ដឹង​អត់?​ ស្បែក​យើង​អាច​ទម្លាយ​អាថ៌កំបាំង​ទាក់ទង​នឹង​សុខភាព

    ដឹង​អត់?​ ស្បែក​យើង​អាច​ទម្លាយ​អាថ៌កំបាំង​ទាក់ទង​នឹង​សុខភាព

    ពិត​ណាស់​ ស្បែក​​គឺ​ជា​សរីរាង្គ​ដ៏​ធំ​បំផុត​ ដែល​បង្កើត​បាន​ជា​រាងកាយ​របស់​​មនុស្ស​យើង​​ ​ព្រមទាំង​គ្រប​ដណ្ដប់​ផ្នែក​ខាង​ក្រៅ​ទាំង​មូល​នៃ​រាងកាយ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ស្បែក​មនុស្ស​យើង​​ដើរ​តួនាទី​ជា​រនាំង​ការពារ​ប្រឆាំង​នឹង​អ្វី​គ្រប់​យ៉ាង​ពី​ខាងក្រៅ​ រួម​ទាំង​ភ្លើង​ កម្ដៅ​ ជំងឺ​ និង​របួស​ផ្សេង​ៗ​ជាដើម​។

    បន្ថែម​ពី​នេះ​ ស្បែក​ក៏​មាន​មុខងារ​ជា​ទែម៉ូស្ដាត​​ ដែល​ប្រមូល​ទិន្នន័យ​ពី​បរិស្ថាន​​​ខាងក្រៅ​ដើម្បី​​ធ្វើ​ការ​កំណត់​សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​ផង​ដែរ​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​ ស្បែក​ក៏​អាច​ប្រាប់​យើង​នូវ​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​​បញ្ហា​សុខភាព​ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ពីមុន​មក​​ថែម​ទៀត​ផង​។ ដូច​នេះ​ វា​មាន​សារៈសំខាន់​ណាស់​ ដែល​យើង​ត្រូវ​​សង្កេត​មើល​ការ​ប្រែប្រួល​ថ្មីៗ​ណាមួយ​​កើត​មាន​នៅ​លើ​ស្បែក​។

    . កើត​មុន​នៅ​ចង្កា​ និង​ថ្គាម អាច​មក​ពី​គីស​ទឹក​នៅ​ក្រពេញ​អូវែ

    គីស​ទឹក​នៅ​ក្រពេញ​អូវែ​ គឺ​ជា​ស្ថានភាព​សុខភាព​ដែល​កើត​ឡើង​ជាទូទៅ​ ក្នុង​ចំណោម​ស្រ្តី​ក្នុង​វ័យ​បង្ក​កំណើត​​។ វា​​បណ្ដាល​មក​ពី​អតុល្យភាព​អ័រម៉ូន​ ដែល​​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូនអង់ដ្រូ​ហ្សែន​​នៅ​ក្នុង​រាងកាយ​។ លើស​ពី​នេះ​ អតុល្យភាព​​​អាច​បង្ក​ទៅ​ជា​ការវិវត្ត​នៃ​គីស​ស្លូត​ៗ​ជា​ច្រើន​នៅ​លើ​អូវែ ការ​មក​រដូវ​មិន​ទៀង​ និង​​ការ​មិន​អាច​មាន​កូន​។ល​។​

    យ៉ាងណាមិញ​ ស្រ្តី​ក្នុង​វ័យ​ពពោះ​រហូត​ដល់​១០%​ មាន​ជំងឺ​នេះ​ ប៉ុន្តែ​មាន​ស្ត្រី​ជាច្រើន​មិន​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ រហូត​ដល់​ពេល​ដែល​មាន​បញ្ហា​​លំបាក​មាន​ទម្ងន់​​ទើប​បាន​ដឹង​​​។​ ប្រសិនបើ​យើង​​មក​រដូវ​មិន​ទៀង​ទាត់​ និង​សម្គាល់​ឃើញ​ថា​មាន​ការ​កើត​​មុន​នៅ​ត្រង់​ចង្កា​ និង​ថ្គាម​ ​​ស្រីៗ​យើង​​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ហើយ​។

    . ស្បែក​ស្ងួត​ និង​ជ្រុះ​រោម​ចិញ្ចើម​ អាច​បណ្ដាល​មក​ពី​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​

    អ័រម៉ូន​ទីរ៉ូអ៊ីត​ជួយ​បង្កើន​ការ​ដុត​រំលាយ​អាហារ​ និង​ថាមពល​របស់​យើង​ ដូច្នេះ​ប្រសិន​បើ​កម្រិត​អ័រម៉ូន​នេះ​ទាប​ វា​នឹង​ប៉ះពាល់​ដល់​​អារម្មណ៍​ ក៏​ដូចជា​រូបរាង​របស់​យើង​ជា​មិនខាន​។

    យ៉ាង​ណា​មិញ​ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​ឡើយ​។ ​ប្រសិន​បើ​យើង​​មាន​ការ​ផ្លាស់ប្ដូរ​លើ​ស្បែក​ ​និង​មាន​ការ​ជ្រុះ​រោម​ចិញ្ចើម​ ឬ​មាន​រោម​ចិញ្ចើម​ស្តើង​ សូម​​ធ្វើការ​ពិនិត្យ​​​កម្រិត​ក្រពេញ​ទីរ៉ូអ៊ីត​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។​

    សុខភាពស្បែក

    . ងាយ​​កើត​​ស្នាម​ជាំ​អាច​ជា​សញ្ញា​នៃ​ជំងឺ​​គ្រាប់​ឈាម​

    ការ​ហូរ​ឈាម​​ មិន​​ថា​ពី​ខាង​ក្នុង​ ឬ​ខាង​ក្រៅ​ បន្ទាប់​ពី​មាន​របួស​ទេ​​ ​វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​យើង​​​ហូរ​ឈាម​ ឬ​មាន​ស្នាម​ជាំ​ដោយ​ពុំ​មាន​​មូលហេតុ​ វា​អាច​បណ្ដាល​មកពី​​ជំងឺ​គ្រាប់​​ឈាម​។​ ជាទូទៅ​ អ្នក​ដែល​​មាន​ជំងឺ​គ្រាប់​ឈាម​កក​ អាច​នឹង​មាន​ការ​ហូរ​ឈាម​ច្រើន​លើសលប់​ នៅ​ពេល​ដែល​មាន​របួស​តិចតួច។​ ចំណែក​ឯ​ អ្នក​ជំងឺ​មហារីក​គ្រាប់​ឈាម​វិញ​ ​ក៏​លេច​ឡើង​នូវ​​ស្នាម​ជាំ​​​ហួសហេតុ​ និង​របួស​មិន​ងាយ​ជា​សះ​ស្បើយ​ផង​ដែរ។

    . ស្បែក​ពណ៌​លឿង​ អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ថ្លើម

    ការ​ផ្លាស់ប្ដូរ​នៅ​លើ​ស្បែក​អាច​បង្ហាញ​អំពី​សុខភាព​ទូទៅ​របស់​យើង​ ក៏​ដូចជា​សញ្ញាណ​នៃ​ជំងឺ​​លាក់​មុខ​ផង​ដែរ​។ ​​ការ​ផ្លាស់ប្ដូរ​មួយ​ក្នុង​ចំណោម​ការ​ផ្លាស់ប្ដូរ​ទាំង​នោះ​ គឺ​ជា​ការ​ប្ដូរ​ពណ៌​ស្បែក​ទៅ​ជា​ពណ៌​លឿង​ ដែល​​ហៅ​ថា​ ជំងឺ​ខាន់​លឿង​“​។ ជំងឺ​នេះ ​កើត​ឡើង​បណ្ដាល​មក​ពី​ការ​ឡើង​ខ្ពស់​នៃ​ប៊ីលីរូប៊ីន ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​លាក់​មុខ​​ផ្សេង​ៗ​ ជាពិសេស​គឺ​ជំងឺ​ថ្លើម​​។

    . អុជ​ៗពណ៌​ត្នោត​នៅ​លើ​ម្រាម​ដៃ​ ឬ​ម្រាម​ជើង​អាច​បង្ហាញ​ពី​​ការ​ឆ្លង​មេរោគ​បេះដូង​

    ប្រសិនបើ​​យើង​ឃើញ​អុជៗ​ពណ៌​ត្នោត​នៅ​លើ​ម្រាម​ដៃ​ ឬ​ម្រាម​ជើង​ ហើយ​ជា​ពិសេស អ្នក​​មាន​អាការៈ​ដូច​ជា​គ្រុន​ក្ដៅ​ផង​នោះ​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​រលាក​ភ្នាស​​ក្នុង​បេះដូង​។ ​​ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​ និង​ផ្សិត​ចូល​តាម​​ចរន្តឈាម​​ទៅ​ក្នុង​បេះដូង​។

    វា​ជា​ជំងឺ​ដ៏​កម្រ​មួយ​ចំពោះ​មនុស្ស​ដែល​មាន​បេះដូង​ដំណើរការ​ធម្មតា​ ហើយ​មិន​មាន​កត្តា​ហានិភ័យ​ជាក់លាក់​ទេ​។​ ផ្ទុយ​ទៅ​វិញ​ វា​ច្រើន​កើត​មាន​ចំពោះ​អ្នក​ដែល​មាន​សន្ទះ​បេះដូង​សិប្បនិម្មិត​ ឬ​ធ្លាប់​មាន​ជំងឺ​រលាក​ភ្នាស​​ក្នុង​បេះដូង​ពី​មុន​មក​​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthdigest.com/274133/your-skin-can-reveal-some-surprising-things-about-your-health/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 14/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត