្រទេសមានប្រជាជនច្រើនជាងគេ នៅអាស៊ី និងពិភពលោក គឺដល់ជាង ១ ប៊ីលាននាក់។ ប៉ុន្ដែរដ្ឋធានីប្រទេសទាំងពីរ ពោរពេញដោយខ្យល់ពុល ដែលអាចធ្វើឲ្យមុខងារសួតរបស់អ្នកដំណើរ ធ្លាក់ចុះ និងពិបាកដកដង្ហើម បើទៅលេងទីនោះត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យឱសថសាស្ត្រ ក្រុង New York របស់អាមេរិក សិក្សាលើយុវជន ៣៤ នាក់ អាយុពី ១៨-២៩ឆ្នាំ ដោយឲ្យពួកគេធ្វើដំណើរពីក្រុង New York ទៅកាន់ទីក្រុងផ្សេងទៀតនៅបរទេស។ យុវជនទាំងនេះ សុទ្ធតែមានសុខភាពល្អ ក្រោយការពិនិត្យលើមុខងារសួត និងបេះដូងរបស់ពួកគេ។
អ្នកស្រាវជ្រាវរកឃើញថា យុវជនដែលធ្វើដំណើរទៅកាន់ទីក្រុងសម្បូរខ្យល់ពុល ដូចជា ទីក្រុងប៉េកាំង សៀងហៃ និងស៊ីអាន របស់ចិន ញូវដែលី និងអាម៉េដាបាដ របស់ឥណ្ឌា រ៉ាវ៉ាល់ពីនឌី របស់ប៉ាគីស្ថាន និងមីឡាន របស់អ៊ីតាលី ជួបបញ្ហាមុខងារសួតធ្លាក់ចុះជាមធ្យម ៦% និងខ្ពស់បំផុត ២០%។ ពួកគេក៏មានការលេចឡើងរោគសញ្ញាផ្លូវដង្ហើម ដូចជា ក្អក និងពិបាកដកដង្ហើមផងដែរ។