ទីក្រុង​ដ៏ធំ​មួយ របស់​ឥណ្ឌា អស់​ទឹក​រលីង ឯ​មន្ត្រី​ថា មាន​តែ​ភ្លៀង ទើប​​ជួយ​បាន

    ទីក្រុង​ដ៏ធំ​មួយ របស់​ឥណ្ឌា អស់​ទឹក​រលីង ឯ​មន្ត្រី​ថា មាន​តែ​ភ្លៀង ទើប​​ជួយ​បាន

    ទឹក ជា​សារធាតុ​ចាំបាច់ សម្រាប់​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​យើង​ដូចជា ផឹក ដាំស្លរ ងូត បោកគក់ ជាដើម។ បើពុំមាន​ទឹក​សម្រាប់​ប្រើទេ ជាពិសេស​សម្រាប់​ផឹក នោះ​វានឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស ដូចជា ខ្សោះជាតិ​ទឹក អស់​កម្លាំង ឈាន​ដល់​ស្លាប់​ក៏មាន​ដែរ។ ពេល​នេះ ទីក្រុង​ធំ​លំដាប់​ទី៦ របស់​ឥណ្ឌា កំពុង​ជួប​បញ្ហា​នេះ ខណៈ​មន្ត្រី​ថា មាន​តែ​ភ្លៀង​ ទើប​អាច​ជួយ​សង្គ្រោះ​ប្រជាជន​បាន។

    Chennai ទីក្រុង​ធំ​លំដាប់​ទី៦ នៅ​ភាគខាងត្បូង ប្រទេស​ឥណ្ឌា កំពុង​ជួប​វិបត្តិ គ្មាន​ទឹក​ប្រើប្រាស់ បន្ទាប់​អណ្ដូង​ស្ដុក​ទឹក​ចំនួន ៤ បាន​រីកទឹក​អស់​។ ចំណែក​ប្រជាជន ត្រូវ​តម្រង់​ជួរ ឈរ​រងចាំ​រាប់​ម៉ោង ដើម្បី​យក​ទឹក​ពី​ឡាន​ដឹក​ទឹក​របស់​រដ្ឋាភិបាល។

    មន្ត្រី​ឥណ្ឌា ប្រាប់​កាសែត BBC ថា “មានតែ​ភ្លៀង​ប៉ុណ្ណោះ អាច​ជួយ​ទីក្រុង Chennai ចេញពី​ស្ថានភាព​ដាច់ទឹក“។

    ជាមួយ​គ្នានេះ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាច្រើន បាន​បិទ​ទ្វារ​ជាបណ្ដោះ​អាសន្ន ខណៈ​ក្រុមហ៊ុន​ជាច្រើន ស្នើ​ឲ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ មិន​ចាំបាច់​ទៅ​ការិយាល័យ​នោះទេ ដើម្បី​សន្សំ​ទឹក។ លោក Vinoth Kaligai អគ្គលេខាធិការ​សមាគម​អ្នក IT បញ្ជាក់​ថា ក្រុមហ៊ុន​ជាច្រើន ប្រាប់​ឲ្យ​បុគ្គលិក​ស្នាក់នៅ​ផ្ទះ “ប៉ុន្ដែ​នៅ​ផ្ទះ ក៏គ្មាន​ទឹក​ដែរ អ៊ីចឹង តើយើង​អាច​ធ្វើ​អ្វីកើត?”។

    អត្ថបទពាក់ព័ន្ធ៖ ជួបគ្រោះធំ! ក្តៅ​ដល់ ៥០​អង្សា ហើយ​ដាច់ទឹកប្រើទៀត នៅ​ឥណ្ឌា

    ក៏មាន​ដែរ ការ​ផ្ទុះ​អំពើ​ហិង្សា​ដណ្ដើម​ទឹក​គ្នា គឺ​កាលពី​សប្ដាហ៍​មុន ប៉ូលិ​សចាប់​ខ្លួន​បុរស​ម្នាក់ ដែល​បាន​ចាក់​អ្នកជិត​ខាង ដោយសារ​តែ​ការ​ដណ្ដើម​ទឹក​យក​ទៅ​ប្រើប្រាស់។

    ពាក់ព័ន្ធ​នឹង​វិបត្តិ គ្មាន​ទឹកប្រើ​នេះ មន្រ្តី​ឥណ្ឌា លើកឡើង​ថា “ការ​បំផ្លាញ ទើបតែ​ចាប់​ផ្ដើម​ទេ ប្រសិនបើ​ភ្លៀង​ខកខាន​ទៀត​នៅ​ឆ្នាំ​នេះ យើង​នឹង​ស្លាប់​ទាំង​អស់​គ្នា“។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 19/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត