តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចេះតិចនិក ៦យ៉ាងនេះ ជួយការពារជំងឺផ្ដាសាយ

    ចេះតិចនិក ៦យ៉ាងនេះ ជួយការពារជំងឺផ្ដាសាយ

    ​គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​​ពេល​កើត​ជំងឺ​ផ្ដាសាយ​ម្ដងៗ​ថា​ពិបាក​ក្នុង​ខ្លួន និង​រំខាន​ប៉ុនណា​នោះ​។ ជំងឺ​ផ្ដាសាយ​​ធម្មតា​បង្ក​ឡើង​ដោយ​វីរុស​ដែល​ឆ្លង​ចូល​ទៅ​ក្នុង​បំពង់​ក និង​ច្រមុះ​ និង​មាន​រោគ​សញ្ញា​ដូច​ជា​ហៀរ​សម្បោរ ឈឺ​ក ក្អក តឹង​ច្រមុះ ឈឺ​ខ្លួន​ប្រាណ និង​ឈឺ​ក្បាល​តិច​តួច កណ្ដាស់ ឬ​អាច​មាន​ក្ដៅ​ខ្លួន​បន្តិច​បន្តួច​ផង​ដែរ​ ដែល​អាការៈ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​អស់កម្លាំង​។​

    យ៉ាងណា ​ជំងឺ​ផ្ដាសាយ​មិន​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ គ្រាន់​តែ​ជំងឺ​មួយ​នេះ​អាច​ត្រូវ​ការ​ពេល​រហូត​ដល់​ពីរ​សប្ដាហ៍​ដើម្បី​ឲ្យ​អាការៈ​បាន​ធូរ​ស្បើយ​ឡើង​វិញ​។ ​បើ​ផ្ដាសាយ​ពិបាក​អ៊ីចឹង យើង​គួរ​ចេះ​វិធី​បង្ការ​ជាមុន​ទើប​ល្អ​។​

    ១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​

    ដៃ​មិន​ស្អាត ហើយ​យើង​យក​មក​ប៉ះ​នឹង​មុខ​មាត់​ច្រើន​ដង​ទៀត​នោះ ពិត​ជា​មាន​បញ្ហា​មិន​ខាន​។ ដៃ​មិន​ស្អាត មាន​ជាប់​វីរុស ឬ​បាក់តេរី​មិន​ល្អ នឹង​អាច​ឆ្លង​ចូល​ក្នុង​ប្រព័ន្ធ​រាង​កាយ​របស់​យើង​ជាក់​ជា​មិន​ខាន​។ ដូច​នេះ​ហើយ យើង​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ ដើម្បី​បង្ការ​បញ្ហា​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​ផ្ដាសាយ​។​

    ២. បន្ថែម​វីតាមីន​D

    ការសិក្សា​រក​ឃើញ​ថា អ្នក​ដែល​មិន​មាន​វីតាមីន​ D គ្រប់​គ្រាន់​អាច​នឹង​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ជាង​អ្នក​មាន​វីតាមីន​D គ្រប់​គ្រាន់​ ដោយ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ក្អក រមាស់​ក តឹង​ច្រមុះ ជា​ដើម។ វី​តាមីន D អាច​ទទួល​បាន​ពី​ព្រះ​អាទិត្យ​ ហើយ​កោសិកា​របស់​យើង​ត្រូវ​ការ​វីតាមីនD ដើម្បី​ដំណើរ​ការ​ប្រព័ន្ធ​ភាពស៊ាំ។ ក្រៅ​ពី​ពន្លឺ​ព្រះ​អាទិត្យ ​វីតាមីនD ក៏​អាច​រក​បាន​នៅ​ក្នុង​អាហារ​មួយ​ចំនួន​ដូច​ជា​ទឹក​ដោះ​គោ​បន្ថែម​វីតាមីនD ស៊ុត ផ្សិត សាច់​គោ និង​ទឹក​ក្រូច​ស្រស់​ជា​ដើម​។

    ការពារជំងឺផ្ដាសាយ

    ៣. កាត់​បន្ថយ​ស្ត្រេស​

    បើ​ដឹង​ថា​យើង​មាន​អារម្មណ៍​មិន​ល្អ មិន​សប្បាយ​ចិត្ត យើង​គួរ​រក​ពេល​សម្រាក​លំហែ​ខ្លះ​។ បញ្ហា​ធុញ​ថប់ ស្ត្រេស​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ និង​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ ពិសេស​ជំងឺ​ផ្ដាសាយ។ ការ​ហាត់​ប្រាណ ហាត់​យ៉ូហ្កា ​ការ​ដើរ​កម្សាន្ត ឬ​ជជែក​លេង​ជាមួយ​មិត្ត​ភក្ដិ និង​សមាជិក​គ្រួសារ សុទ្ធ​តែ​អាច​ជួយ​សម្រាល​បញ្ហា​ក្នុង​ចិត្ត​បាន​។

    ៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    គេង​បាន​គ្រប់​គ្រាន់​ ជា​គន្លឹះ​សំខាន់​មួយ​ក្នុង​ការ​ជួយ​ការពារ​យើង​ពី​ជំងឺ​ផ្ដាសាយ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​​អ្នក​ដែល​គេង​តិច​ជាង​ប្រាំពីរ​ម៉ោង​ក្នុង​មួយ​យប់​ មាន​លទ្ធភាព​ឆ្លង​ជំងឺ​ផ្ដាសាយ​បី​ដង​ខ្ពស់​ជាង​អ្នក​គេង​បាន​ប្រាំ​ពីរ​ម៉ោង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​យប់​។ ជា​ការ​ណែ​នាំ​យើង​គួរ​គេង​ឲ្យ​បាន​ចន្លោះ​ពី​ប្រាំពីរ ទៅ​ប្រាំ​បួន​ម៉ោង​ក្នុង​មួយ​យប់​។

    ៦. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័ង្កសី

    ការ​សិក្សា​បាន​រក​ឃើញ​ថា​ជាតិ​ស័ង្កសី​ជួយ​កាត់​បន្ថយ​សមត្ថភាព​លូតលាស់​របស់​វីរុស​។ ដូច​គ្នា​ដែរ បើ​សិន​ជា​កើត​ជំងឺ​ផ្ដាសាយ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័ង្កសី​ ក៏​អាច​ជួយ​សម្រួល​អាការៈ​បាន​ដូច​គ្នា​។ អាហារ​សម្បូរ​ជាតិ​ស័ង្កសី​មាន​ដូច​ជា​តៅហ៊ូ សាច់ អ័យស្ទ័រ ពពួក​សណ្ដែក​ គ្រាប់​ធញ្ញជាតិ និង​ស៊ុត​ ជាដើម​។

    ជា​ការពិត​មនុស្ស​យើង​ម្នាក់ៗ​អាច​នឹង​កើត​ជំងឺ​ផ្ដាសាយ​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ញឹក​ញាប់​ជាង​នេះ​ទៅ​តាម​ស្ថាន​ភាព​សុខភាព​ជាក់​ស្ដែង​។ ថ្វី​បើ​ជំងឺ​ផ្ដាសាយ​មិន​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ តែ​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាការៈ​ដែរ បើ​សិន​ជា​មាន​ចេញ​រោគ​សញ្ញា​ក្ដៅ​ខ្លួន​ខ្លាំង ឬ​រោគ​សញ្ញា​ផ្ដាសាយ​​មិន​បាន​ថមថយ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ច្បាស់​ថា​យើង​អាច​មាន​ជំងឺ​ផ្សេង​ឬ​យ៉ាងណា​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 30/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: