កុំ​ប្រហែស​ឲ្យ​សោះ ! បញ្ហា​​សុខភាព​ធម្មតា​ទាំង​នេះ តាម​ពិត​អាចជា​សញ្ញា​ជំងឺ​បេះដូង

    កុំ​ប្រហែស​ឲ្យ​សោះ ! បញ្ហា​​សុខភាព​ធម្មតា​ទាំង​នេះ តាម​ពិត​អាចជា​សញ្ញា​ជំងឺ​បេះដូង

    សុខភាព​ផ្លូវភេទ ស្រមុក ឬ​ឈាម​តាម​ជើង​ធ្មេញ ធម្មតា​យើង​គិត​ថា ជា​បញ្ហា​សុខភាព​តូច​តាច​ ហើយ​គ្នា​យើង​ភាគ​ច្រើន សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ ថែម​ទាំង​មិន​រវីរវល់​ថែម​ទៀត។ យ៉ាង​ណា អាការៈទាំងនេះ​ក៏​មិន​មែន​ជា​បញ្ហា​តូច​តាច​ដូច​យើង​គិត​ទេ ព្រោះ​ថាអាចជា​រោគ​សញ្ញា​ជំងឺ​បេះដូង ដែល​ជា​ឃាតក​លេខ ១ សម្លាប់​មនុស្ស​ច្រើន​បំផុត​លើ​លោក។ អត្ថបទ​ខាង​ក្រោម នឹង​បញ្ជាក់​ខ្លះៗ ពី​រោគ​សញ្ញា​សាមញ្ញា ប៉ុន្តែ​វា​កើត​ចេញ​ពី​បញ្ហា​បេះ​ដូង។

    នៅ​ពេល​​មុខងារ​សរសៃ​ឈាម​អាក់ទែ និង​បេះ​ដូង ចាប់​ផ្តើម​ចុះ​ខ្សោយ រោគ​សញ្ញា​បញ្ហា​សុខភាព​មួយ​ចំនួន នឹង​កើត​មាន​លើ​ផ្នែក​ផ្សេង​នៃ​រាង​កាយ ។ នេះ​ជាការ​អះអាង​ពីវេជ្ជ​បណ្ឌិត John Erwin អ្នក​ឯកទេស​សរសៃ​ឈាម​បេះដូង នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​សុខាភិបាល​រដ្ឋ​តិចសាស់ (Texas A&M Health Science Center)។ អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ វេជ្ជ​បណ្ឌិត John Erwin បាន​លើក​ឡើង​ពី​រោគសញ្ញា​សុខភាព​សាមញ្ញា ៦យ៉ាង អាច​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល ព្រោះ​ថាសុទ្ធ​សឹង​ជា​រោគ​សញ្ញា​ជំងឺ​បេះដូង ក៏​ជា​អ្វី​គ្នា​យើង​ត្រូវ​តែ​ដឹង។ ព្រោះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំង​នេះ អាច​ជួយ​យើង​គេច​ផុត​ពី​ការ​ស្លាប់ ជួយ​សុខភាព​ល្អ​ឡើង​វិញ​បាន ខណៈ​រោគ​សញ្ញា​ទាំង​នោះ​មាន៖

    ១- ខ្សោយ ឬ​ខូច​មុខ​ងារ​ផ្លូវ​ភេទ

    គ្នា​យើង​មួយ​ចំនួន​គិត​ថា បញ្ហា​ខ្សោយ​មុខ​ងារ​ផ្លូវ​ភេទ គឺ​ដោយ​សារ​បញ្ហា​សរីរាង្គ​បន្ត​ពូជ ឬ​មក​ពី​បញ្ហា​ខួរ​ក្បាល។ យ៉ាង​ណា ពិសេស​ប្រុសៗ​តែ​ម្តង បញ្ហា​សុខភាព​ផ្លូវ​ភេទ​មួយ​នេះ អាច​ជា​រោគ​សញ្ញា​ជំងឺ​សរសៃ​ឈាម​អាក់ទែ។

    ការ​ឡើង​ក្រាស់​ជញ្ជាំង​សរសៃ​ឈាម នឹង​ធ្វើ​ឲ្យ​លិង្គ​មិន​អាច​ឡើង​រឹង ឬ​រឹង​មិន​បាន​យូរ ខណៈ​ស្រីៗ​វិញ នឹង​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ជា​ធម្មតា​កើត​ឡើង​ក្រោយ​អស់​រដូវ។ លើស​ពី​នេះ ស្រីៗ​ឆាប់​អស់​រដូវ កាន់​តែ​ប្រឈម​វិវត្ត​ទៅ​រក​ជំងឺ​បេះដូង។

    ត្រូវ​ចាំ​ថា បញ្ហា​អស់​រដូវ​ដោយ​ធម្មតា មិន​អាចបង្ក​ជា​ជំងឺ​សរសៃ​ឈាម​បេះដូងក៏​ពិត​មែន ប៉ុន្តែ​វេជ្ជបណ្ឌិត Erwin លើក​ឡើង​ថា នៅ​ពេល​អស់​រដូវ ស្រីៗ​នៅ​តែ​ប្រឈម​ជំងឺ​បេះដូង ដោយ​សារ​ការ​​ប្រែ​ប្រួល​សម្ពាធ​ឈាម និងកំណើន​ជាតិ​ខ្លាញ់ នឹង​កើត​មាន​ជាមួយ​គ្នា។ ជាមួយ​គ្នា​នេះ ស្រីៗ​គ្នា​យើង ដែល​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ ក៏​មិន​គួរ​មើល​រំលង​បញ្ហា​សុខភាព​នេះ​ដែរ។

    ២- ស្រមុក ឬ​គេង​មិន​ដក​ដង្ហើម

    រឿង​តាន​តឹងអារម្មណ៍​បំផុត​ក្នុង​ជីវិត​យើង គឺ​ត្រូវ​ដេក​ជាមួយ​មនុស្ស​ស្រមុក។ ប៉ុន្តែ​ក្រៅ​ពី​រំខាន​អ្នក​ក្បែរ​ខ្លួន អាការៈ​ស្រមុក អាច​ជា​រោគ​សញ្ញា​ជាក់​លាក់​មួយ​របស់​ជំងឺ​បេះដូង ខណៈ​ស្រមុក ក៏​ជា​រោគ​សញ្ញា​ជំងឺ​គេង​មិន​ដក​ដង្ហើម ដែល​ធម្មតា​កើត​ឡើង​ពេល​ព្រឹក ពេល​យើង​មាន​អារម្មណ៍​ងងុយ​ខ្លាំង។

    វេជ្ជបណ្ឌិត Erwin និយាយ​ថា គេង​មិន​ដក​ដង្ហើម អំឡុង​ពេល​ណា​មួយ​ដែល​យើង​គេង គឺ​មាន​ទំនាក់​ទំនង​ជាមួយ​ការ​ប្រែប្រួល​បញ្ហា​សុខភាព ដែល​នាំ​ឲ្យ​កើត​ហានិភ័យ​កើត​ជំងឺបេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

    លោក​ថា បើ​យើង​បាន​ដឹង និង​ធ្វើ​ការ​ព្យាបាល​ជំងឺ​គេង​មិន​ដក​ដង្ហើម​បាន គឺ​អាច​កាត់​បន្ថយ​បញ្ហា​បេះដូង​ដូច​គ្នា។ ហេតុនេះ នៅ​ពេល​ណា​មួយ​យើង​ជួប​មិត្ត​ភ័ក្តិ ឬ​សមាជិក​គ្រួសារ មាន​បញ្ហា​ស្រមុក គួរ​ណែនាំ​ឲ្យ​ទៅ​ជួប​ពេទ្យ ល្អ​ជា​នៅ​ស្ងៀម និង​ត្អូញ​ត្អែរ​ដោយ​សារ​សំឡេង​ស្រមុក​ខ្លាំងៗ។

    ៣- ហូរឈាម ឈឺ ឬ​ហើម​អញ្ចាញ​ធ្មេញ

    មាន​គ្នា​យើង​តិច​ណាស់​គិត​ថា បញ្ហា​អញ្ចាញ​ធ្មេញ អាច​មាន​ទំនាក់​ទំនង​ជា​មួយ​ជំងឺ​បេះដូង។ យ៉ាង​ណា បញ្ហា​អញ្ចាញ​ធ្មេញ គ្មាន​ផាសុកភាព ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ (Periodontis) ដូច​គ្នា។ ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ ជា​ករណី​ធ្ងន់ធ្ងរ​មួយ អាច​នាំ​ឲ្យ​ខូត​អញ្ចាញ​ធ្មេញ និង​បំផ្លាញ​ឆ្អឹង​ថ្គាម​យើង​តែ​ម្តង។

    តាម​ការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត Erwin ជំងឺ​អញ្ចាញ​ធ្មេញ អាច​បង្ក​ជា​ការ​រលាក​គ្រប់​សរីរាង្គ​ក្នុង​រាង​កាយ ខណៈ​បញ្ហា​រលាក​ទាំង​នេះ ជា​កត្តា​ហានិភ័យ​ចម្បង​វិវត្ត​ទៅ​ជា​ជំងឺ​បេះដូង។

    ហេតុ​នេះ ជា​រឿង​ល្អ​បំផុត គ្នា​យើង​ទាំង​អស់ គួរ​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សុខភាព​មាត់​ធ្មេញ ហើយ​ត្រូវ​ដុស​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់។

    អត្ថបទពាក់ព័ន្ធ៖

    ៤- រួយ ឬ​ឈឺ នៅ​តំបន់ក និង​ស្មា

    អំឡុង​ពេល​ករណី​គាំង​បេះដូង​កើត​ឡើង មនុស្ស​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍ ដូច​មាន​ដំរី​កំពុង​អង្គុយ​លើ​ទ្រូង ខណៈ​មនុស្ស​ចំនួន មាន​អារម្មណ៍​ស្ពឹក​ដៃ។ យ៉ាង​ ក៏មិន​មែន​មនុស្ស​ទាំង​អស់ មាន​អារម្មណ៍​បែប​នេះ​អំឡុង​ពេល​គាំង​បេះដូង​ដែរ ព្រោះ​ផ្ទុយ​ពី​អាការៈ​ខាង​លើ អ្នក​មាន​ជំងឺ​គាំង​បេះដូង មួយ​ចំនួន មាន​អារម្មណ៍​មិន​ស្រួល ឬ​ឈឺ មាន​សម្ពាធ នៅ​តំបន់ក ថ្គាម និង​ស្មា ដោយ​អាការៈ​មិន​មាន​ផាសុក​ភាព​ទាំង​នេះ ជា​សញ្ញា​តែ​មួយ​គត់ នៃ​បញ្ហា​ឈឺ​បេះដូង និង​គាំងបេះដូង។

    ៥- ហើម​ជើង និង​ប្រអប់​ជើង

    ជើង និង​ប្រអប់​ជើង អាច​នឹង​ហើម​គ្រប់​ពេល អាស្រ័យ​លើ​ហេតុផល​សុខភាព​មួយ​ចំនួន រាប់​បញ្ចូល​ទាំង​ការ​ឡើង​កម្តៅ​នៅ​តំបន់​នៅ​ដូច​គ្នា។ យ៉ាង​ណា ហើម​ជើង និង​ប្រអប់​ជើង ក៏​ជា​រោគ​សញ្ញា​ជំងឺ​ខ្សោយ​បេះដូង ហើយ​កាន់​តែ​ច្បាស់​តែ​​ម្តង ក្នុង​ករណី គ្នា​យើង​មាន​បញ្ហា​ដក​ដង្ហើម​បាន​ខ្លីៗ ឬពិបាក​ដកដង្ហើម អំឡុង​ពេល​បញ្ចេញ​កម្លាំង និង​ពេល​កំពុង​ព្យាយាម​គេង។

    ពិត​ណាស់ បញ្ហា​ហើម​ជើង ពេល​មួយ​ថ្ងៃ​ដែល​កត្តា​ធម្មជាតិ អាច​នឹង​បាត់​ទៅ​វិញ​ក្រោយ​បាន​សម្រាក​នៅ​ពេល​យប់ ប៉ុន្តែ​បើ​គ្នា​យើង​មាន​បញ្ហា​នេះ​ទៀង​ទាត់ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង គួរ​ប្រញាប់​ទៅ​ជួយ​គ្រូពេទ្យ ពិនិត្យ​មើល ថា​តើ​វា​មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ​ខ្សោយ​បេះដូង​ដែរ​អត់។

    អត្ថបទពាក់ព័ន្ធ៖

    ៦- មាន​បញ្ហា​រំលាយ​អាហារ និង​ក្រហាយ​ទ្រូង

    ក្រហាយ​ទ្រូង និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ជា​បញ្ហា​សុខភាព​ទូទៅ កម្រ​ធ្ងន់ធ្ងរ​ណាស់ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ក្រហាយ​ទ្រូង និង​ឈឺ​ចុក​ចាប់​ផ្នែក​ខាង​លើ​ពោះ អាច​ជា​សញ្ញា​ជំងឺ​បេះដូង និង​គាំង​បេះដូង។ លើស​ពី​នេះ ឧស្សាហ៍​មាន​បញ្ហា​មិន​ស្រួល​ពោះ ខ្យល់​ក្នុង​ពោះ ពិសេស​អាការៈ​ត្អើក អាច​នឹង​កើត​មុន​គេ ដូច្នេះ​បើ​មាន​បញ្ហា​ក្រហាយ​ទ្រូង ពិបាក​រំលាយ​អាហារ ឬ​ត្អើក គួប​ផ្សំ​ជាមួយ អាការៈ​ចង្អោរ បែកញើស ដង្ហើម​ខ្លី ឬ​ឈឺក្បាល​តិចៗ គ្នា​យើង​គួរ​ប្រញាប់​ទៅ​ជួយ​ពេទ្យ​ជា​បន្ទាន់។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗធាត់ អាច​ពាក់ព័ន្ធ​នឹង​ជំងឺបេះដូង ចុះ​ធាត់​កន្លែង​ណា​ខ្លះ​ត្រូវ​ភ័យ?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សន សុភា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ ទូច សុខា