មិន​​ពេញ​ចិត្ត​នឹង​ការងារ​?​ រឿង​ ​៥យ៉ាងនេះ​ ​អាច​​ប្តូរ​ចិត្ត​យើងបាន

    មិន​​ពេញ​ចិត្ត​នឹង​ការងារ​?​ រឿង​ ​៥យ៉ាងនេះ​ ​អាច​​ប្តូរ​ចិត្ត​យើងបាន

    ការ​ពេញ​ចិត្តនឹង​ការងារ​ដែល​យើង​កំពុង​ធ្វើ​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​យើង​រាល់​គ្នា។​ វា​ជួយ​ឲ្យ​យើង​បោះ​ជំហាន​កាន់​តែ​ជិត​​​ទៅ​នឹង​ភាព​ជោគជ័យ​ ​​​ដែល​យើង​កំពុង​តែ​បំពេញ​ និង​ឆ្ពោះ​ទៅ​រក​​មហិច្ឆតា​ខ្លួន​​ ក៏​ដូច​ជា​ផ្ដល់​នូវ​ស្ថេរ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​។

    លើស​ពី​នេះ​ ការ​ពេញ​ចិត្ត​នឹង​ការងារ​ អាច​ជួយ​បង្កើន​នូវ​សុខភាព​ផ្លូវ​ចិត្ត​យើង​ថែម​ទៀត​ផង​។ ផ្ទុយ​ទៅវិញ​ នៅ​ពេល​ដែល​យើង​​អង្គុយ​ធ្វើការ​ទាំង​មិន​ពេញ​ចិត្ត​ ​ចង់​លា​ឈប់​ជា​ញឹក​ញយ និង​មាន​​អារម្មណ៍​លែង​​ចង់​មក​ជាន់​កន្លែង​ធ្វើ​ការ​ទៀត​នោះ សុខភាព​ផ្លូវ​ចិត្ត​យើង​ក៏​កាន់​តែ​ទ្រុឌទ្រោម​ទៅតាម​នោះ​ដែរ​។

    ដូចនេះ​ ដើម្បី​ទទួល​បាន​​សន្តិភាព​ និង​ភាព​ពេញ​ចិត្ត​នូវ​​អ្វី​ដែល​​យើង​​កំពុង​ធ្វើ​ សាកល្បង​ធ្វើ​រឿង​ទាំង​៥នេះ​។

    .​បង្កើត​មិត្ត​ភក្តិ​នៅ​កន្លែង​ធ្វើការ

    ​​​​​​​​​​​​​​​​​​យើង​គួរ​មាន​មិត្ត​ភក្តិ​ពីរ​បី​នាក់​នៅ​កន្លែង​ធ្វើការ​ ដើម្បី​ជួយ​គាំទ្រ​ ក៏​ដូចជា​ចំណាយ​ពេល​ជាមួយ​គ្នា។ ការ​មាន​​មិត្ត​នៅ កន្លែង​ធ្វើ​ការ​​ អាច​ជះ​ឥទ្ធិពល​ដ៏​ធំធេង​ដល់​យើង​ក្នុង​ការ​បំពេញ​កិច្ច​ការ​ងារ​​។ ចូរ​ស្វែង​រក​មនុស្ស​ដែល​មាន​គោល​ដៅ​ និង​ការ​យល់​ដឹង​ពី​ការ​តស៊ូ​ព្យា​យាម​ចំពោះ​ការងារ​ដូច​គ្នា​។​ ធ្វើ​បែប​នេះ​ ដើម្បី​បង្កើត​​បរិយាកាស​វិជ្ជមាន​ និង​ធ្វើ​ឲ្យ​យើង​​រីករាយ​ជាមួយ​នឹង​ការងារ​របស់​​​ដោយ​មិន​ដឹង​ខ្លួន​។

    ពេញ​ចិត្ត​ការងារ​

    . ព្យាយាម​ស្វែង​​រក​​ចំណង់​ចំណូលចិត្ត​ថ្មី

    ​​​​ចំណង់​ចំណូល​ចិត្ត​ថ្មី​ៗ អាច​ជួយ​យើង​​ឲ្យ​មាន​ភាព​រីករាយ​ជាង​មុន​​ ​និង​​​​ជួយ​ជា​ប្រយោជន៍​ដល់​គោល​បំណង​ផ្សេងទៀត​របស់​យើង​​។​ ប្រសិន​បើ​យើង​​មិន​អាច​ស្វែង​រក​សុភមង្គល​នៅកន្លែង​ការងារ​ទេ ​យើង​គួរ​សាក​​ល្បង​ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​យើង​​តែង​តែ​ចង់​ធ្វើ​កន្លងមក​​ ដើម្បី​ឲ្យ​ជីវិត​ និង​សុខភាព​របស់​យើង​​កាន់​តែ​ស្រស់បំព្រង​ជាង​មុន។​

    . ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ឲ្យ​បាន​ត្រឹម​ត្រូវ

    គ្នា​យើង​​ប្រហែល​ជា​បាន​​ដឹង​ហើយ​​ថា អ្វី​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង​។ ការ​ញ៉ាំ​ត្រឹមត្រូវ​ជា​រៀង​រាល់​ថ្ងៃ​ ​នឹង​ធ្វើ​ឲ្យ​យើង​​មាន​សុខភាព​ល្អ សកម្ម​ និង​ពោរពេញ​​ដោយ​ថាមពល​នៅ​កន្លែង​ការងារ​។​

    . ជម្នះ​ទម្លាប់​បង្អូស​ពេល​​

    នៅ​ពេល​ដែល​​យើង​​ចង់​ធ្វើ​អ្វី​មួយ​ តើ​យើង​​បាន​ធ្វើ​វា​ភ្លាម​ៗ​ដែរ​ឬ​ទេ​?​ ឬ​ក៏​​យើង​​យក​​លេស​នេះ​លេស​នោះ ដើម្បី​ពន្យារពេល​ក្នុង​ការ​ធ្វើ​រឿង​ដែល​ខ្លួន​ចង់​ធ្វើ?​ ពិត​ណាស់​ ការ​ពន្យារពេល​ នឹង​ធ្វើ​ឲ្យ​ទឹក​ចិត្ត​យើង​​ថមថយ​ រួ​ច​ក៏​បោះ​បង់​ចោល​ដោយ​ឯកឯង​​។ ​កត្តា​នេះ​ ក៏​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​​ការងារ​​របស់​យើង​ដែរ។

    . កំណត់​គោលដៅ​​តូច​ៗ​ជា​រៀង​រាល់​ថ្ងៃ

    ការ​កំណត់​គោលដៅ​តូច​ៗ​ប្រចាំ​ថ្ងៃ​ ហើយ​ព្យាយាម​សម្រេច​នូវ​គោលដៅ​ទាំងនោះ​ នឹង​ធ្វើ​ឲ្យ​យើង​​ទទួល​បាន​​អារម្មណ៍ល្អ​​ ក៏​ដូចជា​​មាន​គោលបំណង​ឆ្ពោះ​ទៅ​មុខ​ នៅ​ថ្ងៃ​បន្ទាប់​។ បន្ថែម​ពី​នេះ​ យើង​​នឹង​បង្កើន​​ការ​គោរព​ខ្លួន​ឯង​ជាង​មុន​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthshots.com/mind/happiness-hacks/unhappy-at-work-here-are-5-things-that-might-improve-your-job-satisfaction/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 26/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត