៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង!

    ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង!

    វីរុស​ផ្លូវ​ដង្ហើម​ថ្មី ដែល​យើង​ស្គាល់​ថា ​វីរុសកូរ៉ូណាថ្មី ឬ 2019-nCov កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ដោយ​បាន​ឆ្លង​រាល​ដាល​លើ​មនុស្ស​រាប់​ម៉ឺន​នាក់ ក្នុង​ប្រទេស​ជា​ច្រើន រាប់​ទាំង​តំបន់​អាស៊ាន​ទៀត​ផង។

    ការ​ឆ្លង​រាល​ដាល​វីរុសកូរ៉ូណា​ថ្មី ដែល​មាន​រោគ​សញ្ញា​ដូច​ជា​ជំងឺ​រលាក​សួត​មួយ​នេះ បាន​ជំរុញ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក ធ្វើ​ការ​ប្រកាស​អាសន្ន ដោយ​សារ​វា​បាន​ឆក់​យក​ជីវិត​មនុស្ស ៥៦០​នាក់ រួច​មក​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ព្រសហ្បតិ៍ សប្តាហ៍​នេះ។

    ខាង​ក្រោម​នេះ គឺ​ចំណុច​សំខាន់ៗ​ទាំង ៦ ដែល​បង្ហាញ​ពី​ការ​ផ្ទុះ​ឡើង ការ​វិវត្ត និង​ស្ថានភាព​ជុំវិញ​ពិភពលោក ក្រោយ​ផ្ទុះ​ចេញ​វីរុសកូរ៉ូណា​ថ្មី​នេះ គ្នា​យើង​គួរ​ដឹង។

    ១- ចិន មាន​ករណី​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​លើ​លោក

    ពលរដ្ឋទូទាំង​ប្រទេស​ចិន ជាង ២​ម៉ឺន​នាក់ បាន​ឆ្លង​វីរុស​កូរូណា​ថ្មី ដោយ​ក្នុង​នោះ ខេត្ត​ហូប៉ី មាន​ការ​ឆ្លង​អាក្រក់​បំផុត។

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា អត្រា​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី នឹង​កើន​ឡើង​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​អាជ្ញាធរ​ចិន បាន​​ចេញ​វិធាន​ការ​បន្ទាន់​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​មេរោគ​មរណៈ​ថ្មី​នេះ។

    វិធាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុង​បណ្តា​ទីក្រុង​មួយ​ចំនួន​របស់​ខេត្ត ហូប៉ី ត្រូវ​គេ​អនុវត្ត ខណៈ​ពលរដ្ឋ​ទាំង​អស់ ត្រូវ​ស្នើ​ឲ្យ​ពាក់​ម៉ាស់​ការពារ ពេល​ចេញ​ទៅ​តាម​ទី​សាធារណៈ។

    រដ្ឋាភិបាល​ចិន ក៏​បាន​បិទ​ទ្វារ​ទី​អារាម ទីក្រុង​បុរាណ និង​តំបន់​មួយ​ចំនួន​របស់​មហាកំពែង ក្នុង​ចេតនា​ទប់​ស្កាត់​ការរីក​សាយ​ភាយ​វីរុស​កូរូ៉ណា​ថ្មី។

    ការ​រឹត​បន្តឹង​តាម​ទី​សាធារណៈ ចាប់​ផ្តើម​ឡើង​មួយ​សប្តាហ៍​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ចូល​មក​ដល់ ដែល​ជា​ពេល​ពលរដ្ឋ​ចិន​រាប់​រយ​លាន​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត ខណៈ​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ចិន ត្រូវ​គេ​ពន្យា​ ៣ថ្ងៃ​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃ​ទី២ ខែ​កុម្ភៈ ក្នុង​ចេតនា​ទប់​ស្កាត់​ការរីកសាយ​ភាយ​វីរុស។

    WHO កាល​ពី​សប្តាហ៍​មុន បាន​ប្រកាស​អាសន្ន​ជុំ​វិញ​ពិភពលោក ដែល​ការ​ប្រកាស​អាសន្ន​នេះ ត្រូវ​អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក លោក Tedros Adhanom Ghebreyesus អះអាង​ថា មិន​មែន​ដោយ​សារ​អ្វី​ដែល​កើត​ឡើង​ក្នុង​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​វា​បាន​កើត​ឡើង​ដូច​គ្នា ជុំ​វិញ​ពិភពលោក។ អ្វី​នាំ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក ព្រួយ​បារម្ភ​ខ្លាំង គឺ​ការ​ឆ្លង​រាល​ដាល​ក្នុង​បណ្តា​ប្រទេស​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​តែ​ម្តង។

    ទិន្ន័យ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មី

    ២- ខេត្ត​ហូប៉ី ផ្ទុះ​ការ​ឆ្លង​វីរុស​អាក្រក់​បំផុត

    ករណី​ឆ្លង​ជាង ១៦.០០០ ត្រូវ​អះអាង​កើត​ក្នុង​ខេត្ត​ហូប៉ី ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​វីរុស ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស ក្នុង​ខេត្ត​ហូប៉ី ក៏​ច្រើន​ជាង​តំបន់​ណាៗ​ទាំង​អស់​ជុំ​វិញ​ពិភព​លោក។

    ការ​រឹត​បន្តឹង​សេវា​សាធារណៈ​ផ្សេងៗ ក្នុង​ខេត្តហូប៉ី បាន​កំពុង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ពលរដ្ឋ​ប្រមាណ ២០លាន​នាក់ ក្នុង​ទីក្រុង​ទាំង ១០ របស់​ខេត្ត​មួយ​នេះ រាប់​បញ្ចូល​ទាំង​ទីក្រុងវូហាន ដែល​ជា​កន្លែង​ផ្ទុះ​វីរុស​ដំបូង​បង្អស់​ផង​ដែរ។

    ប្រភព​ដើម​របស់​វីរុស​កូរូណា​ថ្មី គឺ​ទាក់ទង​ទៅ​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ក្នុង​ទីផ្សារ​គ្រឿង​សមុទ្រ​របស់​ទីក្រុង​វូហាន ដែល​ត្រូវ​គេ​អះអាង​មាន​លក់​គ្រប់​ប្រភេទ​សត្វ​ព្រៃ និង​សត្វ​ហាម​ឃាត់ រាប់​បញ្ចូលទាំង ប្រចៀវ ពស់ ទន្សាយ និង​អំបូរ​សត្វកកេរ ដូច​ជា​កណ្តុរ និង​សត្វ Marmot ជាដើម។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ទីក្រុង​វូហាន រយៈ​ពេល ៦ ថ្ងៃ​ចុងក្រោយ​នេះ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​អាច​ចាកចេញ​ពី​ទី​ក្រុង​នោះ​ឡើយ ខណៈ​តាម​បណ្តា​​គ្រឹះស្ថាន​អប់រំ​ទូ​ទាំង​ខេត្ត​ហូប៉ី បាន​តាម​ដាន​សុខភាព​សិស្ស​យ៉ាង​ទៀង​ទាត់ រៀង​រាល់​ថ្ងៃ តាម​រយៈ​ការ​វាស់​សីតុណ្ហភាព​រាង​កាយ និង​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា។

    តម្រូវ​ការ​សេវា​សុខាភិបាល​ក្នុង​ទីក្រុង​វូហាន ក្រោយ​ផ្ទុះ​ឆ្លង​វីរុស​កូរូ៉ណា​ថ្មី នាំ​ឲ្យ​រដ្ឋាភិបាល​ចិន សាង​សង់​មន្ទីរ​ពេទ្យ​ថ្មី ២ផ្សេង​ទៀត ក្នុងរយៈ​ពេល​ត្រឹម​តែ ៨ថ្ងៃ ដែល​មាន​សមត្ថ​ភាព​ទទួល​អ្នក​ឆ្លង​មេរោគ​សម្រាក​ព្យាបាល​បាន​ ២៥០០​នាក់។

    ៣- បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​រកឃើញ​ករណី​ឆ្លង​វីរុស​កូរូណា​ថ្មី

    ហ្វលីពីន កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន បាន​អះអាង​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី ជា​បុរស​វ័យ ៤៤ឆ្នាំ និង​ត្រូវ​ចាត់​ទុក​ជា​ករណី​ស្លាប់​ទី១ ក្រៅ​ពី​ប្រទេស​ចិន រីឯ​ទីក្រុង​ហុង​កុង ទើប​អះអាង​ករណី​ស្លាប់​ដំបូង​កាល​ពី​ថ្ងៃ​អង្គារ។

    ក្រៅ​ពី​ប្រទេស​ហ្វីលីពីន បណ្តា​ប្រទេស​ជាង ២០​ផ្សេង​ទៀត ជុំវិញ​ពិភព​លោក សុទ្ធ​តែ​រក​ឃើញ​មាន​អ្នក​ផ្ទុក​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​នេះ ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​នោះ​ឡើយ ដូច​ជា​ជប៉ុន ថៃ អាមេរិក កាណា​ដា បារាំង អាល្លឺម៉ង់ អង់គ្លេស វៀតណាម អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី ញូវហ្សេឡែន ម៉ាឡេស៊ី នេប៉ាល់ ប៊ែល​ហ្សិក ឥណ្ឌា ស្រីលង្គការ រុស្ស៊ី កោះ​តៃ​វ៉ាន់ អ៊ីតាលី អេស្ប៉ាញ អារ៉ាប់រួម ហ្វាំងឡង់ ស៊ុយ​អែត និង​កម្ពុជា​ផងដែរ ដោយ​ករណី​ភាគ​ច្រើន អ្នក​ឆ្លង​វីរុស​កូរូ៉ណា​ថ្មី សុទ្ធ​តែ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន។

    ករណី​ឆ្លង​រាល​ដាល​ជុំ​វិញ​ពិភពលោក បង្ខំ​ឲ្យ​បណ្តា​ប្រទេស​ជាច្រើន សម្រេច​បិទ​ជើង​ហោះ​ហើរ​ជាមួយ​ប្រទេស​ចិន​ជា​បណ្តោះ​អាសន្ន ក្នុង​ចេតនា​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​វីរុស​បន្ត​ទៀត។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤- រោគ​សញ្ញា និង​បញ្ហា​ផ្លូវ​ដង្ហើម

    វីរុស​កូរូ៉ណាថ្មី ជា​ធម្មតា​បង្ក​ជា​រោគ​សញ្ញា​ផ្លូវ​ដង្ហើម ដូច​ជា ក្អក និង​ហៀរ​សំបោរ​ជា​ដើម។ ប៉ុន្តែ​ករណី​មួយ​ចំនួន វា​បញ្ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូច​ជា​រោគ​សញ្ញា​ជំងឺ​ SARS ដែរ។

    ការ​ផ្ទុះ​មេរោគ​ថ្មី​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​បណ្តោះ​អាសន្ន​ថា Novel coronavirus ឬ 2019-nCoV ដែល​ជា​មេរោគ​ថ្មី​មួយ មិន​ធ្លាប់​រក​ឃើញ​លើ​មនុស្ស​ពី​មុន​មក​ឡើយ ហើយ​វា​បញ្ចេញ​រោគ​សញ្ញា​ដំបូង​ជា​មួយ​អាការៈ​គ្រុន​ក្តៅ បន្ទាប់​មក មាន​ក្អក​ស្ងួត ហើយ​មួយ​សប្តាហ៍​ក្រោយ និង​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​តែ​ម្តង។ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន គឺ​អាច​ធ្វើ​ឲ្យ​រលាក​សួត មាន​បញ្ហា​ផ្លូវ​ដង្ហើម និង​តម្រង​នោម​ធ្ងន់​ធ្ងរ និង​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង។

    កាសែត​វេជ្ជសាស្ត្រ Lancet អំឡុង​ពេល​ផ្ទុះ​ករណី​ឆ្លង​ដំបូង ធ្លាប់​បាន​សរសេរ​ថា អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​វីរុស​ថ្មី​នេះ ភាគ​ច្រើន​ធ្លាប់​បញ្ហា​ផ្លូវ​ដង្ហើម សួត និង​តម្រង​នោម មុន​នឹង​ពួក​គេ​ឆ្លង​មេរោគ។

    បើ​ប្រៀប​ធៀប​ជាមួយ​ជំងឺ​ SARS កាល​ពី​ឆ្នាំ ២០០២-២០០៤ ចំនួន​ករណី​ឆ្លង​វីរុស​កូរូ៉ណា​ថ្មី គឺ​ខ្ពស់​ជាង​​ខ្លាំង​ក៏​ពិត​មែន អត្រា​ស្លាប់​បើ​គិត​ជា​ភាគ​រយ គឺ​នៅ​ទាប​ជា​ជំងឺ SARS ឆ្ងាយ​ណាស់ ខណៈ ៩ខែ បន្ទាប់​ពី​ជំងឺ​ SARSផ្ទុះ​ឡើង គឺ​ឆ្លង​សរុប ៨ ០៩៦នាក់ និង​ស្លាប់​ ៧៧៤​នាក់ ដែល​ការ​ប្រៀប​ធៀប​នេះ លោក Peter Piot សាស្ត្រចារ្យ​ផ្នែក​សុខមាល​ភាព​សកល និង​ជា​នាយក​ផ្នែក​អនាម័យ និង​វេជ្ជ​សាស្ត្រ​តំបន់​ត្រូពិក អះអាង​ថា ជា​ដំណឹង​ល្អ​ដែរ ដែល​អត្រា​ស្លាប់​ ស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ។

    គិត​មក​ទល់​នឹង​ពេល​នេះ ការ​ស្រាវជ្រាវ​ស្វែង​រក​ថ្នាំ​ប្រឆាំង​វីរុស​កូរូ៉ណាថ្មី នៅ​មិន​ទាន់​ទទួល​ជោគជ័យ​នៅ​ឡើយ​ទេ ខណៈ​អ្នក​ជំងឺ​ភាគ​ច្រើន ត្រូវ​ពេទ្យ​ធ្វើ​ការ​ព្យាបាល​ដោយ​ផ្អែក​លើ​រោគ​សញ្ញា។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ កំពុង​ឆ្ការ​ដៃ​ឆ្ការ​ជើង អភិវឌ្ឍវ៉ាក់​សាំង​ដើម្បី​ការ​ពារ​មេរោគ​នេះ ដោយ​ក្នុង​នោះ មន្ទីរ​ពិសោធន៍ ក្នុង​ទីក្រុង​កាលីហ្វ័រញ៉ាំ​ សហរដ្ឋ​អាមេរិក រំពឹង​នឹង​បញ្ចេញ​វ៉ាក់សាំង​ដំបូង ដើម្បី​សាក​ល្បង​លើ​រាង​កាយ​មនុស្ស អំឡុង​ខែ មិថុនា ឬខែ​កក្កដា ខាងមុខ។

    ៥- វិធី​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​វីរុស​កូរូណា​ថ្មី

    អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​មាន​ឆ្លង​វីរុស ត្រូវ​អនុវត្ត​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​មេរោគ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អនាម័យ​ដៃ អនាម័យ​ផ្លូវ​ដង្ហើម និង​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​អាហារ។

    ករណី​ញ៉ាំ​សាច់​ឆៅ ឬ​ផលិត​សាច់​សត្វ​ចម្អិន​មិន​ឆ្អិន​ល្អ គួរ​តែ​ត្រូវ​ចៀស​វាង។ រី​ឯ​អ្នក​សង្ស័យ​មាន​ឆ្លង​វី​រុស​កូរូ៉ណា​ថ្មី ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ ពិសេស​ពេល​ក្អក ឬ​កណ្តាស់ ត្រូវមានកន្សែង ឬ​ក្រដាស​អនាម័យ​ខ្ទប់​មាត់ និង​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ស្អាត។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៦- ករណី​សង្ស័យ​នរណា​ម្នាក់​មាន​ផ្ទុក​វីរុស​កូរូ៉ណា​ថ្មី ត្រូវ​អនុវត្ត​តាម​វិធី​ខាង​ក្រោម

    បើ​មាន​នរណ​ម្នាក់​ត្រូវ​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​កូរូ៉ណា​ថ្មី ត្រូវ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ដាច់​ដោយ​ឡែក​ពី​គេ។

    ចំពោះ​អ្នក​បម្រើ​ការ​ក្នុង​មន្ទីរ​ពេទ្យ ឬ​គ្លីនិក​ថែ​ទាំ​ជំងឺ អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​អនុវត្ត​វិធី​សាស្ត្រ​ការ​ពារ​ឆ្លង​មេរោគ​ឲ្យ​បាន​ខ្ពស់​ជាង​មុន ពិសេស​អ្នក​ធ្វើ​ការ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។

    អង្គការ​មួយ​នេះ ក៏​បាន​ណែនាំ គួរ​តែ​មាន​ការ​វាយ​តម្លៃ​លើ​អ្នកជំងឺ និង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​លឿន​បំផុត ទៅ​តាម​កម្រិត​ឆ្លង​មេរោគ ទាំង​ស្រាល មធ្យម និង​ធ្ងន់ធ្ងរ។

    ជាមួយ​គ្នា​នេះ អង្គការ​សុខភាពពិភពលោក ក៏​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រុម​គ្រូពេទ្យ​ទាំង​អស់ ស្លៀក​សំលៀក​បំពាក់​ការ​ពារ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​កំណត់​សកម្មភាព​អ្នក​ជំងឺ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​ឲ្យ​បាន​ល្អ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម