ភាគច្រើនស្រ្តីយើងចង់ដឹងពីវិធីសាស្រ្តក្នុងការថែទាំសុខភាពទ្វារមាសដូចខាងក្រោម៖
១. យើងគួរសម្អាតទ្វារមាសដោយរបៀបណា?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្របានលើកឡើងថា ជាទូទៅយើងអាចលាងសម្អាតទ្វារមាសដោយប្រើទឹកស្អាត ហើយគួរចៀសវាងលាងសម្អាតជាមួយសាប៊ូ និងធ្វើការបាញ់លាងទ្វារមាសខ្លាំងៗ ជាពិសេសផ្នែកខាងក្នុងទ្វារមាស (ចាប់ពីសន្ទះព្រហ្មចារីទៅក្នុង) ព្រោះអាចធ្វើឱ្យទ្វារមាសបាត់បង់បាតេរីល្អៗដែលជួយការពារភ្នាសកោសិការទ្វារមាសឱ្យមានការរីកលូតលាស់ និងការពារទ្វារមាសពីការបង្ករោគនានា។
២. យើងគួរកោររោមទ្វារមាសដែរឬទេ?
ទាក់ទងនឹងសំណួរនេះ លោកវេជ្ជបណ្ឌិតបានបកស្រាយថា យើងមិនគួរកោររោមប្រដាប់ភេទទេ ព្រោះរោមទ្វារមាសមាននាទីការពារទ្វារមាសពីការឆ្លងមេរោគផ្សេងៗ ជាពិសេសមេរោគកាមរោគ ឬ HPV ដែលឆ្លងតាមរយៈការប៉ះពាល់ប្រដាប់ភេទផ្ទាល់ ឬរួមភេទ។