ផលប៉ះពាល់លើបេះដូង
ជំងឺលើសសម្ពាធឈាម ជាកត្តាដែលបង្កឲ្យមានកំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូងដែលអាចបណ្ដាលឲ្យមានជំងឺស្ទះសរសៃឈាមបេះដូង។ ជំងឺនេះធ្វើឲ្យសាច់ដុំបេះដូងឡើងក្រាស់ ដែលជាកត្តាមួយធ្វើឲ្យសាច់ដុំបេះដូងត្រូវការអុកស៊ីសែនលើសពីធម្មតា ដែលបណ្ដាលឲ្យមានជំងឺបេះដូងកាន់តែធ្ងន់ធ្ងរ។ អ្នកជំងឺនឹងបង្ហាញរោគសញ្ញាខ្លះៗដូចជា៖
– ឈឺទ្រូងចាក់ទៅ ក ឬដើមដៃឆ្វេង
– ហត់នៅពេលធ្វើការងារប្រចាំថ្ងៃ ឬក៏ហត់នៅពេលសម្រាក។
ផលប៉ះពាល់សរសៃឈាម
ជំងឺលើសសម្ពាធឈាមបង្កឲ្យមានខ្លាញ់កកនៅក្នុងសរសៃឈាម សរសៃឈាមរីកប៉ោងធំ បែកសរសៃឈាមធំ ស្ទះសរសៃឈាមនៅជើង ដែលបណ្ដាលឲ្យអ្នកជំងឺពិបាកដើរ ឬដើរមិនបានយូរ។
ផលប៉ះពាល់ប្រព័ន្ធប្រសាទ
ជំងឺលើសសម្ពាធឈាម អាចបង្កឲ្យមានជាជំងឺស្ទះសរសៃឈាមខួរក្បាល ឬបែកសរសៃឈាមនៅខួរក្បាល ដែលអ្នកជំងឺបង្ហាញរោគសញ្ញាមួយចំនួនដូចជា ទន់ដៃទន់ជើង ឬមួយចំហៀងខ្លួន និយាយមិនច្បាស់ ឈឺក្បាល និងបាត់បង់ស្មារតី។