លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ប្រដាប់ភេទស្ត្រី មានទ្វារមាស រន្ធទ្វារមាស មាត់ស្បូន តួស្បូន ដៃស្បូនឆ្វេងស្តាំ និងកន្សោមមេជីវិត (អូវែ)។ យើងតែងនិយាយថា គីសដៃស្បូន តែតាមពិតទៅគីសទាំងនោះនៅនឹងកន្សោមមេជីវិតនោះទេ។
កន្សោមមេជីវិតបង្កើតឡើងដោយកោសិកាសំបក កោសិកាទ្រទ្រង់ កោសិកាមេជីវិត ហើយគីសអាចកើតចេញពីកោសិកាទាំងអស់នោះ។ គីសដែលកើតចេញពីកោសិកាសំបក មានគីសប្រភេទទឹក ខាប់អន្ធិលៗ គីសអាចកើតពីពងមេជីវិតរបស់យើង ទៅតាមការលូតលាស់ពងមេជីវិតនៅតាមវដ្តរដូវ។ ឯគីសកើតចេញពីកោសិកាទ្រទ្រង់ គឺមានទាំងសក់ ឆ្អឹង ខ្លាញ់ និងស្បែក ដែលគីសប្រភេទនេះមានឈ្មោះថា (Dermoid Cyst) ។
ចំណែកគីសមួយទៀតជាគីសប្រភេទឈាមរដូវ ដែលជាធម្មតាកោសិកាស្រទាប់រដូវនៅក្នុងស្បូន តែនៅពេលមួយកោសិកាស្រទាប់រដូវរត់មកទុំជាប់ជាមួយកន្សោមមេជីវិត បង្កើតទៅជាឈាមរដូវនៅកន្លែងហ្នឹងបង្កទៅជាគីស។