Bill Gates វិនិយោគលើការថែទាំសុខភាពតាមអនឡាញ នៅឥណ្ឌូណេស៊ី រាប់សិបលានដុល្លារ

    Bill Gates វិនិយោគលើការថែទាំសុខភាពតាមអនឡាញ នៅឥណ្ឌូណេស៊ី រាប់សិបលានដុល្លារ

    ដោយសារ​វិទ្យាសាស្ត្របច្ចេកវិទ្យា កាន់តែ​រីកចម្រើន វាបាន​ក្លាយ​កត្តាកំណត់​ការ​វិវត្ត​នៃ​វិស័យ​ផ្សេងៗ​ទៀត ជាក់ស្ដែង មហាសេដ្ឋីអាមេរិក Bill Gates បាន​វិនិយោគ​ហ៊ុន ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​របស់​ឥណ្ឌូណេស៊ី Halodoc ដើម្បី​កែប្រែ​របត់ថ្មី​នៃ​វិស័យ​សុខាភិបាល​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ តាមរយៈ​ការថែទាំ​សុខភាព​តាមអនឡាញ។

    Bill Gates Foundation រួមជាមួយ​ក្រុមហ៊ុន ២​ទៀត គឺ Prudential Plc និង Allianz SE បាន​បន្ថែម​ទុន ៦៥​លាន​ដុល្លារ ចូល​ទៅក្នុង​ការពង្រីក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Halodoc របស់​ឥណ្ឌូណេស៊ី ដែល​បាន​បង្កើត​នៅ​ឆ្នាំ​២០១៦។ ក្រុមហ៊ុន Halodoc ជា​ក្រុមហ៊ុន​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​រាប់សិប ដែល​ចាប់ផ្តើម​បង្កើត​កម្មវិធី (App) នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

    បច្ចុប្បន្ន មនុស្ស​ប្រមាណ ៤០​លាន​នាក់ ប្រើកម្មវិធី ឬ​គេហទំព័រ Halodoc ទំនាក់ទំនង​ជាមួយ​វេជ្ជបណ្ឌិត ២២.០០០​នាក់ នៅ​ឥណ្ឌូណេស៊ី ដើម្បី​ពិគ្រោះយោបល់​តាម​អនឡាញ។ ក្រោយ​ធ្វើរោគវិនិច្ឆ័យ អ្នកជំងឺអាច​ទិញថ្នាំ​តាមរយៈ App ពី​ឱសថសាស្ត្រ​ណាមួយ ក្នុង​ចំណោម​ឱសថសាស្ត្រ​ជាង ១.០០០​ទីតាំង ហើយ​អាច​ទទួល​ថ្នាំ​បាន​យ៉ាងលឿន បញ្ជូន​តាមរយៈ​ម៉ូតូ។

    ជាងនេះទៅទៀត ក្រុមហ៊ុន មាន​ការ​ពិនិត្យឈាម និងទឹកនោម ដោយ​អ្នកជំងឺ ត្រូវ​ទៅ​ជួប​ជាមួយ​ក្រុមគ្រូពេទ្យ ហើយ​លទ្ធផល នឹង​ត្រូវ​បញ្ជូន​ទៅឲ្យ​អ្នកជំងឺ តាមរយៈ App។ អ្នកជំងឺ ក៏អាច​ប្រើប្រាស់​គេហទំព័រ ដើម្បី​ណាត់ជួប​គ្រូពេទ្យ​ដោយ​ផ្ទាល់ នៅ​តាមមន្ទីរពេទ្យ​ផងដែរ។

    លោក Jonathan Sudharta ប្រធាន​ក្រុមហ៊ុន Halodoc បញ្ជាក់​ថា លោក​មាន​គោលដៅ​ពង្រីក​អ្នកប្រើប្រាស់ឲ្យ​ដល់ ១០០​លាន​នាក់ ឬស្មើ ១/៣​នាក់ នៃប្រជាជន​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០២០។ ក្រុមហ៊ុន Halodoc មាន​ទំហំ​ទឹកប្រាក់ ប្រមាណ ៣៥០​លាន​ដុល្លារ ដោយ​ប្រភព​ចំណូល​ទទួល​បាន​ពី ការ​ពិគ្រោះយោបល់ ការ​លក់ថ្នាំ តេស្ដ​ឈាម ឬទឹកនោម និង​មន្ទីរពេទ្យ​បង្អែក។ សម្រាប់​ការពិគ្រោះយោបល់​តាមអនឡាញ​ម្ដង ក្រុមហ៊ុន​អាច​ទទួល​ថ្លៃសេវា​រហូត​ដល់ ១,៤​ដុល្លារ។

    ពាក់ព័ន្ធការ​ចូលហ៊ុន​ជាមួយ​ក្រុមហ៊ុន Halodoc លោក David Rossow ដៃគូ​មូលនិធិ​វិនិយោគ​យុទ្ធសាស្ត្រ​របស់ Bill Gates Foundation បញ្ជាក់​ថា “នរណាកំពុង​ដោះស្រាយ​បញ្ហា​ស្នូល​របស់​អ្នកជំងឺ នៅ​សតវត្ស​ទី២១ ជាពិសេសការថែទាំ​សុខភាព​ ហើយ​យើងគិតថា Halodoc មានសក្ដានុពល​ធំ ដើម្បី​ធ្វើ​រឿង​នេះ“។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 01/12/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត