យល់​​​ម៉េច​គ្នា​យើង ​នៅស្រុកថៃឥឡូវ ជក់បារីនៅផ្ទះក៏ជាបទល្មើសដែរ

    យល់​​​ម៉េច​គ្នា​យើង ​នៅស្រុកថៃឥឡូវ ជក់បារីនៅផ្ទះក៏ជាបទល្មើសដែរ

    និយាយ​រឿងជក់​បារី វាមិនត្រឹម​ប៉ះពាល់​ដោយផ្ទាល់​លើ​សុខភាព​របស់​អ្នកជក់​នោះទេ ​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​នៅ​ជិត ដូចជា​សមាជិក​គ្រួសារ ឬ​ពួកម៉ាក​ផងដែរ។ ដូច្នេះ ថៃ​បាន​អនុម័ត​ច្បាប់​មួយ មិនអនុញ្ញាត​ឲ្យ​ប្រជាជន ជក់បារី​នៅ​តាម​ផ្ទះទេ ដោយ​ច្បាប់នេះ នឹង​ចូលជា​ធរមាន នៅ​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៩។

    ច្បាប់​ស្ដីពី​ការលើកកម្ពស់​ការ​ការពារ និង​ការអភិវឌ្ឍ​គ្រួសារ ចែង​ថា ការ​ជក់បារី​នៅ​ផ្ទះ អាច​ប៉ះពាល់​ដល់​សុខភាព ដូច្នេះ វាជា​ទម្រង់​មួយ​នៃ​ហិង្សា​លើ​អ្នកផ្សេងទៀត ដែល​រស់នៅ​ក្រោម​ដំបូល​តែ​មួយ។ ច្បាប់នេះ ត្រូវ​អនុម័ត ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គ្រប់ទម្រង់​ទាំង​អស់។

    លោក Lertpanya Booranabundit ប្រធាន​នាយកដ្ឋាន​កិច្ចការនារី និង​ការអភិវឌ្ឍ​គ្រួសារ របស់​ថៃ បញ្ជាក់​ថា “ប្រសិនបើ​វាអាច​បញ្ជាក់​ថា បញ្ហា​សុខភាព​សមាជិក​គ្រួសារ​កើតចេញ​ពី​ការស្រូប ឬ​ប៉ះពាល់​ផ្សែង​បារី នៅ​តាម​ផ្ទះ នោះ​យើង​អាច​យក​បញ្ហា​នេះ ទៅ​តុលាការ​ចំនួន​ពីរ គឺ​តុលាការ​ព្រហ្មទណ្ឌ សម្រាប់​អំពើហិង្សា​ក្នុង​គ្រួសារ តាមរយៈ​ការ​បំភាយ​ផ្សែងបារី និង​មួយទៀត តុលាការ​កណ្ដាល​សម្រាប់​ករណី​អនីតិជន និង​គ្រួសារ“។

    លោក​វេជ្ជបណ្ឌិត Ronnachai Kongsakon ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ការស្រាវជ្រាវ​ថ្នាំជក់ នៃ​សាកលវិទ្យាល័យ Mahidol បញ្ជាក់​ថា មជ្ឈមណ្ឌល​របស់​លោក រកឃើញ​ថា នៅតាមគេហដ្ឋាន​ចំនួន ៥​លាន មាន​អ្នកជក់​បារី ហើយ​មាន​មនុស្ស​ប្រមាណ ១០​នាក់​នាក់ ស្រូប និង​ប៉ះពាល់​ផ្សែងបារី​នៅ​តាម​គេហដ្ឋាន។

    អត្ថបទពាក់ព័ន្ធ៖

    តាមរយៈ​ច្បាប់​ថ្មី​នេះ ពលរដ្ឋ​ថៃ អាច​រាយការណ៍​ទៅកាន់​អាជ្ញាធរ ប្រសិនបើ​ពួកគេ​ឃើញ​កុមារ ស្រូប ឬប៉ះពាល​ផ្សែង​បារី ដោយ​ច្បាប់​ស្ដីពី​ការលើកកម្ពស់​ការ​ការពារ និង​ការអភិវឌ្ឍ​គ្រួសារ នឹង​ចាត់ទុក​ការជក់បារី​នៅតាម​ផ្ទះ ជា​ការ​បង្កើត​អំពើហិង្សា​ដោយ​ការ​បំពុល​សុខភាព

    គួរបញ្ជាក់​ថា ប្រទេស​ថៃ ដាក់​គោលដៅ​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ យ៉ាងតិច​ឲ្យ​បាន ៣០% នៅ​ឆ្នាំ​២០២៥ ខណៈ​ប្រជាជន​ថៃ ៤០​ម៉ឺន​នាក់ សម្លាប់​ដោយសារ​ជំងឺ​បណ្ដាល​មក​ពីផ្សេង​បារី ជារៀងរាល់​ឆ្នាំ។

    ងាក​មក​​មើល​សេចក្ដី​សម្រេច​របស់ ក្រសួង​សុខាភិបាល​កម្ពុជា​យើង ក៏​ទើប​តែ​ចេញ​សេចក្ដី​សម្រេច​ផាក​ពិន័យ​ដល់​ អ្នក​ជក់បារី​ទាំង​ឡាយ​ដែល​ជក់​តាម​ទីសាធារណៈ​ថា នឹង​ពិន័យ​ដូច​គ្នា ចាប់​ពី​ខែធ្នូ ២០១៩​តទៅ ប៉ុន្តែ​ការ​កំណត់​ថា ពិន័យ​ប៉ុន្មាន អត់​ទាន់​សម្រេច​នៅ​ឡើយ​ទេ។

     

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 24/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត