home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តិចនិក​ងាយ​ៗ​ទាំង​៤​​ បញ្ឈប់​ការ​ឡើង​ទម្ងន់​​​នៅវ័យកាន់តែច្រើន

តិចនិក​ងាយ​ៗ​ទាំង​៤​​ បញ្ឈប់​ការ​ឡើង​ទម្ងន់​​​នៅវ័យកាន់តែច្រើន

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​​​​ ទោះ​បី​ជា​យើង​ព្យាយាម​រក្សា​របប​អាហារ​ និង​កម្រិត​នៃ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ដូច​ដើម​ ​ក៏​ទម្ងន់​នៅ​តែ​កើន​ឡើង​​ដដែល​។​ ​ជាក់​ស្ដែង​ ការ​ឡើង​ទម្ងន់​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា​ជំងឺ​បេះដូង​ ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​មហារីក​មួយ​ចំនួន​។

ហេតុអ្វី​បាន​ជា​យើង​ឡើង​ទម្ងន់​នៅ​ពេល​​យើង​មាន​វ័យ​កាន់​តែ​ច្រើន​?

១. ការ​ធ្វើ​មេតាប៉ូលីស​យឺតយ៉ាវ​

​​​​​​ពិត​ណាស់​ រាងកាយ​របស់​យើង​​នឹង​ធ្វើ​ការ​ដុត​បំផ្លាញ​កាឡូរី​​យឺតយ៉ាវ​ជាង​មុន​ នៅ​ពេល​ដែល​យើង​កាន់​តែ​ចាស់​ទៅ​ នេះ​បើ​យោង​តាម​ Piedmont Healthcare។​ ក្រោយ​វ័យ​​២០​ឆ្នាំ​ ​ល្បឿន​នៃ​ការ​ដុត​បំផ្លាញ​អាហារ​នឹង​ថយ​ចុះ​ចំនួន​១០%​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្ដង​។

២. បាត់បង់​ម៉ាស់​សាច់ដុំ​

ជា​ទូ​ទៅ​ ម៉ាស់​សាច់ដុំ​របស់​យើង​នឹង​បាត់បង់​នៅ​ពេល​ដែល​យើង​​​មាន​វ័យ​កាន់​តែ​ច្រើន​។​ ​សាច់​ដុំ​មាន​សកម្មភាព​មេតាប៉ូលីស​ច្រើន​ជាង​ខ្លាញ់​ ដែល​មាន​ន័យ​ថា​ប្រសិនបើ​មនុស្ស​ពីរ​នាក់​សម្រាក​ អ្នក​ដែល​មាន​ម៉ាស់​សាច់ដុំ​ច្រើន​ជាង​នឹង​ដុត​បំផ្លាញ​កាឡូរី​ច្រើន​ជាង​ដូច​គ្នា​។

៣. មិន​សូវ​ហាត់ប្រាណ​

​យោង​តាម​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ ប្រហែល​មួយ​ភាគ​បី​នៃ​មនុស្ស​ពេញ​វ័យ​ ដែល​មាន​អាយុ​លើស​៥០​ឆ្នាំ​ គឺ​អសកម្មភាព​រាងកាយ​។ នៅ​ពេល​ដែល​យើង​​មិន​សូវ​ធ្វើ​ចលនា​ យើង​នឹង​ដុត​បំផ្លាញ​កាឡូរី​តិច​ជាង​មុន​។

៤. ប្រែប្រួល​អ័រម៉ូន​

ការ​ប្រែប្រួល​អ័រម៉ូន​ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ឡើង​ទម្ងន់​ទៅ​តាម​វ័យ​។ ចំពោះ​បុរស​​ នៅ​ពេល​ដែល​មាន​វ័យ​​កាន់​តែ​ច្រើន​ អ័រម៉ូន​Testosterone​នឹង​ធ្លាក់​ចុះ​ ដែល​បណ្ដាល​ឲ្យ​រាងកាយ​បាត់បង់​សាច់ដុំ​ និង​កើន​ឡើង​នៃ​ជាតិ​ខ្លាញ់។​ ចំណែក​ឯ​អ័រម៉ូន​Estrogen​​នៅ​ក្នុង​រាងកាយ​មនុស្ស​ស្រី​ក៏​អាច​ថយ​ចុះ​ទៅ​តាម​វ័យ​។​ កង្វះ​អ័រម៉ូន​មួយ​ប្រភេទ​នេះ​ ក៏​នាំ​ឲ្យ​រាងកាយ​ស្ត្រី​​ផ្ទុក​​ជាតិ​ខ្លាញ់​នៅ​​ត្រង់​បរិវេណ​ពោះ​​ដូច​គ្នា​។

​​តិចនិក​បញ្ឈប់​ការ​ឡើង​ទម្ងន់​ទៅ​តាម​វ័យ​

១. គេង​ឲ្យ​បានគ្រប់គ្រាន់

ការ​គេង​លក់​ស្កប់ស្កល់​នៅ​ពេល​យប់​ អាច​ជួយ​​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​ និង​កម្រិត​នៃ​ការ​ឃ្លាន​កាន់​តែ​ប្រសើរ​ឡើង​។​ ដូច្នេះ​ហើយ​ មនុស្ស​ពេញ​វ័យ​គប្បី​គេង​ឲ្យ​បាន​៧​ទៅ​៩​ម៉ោង​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​ជា​ការ​ប្រសើរ​។

២. យក​ចិត្ត​ទុក​ដាក់​ចំពោះ​​​ការ​ស្រូប​យក​កាឡូរី​ពី​អាហារ​

​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កាឡូរី​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ​ មាន​​រឿង​សំខាន់​ណាស់​។​ នេះ​មាន​ន័យ​ថា​ យើង​គប្បី​ជ្រើសរើស​អាហារ​​ដែល​មាន​សារធាតុ​ចិញ្ចឹម​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​​ និង​ជៀស​ឆ្ងាយ​ពី​ការ​ញ៉ាំ​អាហារ​ដែល​មាន​​សារធាតុ​ចិញ្ចឹម​ទាប​ និង​ជាតិ​កាឡូរី​​ខ្ពស់​ដូចជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ បង្អែម​ និង​ដំឡូង​បំពង​ជា​ដើម​។

វ័យចំណាស់២

៣​​. ជ្រើសរើស​​អាហារ​សម្រន់​មាន​គុណប្រយោជន៍​ដល់​សុខភាព​

​គ្រាប់​ធញ្ញជាតិ​សំបូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។​ ថ្វី​ត្បិត​តែ​គ្រាប់​ធញ្ញជាតិ​ទាំង​នេះ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និងសម្បូរកាឡូរី ​ (calorie-dense) ក៏​ពិត​មែន​ ប៉ុន្តែ​វា​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ​។ ការ​បង្កើន​ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​​ប្រហែល​​មួយ​ក្ដាប់​ដៃ​នឹង​អាច​ជួយ​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ប្រកប​ដោយ​ប្រសិទ្ធភាព​។ បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​២​ដង​ក្នុង​មួយ​សប្ដាហ៍​ ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង​​ថែម​ទៀត​ផង​។

៤. គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​

យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​គ្រប់គ្រង​ស្រ្តេស​​អាច​ជួយ​​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ប្រសើរ​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​ស្វែង​រក​ចំណង់ចំណូលចិត្ត​ចិត្ត​ផ្ទាល់​ខ្លួន​ ​ជួបជុំ​មិត្តភ័ក្ដិ ឬ​គ្រួសារ​ និង​ចំណាយ​ពេល​​ផ្ទាល់​ខ្លួន​ ដូចជា​ស្ដាប់​ចម្រៀង​ ហាត់​ប្រាណ​ ឬ​ធ្វើ​សមាធិ។ល។​ ​ដើម្បី​កាត់​បន្ថយ​ស្រ្តេស​ឲ្យ​នៅ​កម្រិត​ទាប​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 12/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត