ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចមិញបាននិយាយថាបុរស់ជនជាតិចិនអាយុ៦៦ឆ្នាំម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មីនេះ។ ប្រភពបន្តថាជនជាតិចិនខាងលើរស់នៅទីក្រុងវូហានប្រទេសចិន និងបានធ្វើដំណើរមកកាន់សិង្ហបុរីជាមួយក្រុមគ្រួសារកាលពីថ្ងៃទី២០ ខែមករា កន្លងមក ដោយបានហោះហើរពីGuangzhou ប្រទេសចិន។
ជាមួយគ្នានេះដែរ កាលពីម្សិលមិញប្រទេសជាប់របងកម្ពុជាឯនេះវិញ គឺវៀតណាម ក៏បានបញ្ជាក់ថាជនជាតិចិនពីររូបគឺម្នាក់មានអាយុ៦៦ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ ត្រូវបានអាជ្ញាធររកឃើញមានមានផ្ទុកវីរុសកូរ៉ូណាថ្មីនេះ។ អ្នកទាំងពីបានមកដល់ទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែមករា និងបានបន្តដំណើរដល់ទីក្រុងសៃហ្គន ជាទីដែលគេរកឃើញថាអ្នកទាំងពីរមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីនេះ។
គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃសុក្រនេះ អ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះមានចំនួន៨៣០ករណី និងចំនួនអ្នកស្លាប់កើនដល់២៥នាក់។ គិតមកដល់ពេលនេះប្រទេសដែលរកឃើញថាមានការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះមានចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី អាមេរិក ថៃ និងវៀតណាម។