មនុស្សជាច្រើនបានហៅអាណាបូលិច–អង់ដ្រូជេនិចស្តេរ៉យថាជាអាណាបូលិច។ ពួកវាគឺជាអ័រម៉ូនភេទប្រុស ដែលជួយកសាងបង្កើតសាច់ដុំឲ្យកាន់តែធំ។ ពួកវាតាមធម្មតាត្រូវបានប្រើប្រាស់សម្រាប់ភ្ញោចការផលិតនៃអ័រម៉ូន តេស្តូស្តេរ៉ូន នៅលើមនុស្ស។ ដូចគ្នានេះដែរ គ្រូពេទ្យនឹងអោយអ្នកប្រើថ្នាំនេះដើម្បីព្យាបាលជំងឺ មហារីក អេដស៍ ឬជំងឺផ្សេងទៀត។ ថ្នាំពេទ្យនេះត្រូវបានប្រើប្រាស់ដោយលេបតាមមាត់ ឬដោយចាក់បញ្ចូលទៅក្នុងសាច់ដុំ។
លើសពីនេះ ថ្នាំនេះអាចបង្កជាផលរំខានពេលប្រើផងដែរ ដូចជា ឡើងមុនខ្លាំង ឬចាល់សារធាតុទឹក និងនាំឲ្យបញ្ឈប់ការផលិតអ័រម៉ូន តេស្តូស្តេរ៉ូន នៅក្នុងរាងកាយ។ ចំពោះមនុស្សប្រុសថ្នាំនេះអាចធ្វើឲ្យពងស្វាសតូច ចំនួនមេជីវិតឈ្មោលទាប ដោះរីកធំ និងមិនអាចមានកូនបាន។ ចំពោះមនុស្សស្រីវិញ ផលរំខានអាចបណ្ដាលឲ្យទំពែកអស់សក់ដែលមានលំនាំដូចបុរស រដូវមិនទៀងទាត់ មានដុះរោមមុខ និងសំឡេងជ្រៅគ្រលរខ្លាំង។ ចំពោះមនុស្សវ័យជំទង់វិញ ថ្នាំនេះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹង និងកម្ពស់របស់ពួកគេបាន។
សំរាប់ការប្រើថ្នាំរយៈពេលយូរ អាចនឹងបណ្ដាលឲ្យប៉ះពាល់ថ្លើម បេះដូង និងតម្រងនោម ហើយជាពិសេសចំពោះអ្នកជំងឺដែលប្រើក្នុងកម្រិតខ្ពស់ អាចនាំឲ្យផ្លាស់ប្ដូរអារម្មណ៍ ខឹង និងឆេវឆាវ។
ប្រសិនបើអ្នកចង់ប្រើថ្នាំពពួកស្តេរ៉យ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងព័ត៌មានបន្ថែម។ គ្រូពេទ្យនឹងផ្ដល់ឱវាទខ្លះទៅអ្នក ដោយផ្អែកលើស្ថានភាពជំងឺរបស់អ្នកដើម្បីទទួលបានផលព្យាបាលប្រសើរបំផុត។ ទោះយ៉ាងនេះក្ដី ប្រសិនបើអ្នកប្រើថ្នាំនេះ មិនត្រូវបញ្ឈប់ប្រើថ្នាំភ្លាមៗទេ ព្រោះវានាំឲ្យអស់កម្លាំង រសាប់រសល់ ឬធ្លាក់ទឹកចិត្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕