ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Oseltamivir ប្រើព្យាបាលជំងឺអ្វីខ្លះ?
Oseltamivir (អូសែលតាមីវៀរ) ប្រើសម្រាប់ព្យាបាលអាការៈបណ្តាលមកពីមេរោគផ្តាសាយ។ រោគសញ្ញាទាំងនោះមានដូចជា តឹងច្រមុះ ក្អក ឈឺបំពង់ក ក្តៅញាក់ ឈឺតាមសាច់ដុំ និងអស់កម្លាំងជាដើម។ ថ្នាំនេះអាចជួយឲ្យរោគសញ្ញាទាំងនោះមិនសូវធ្ងន់ធ្ងរ ជាសះស្បើយ ត្រឹមតែ ១-២ ថ្ងៃ។
អាចយកថ្នាំនេះមកប្រើសម្រាប់ការពារការឆ្លងមេរោគផ្តាសាយ បន្ទាប់ពីយើងបានប៉ះពាល់ជាមួយអ្នកជំងឺផ្តាសាយ ឬមានការផ្ទុះឡើងជំងឺផ្តាសាយ នៅតំបន់យើងកំពុងរស់នៅ។
ថ្នាំនេះ មានប្រសិទ្ធភាពធ្វើឲ្យមេរោគផ្តាសាយ មិនអាចរីកលូតលាស់បាន។ យ៉ាងណា យើងមិនអាចប្រើវាជំនួសវ៉ាក់សាំងជំងឺផ្តាសាយបានឡើយ។
២- គេប្រើប្រាស់យ៉ាងម៉េចខ្លះ?
អាចលេបជាមួយអាហារ ឬលេបនៅពេលពោះទទេក៏បានដែរ។ ប៉ុន្តែគួរ លេបថ្នាំជាមួយអាហារ ឬទឹកដោះគោដើម្បីបង្ការឈឺក្រពះ។ លេបថ្នាំនេះឲ្យបានលឿន បន្ទាប់ពីមានរោគសញ្ញាផ្តាសាយ ឬក្រោយពេលប៉ះពាល់ជាមួយអ្នកកើតជំងឺផ្តាសាយ។ ថ្នាំ Oseltamivir (អូសែលតាមីវៀរ) មានប្រសិទ្ធភាពខ្ពស់ ពេលយើងលេបនៅអំឡុង ២ថ្ងៃ ដំបូងក្រោយកើតជំងឺនេះ។
បើផ្តាសាយ អាចលេបថ្នាំ Oseltamivir (អូសែលតាមីវៀរ) តាមការណែនាំរបស់គ្រូពេទ្យ ជាទូទៅត្រូវលេបមួយថ្ងៃ ២ដង រយៈពេល ៥ ថ្ងៃ។
ដើម្បីការពារមេរោគផ្តាសាយ អាចលេបថ្នាំ Oseltamivir (អូសែលតាមីវៀរ) តាមការណែនាំពីគ្រូពេទ្យ ជាទូទៅគួរលេបមួយថ្ងៃ ១ដង ឲ្យបានយ៉ាងតិច ១០ថ្ងៃ។ ត្រូវស្តាប់តាមការណែនាំ ពីរយៈពេលប្រើប្រាស់ថ្នាំប្រភេទនេះ។
កម្រិតរបស់ថ្នាំ អាស្រ័យលើស្ថានភាពជំងឺ មុខងារតម្រងនោម និងអាស្រ័យលើការឆ្លើយតបពីរាងកាយយើងទៅនឹងឥទ្ធិពលរបស់ថ្នាំដូចគ្នា។ សម្រាប់កូនក្មេង កម្រិតប្រើថ្នាំអាស្រ័យលើទម្ងន់។
បើមិនអាចលេបគ្រាប់ថ្នាំទាំងមូលបាន អាចសុំថ្នាំ Oseltamivir (អូសែលតាមីវៀរ) ប្រភេទទឹកពីគ្រូពេទ្យ ឬឱសថការី។ ករណីគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំទឹក ប៉ុន្តែរកទិញថ្នាំទឹកមិនបាន ត្រូវយកគ្រាប់ថ្នាំកិនលាយជាមួយទឹក លាយឲ្យសព្វ និងផឹកចូលទាំងអស់។
ថ្នាំនេះមានប្រសិទ្ធភាព នៅពេលយើងរក្សាកម្រិតជាតិថ្នាំក្នុងខ្លួនមានស្ថេរភាព។ ត្រូវលេបឲ្យទៀងទាត់ និងបន្តលេបឲ្យគ្រប់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ព្រោះបើឈប់លេបថ្នាំមុនពេលកំណត់ មេរោគអាចនៅបន្តលូតលាស់ ធ្វើ
ឲ្យយើងឈឺម្តងទៀត ឬមិនអាចការពារ ករណីរីករាលដាលមេរោគផ្តាសាតបាន។
ត្រូវប្រញាប់ប្រាប់គ្រូពេទ្យ បើស្ថានភាពនៅតែដដែល ឬកាន់តែធ្ងន់ធ្ងរ មានរោគសញ្ញាថ្មីកើតឡើង។
៣- គួររក្សាទុកវិធីណា?
ត្រូវរក្សាទុកថ្នាំ Oseltamivir (អូសែលតាមីវៀរ) កន្លែងមានសីតុណ្ហាភាពល្មម មិនត្រូវទុកកន្លែងមានសំណើម ឬក្តៅខ្លាំងនោះទេ។ អាចរក្សាទុកថ្នាំប្រភេទទឹកក្នុងទូរទឹកកកបាន ប៉ុន្តែមិនត្រូវដាក់វាឲ្យកកឡើយ។ ត្រូវបោះថ្នាំទឹកចោល ក្រោយឈប់ប្រើរយៈពេល ១៧ ថ្ងៃ។ ថ្នាំទឹកអាចរក្សាក្នុងបន្ទប់ត្រជាក់ បានរហូតដល់ ១០ ថ្ងៃ។
ថ្នាំ Oseltamivir (អូសែលតាមីវៀរ) មានរបៀបរក្សាទុកខុសគ្នាទៅតាមការផលិតរបស់ក្រុមហ៊ុននីមួយៗ។ ត្រូវអានការណែនាំរបៀបរក្សាទុកថ្នាំ ឬសាកសួរឱសថការីអំពីបញ្ហានេះ។ មិនត្រូវទុកថ្នាំនៅជិតក្មេង ឬសត្វចិញ្ចឹមជាដាច់ខាត។
ត្រូវចាក់ថ្នាំចោលចូលក្នុងចានបង្គន់ ឬបំពង់បង្ហូរ ចោលថ្នាំហួសសុពលភាព ឬថ្នាំឈប់ប្រើប្រាស់នៅកន្លែងមានសុវត្ថិភាព។ ត្រូវពិភាក្សាជាមួយឱសថការី ដើម្បីដឹងឲ្យបានច្បាស់វិធីបោះចោលថ្នាំត្រឹមត្រូវ។
កត្តាគួរប្រុងប្រយ័ត្ន
៤- គួរដឹងអ្វីខ្លះមុនពេលប្រើ?
មុនពេលប្រើថ្នាំ Oseltamivir ត្រូវប្រាប់គ្រូពេទ្យ ឬឱសថការី បើយើងមានប្រតិកម្មជាមួយថ្នាំនេះ ឬមានប្រតិកម្មជាមួយអ្វីផ្សេងទៀត។ ថ្នាំប្រភេទនេះ អាចមានផ្ទុកសារធាតុផ្សំផ្សេងទៀត (Inactive Incredients) ដូចនេះអាចបង្កទៅជាអាលែកហ្ស៊ី ឬបញ្ហាផ្សេងៗ។ គួរតែពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីពត៌មានបន្ថែម។
មុនប្រើថ្នាំ ត្រូវប្រាប់គ្រូពេទ្យ បើធ្លាប់មានជំងឺពីមុន ពិសេសជំងឺតម្រងនោម (តម្រូវលាងឈាម)។
មុនពេលវះកាត់ ត្រូវប្រាប់គ្រូពេទ្យវះកាត់ ឬគ្រូពេទ្យធ្មេញ រាល់ថ្នាំកំពុងប្រើប្រាស់ ទោះមាន ឬគ្មានវេជ្ជបញ្ជា ទោះជាឱសថបុរាណក៏ដោយ។
អំឡុងពេលមានផ្ទៃពោះ អាចប្រើថ្នាំក្នុងពេលចាំបាច់ប៉ុណ្ណោះ ត្រូវពិភាក្សាជាមួយគ្រូពេទ្យពីគ្រោះថ្នាក់ និងផលប្រយោជន៍របស់ថ្នាំ។
ថ្នាំនេះអាចឆ្លងកាត់តាមទឹកដោះបាន ប៉ុន្តែវាមិនប៉ះពាល់បេប៊ីក្នុងផ្ទៃឡើយ។ យ៉ាងណា គួរពិភាក្សាជាមួយគ្រូពេទ្យ មុនពេលបំបៅដោះបេប៊ី។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំ Metformine ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ ជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មាន៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ក្អួត និងចង្អោរអាចកើតឡើងបន្ទាប់ពីប្រើប្រាស់ថ្នាំនេះ។ ប៉ុន្តែបើអាការៈទាំងនេះ មិនបាត់ទៅវិញ ឬកាន់តែធ្ងន់ធ្ងរ ត្រូវប្រញាប់ប្រាប់គ្រូពេទ្យ ឬឱសថការីឲ្យបានលឿន។
ត្រូវដឹងថាមូលហេតុគ្រូពេទ្យឲ្យយើងប្រើថ្នាំនេះ គឺដោយសារពេទ្យដឹងថាមានផលប្រយោជន៍ ច្រើនជាងគ្រោះថ្នាក់។ មានមនុស្សជាច្រើនពេលប្រើថ្នាំនេះ មិនមានបញ្ហាអ្វីធំដុំកើតឡើងនោះទេ។
ករណីកម្រ ជំងឺផ្តាសាយ ឬថ្នាំ Oseltamivir អាចបណ្តាលឲ្យមានបម្រែបម្រួល សតិអារម្មណ៍ ភាគច្រើនកើតឡើងលើក្មេងៗ។ ត្រូវប្រញាប់ប្រាប់គ្រូពេទ្យ បើឃើញមានរោគសញ្ញាប្រែប្រួលអាកប្បកិរិយា ដូចជា វង្វេងវង្វាន់ គិតច្រើន នៅមិនសុខ ឬធ្វើបាបខ្លួនឯងជាដើម។
ថ្នាំនេះមិនងាយបណ្តាលឲ្យកើតអាលែកហ្ស៊ីធ្ងន់ធ្ងរទេ។ យ៉ាងណា ត្រូវប្រញាប់ទៅមន្ទីពេទ្យ បើលេចចេញរោគសញ្ញាប្រតិកម្មធ្ងន់ធ្ងរ ដូចជាឡើងកន្ទួលរមាស់ ពិសេសនៅលើមុខ អណ្តាត និងបំពង់ក វិលមុខខ្លាំង ឬពិបាកដកដង្ហើម។
មនុស្សម្នាក់ៗមិនប្រាកដថា មានផលរំខានដូចគ្នាទាំងអស់ទេ។ នៅមានផលរំខានជាច្រើនទៀត មិនបានរៀបរាប់នៅខាងលើ។ ហេតុនេះគួរពិភាក្សាជាមួយគ្រូពេទ្យ បើនៅមានចម្ងល់ជុំវិញផលរំខានថ្នាំមួយ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ត្រូវប្រាប់គ្រូពេទ្យ បើទើបបន្តក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយតាមច្រមុះ ២ សប្តាហ៍ មុនពេលចាប់ផ្តើមប្រើ ព្រោះអាចធ្វើឲ្យប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងបន្តក់ក្នុងច្រមុះថយចុះ។ ត្រូវរង់ចាំឲ្យបានយ៉ាងតិច ២ថ្ងៃ ក្រោយឈប់ប្រើថ្នាំ ទើបអាចបន្តក់វ៉ាក់សាំងតាមច្រមុះបាន។
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំ Oseltamivir ធ្វើឲ្យប្រសិទ្ឋភាពថ្នាំថយចុះ ឬបង្កើតផលប៉ះពាល់កាន់តែច្រើន។ ដើម្បីជៀសវាងប្រតិកម្មទាំងអស់នេះ គួរតែធ្វើការកត់ចំណាំរាល់ថ្នាំទាំងអស់កំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា ទោះជាប្រភេទថ្នាំឱសថបុរាណ ហើយយកថ្នាំទាំងអស់នោះទៅពិភាក្សាជាមួយគ្រូពេទ្យ។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ មិនត្រូវចាប់ផ្តើម បញ្ឈប់ ឬប្តូរកម្រិត ថ្នាំដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យឡើយ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំប្រែប្រួល។ អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ហេតុនេះត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Oseltamivir អាចមានប្រតិកម្មប៉ះពាល់ជាមួយបញ្ហាសុខភាពយើង។ ប្រតិកម្មនេះអាចធ្វើឲ្យសុខភាពកាន់តែដុនដាប ឬធ្វើឲ្យប្រសិទ្ឋភាពថ្នាំធ្លាក់ចុះ។ អ្វីយើងត្រូវធ្វើ ប្រាប់រាល់បញ្ហាសុខភាពទាំងអស់ទៅកាន់គ្រូពេទ្យ ឬឱសថការី។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
ព្យាបាលជំងឺផ្តាសាយ
– លេប ៧៥មីល្លីក្រាម ២ ដង/ថ្ងៃ លេបរយៈពេល ៥ ថ្ងៃ។
– ហេតុផលប្រើប្រាស់ ដើម្បីព្យាបាលជំងឺផ្តាសាយស្រួចស្រាវ សម្រាប់អ្នកជំងឺទើបកើតមានរោគសញ្ញាអំឡុងពេល ៤៨ម៉ោង ប៉ុន្តែមិនទាន់មានផលវិបាក។
ការពារជំងឺផ្តាសាយ
– បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកកើតផ្តាសាយ ត្រូវលេប ៧៥ មិល្លីក្រាម/ដង/ថ្ងៃ លេបរយៈពេល ១០ ថ្ងៃ។
– ពេលមានជំងឺផ្តាសាយផ្ទុះឡើងក្នុងតំបន់យើងកំពុងរង់នៅ ត្រូវលេប ៧៥ មិល្លីក្រាម/ដង/ថ្ងៃ។
មតិណែនាំ
– ព្យាបាលគួរតែចាប់ផ្តើមអំឡុងពេល ៤៨ម៉ោង ក្រោយប៉ះពាល់ជាមួយមេរោគ។
– ប្រសិទ្ធភាព និងសុវត្ថិភាព ឃើញមានរហូតដល់ ៦សប្តាហ៍ លើអ្នកជំងឺមានប្រព័ន្ធភាពស៊ាំល្អ។ រយៈពេលអាចការពារពីមេរោគ គឺយូរទៅតាមការបន្តប្រើប្រាស់។
– សុវត្ថិភាពប្រើប្រាស់រហូតដល់ ១២សប្តាហ៍ សម្រាប់គ្នាយើងមានប្រព័ន្ធភាពស៊ាំខ្សោយ។
កម្រិតថ្នាំតម្រូវតាមស្ថានភាពតម្រងនោម
ព្យាបាលជំងឺផ្តាសាយ៖
– តម្រងនោមខ្សោយមុខងារបន្តិចបន្តួច (CrCl ធំជាង ៦០-៩០ មិល្លីលីត្រ/នាទី) លេប ៧៥មីល្លីក្រាម ២ ដង/ថ្ងៃ។
– តម្រងនោមខ្សោយមុខងារមធ្យម (CrCl ធំជាង ៣០-៦០ មិល្លីលីត្រ/នាទី) លេប ៣០មីល្លីក្រាម ២ ដង/ថ្ងៃ។
– តម្រងនោមខ្សោយមុខងារខ្លាំង (CrCl ធំជាង ១០-៣០ មិល្លីលីត្រក្នុងមួយនាទី) លេប ៣០មីល្លីក្រាម ១ ដង/ថ្ងៃ។
– អ្នកជំងឺ ESRD (ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ) មិនទាន់លាងឈាម (CrCl ១០ មិល្លីលីត្រ/នាទី ឬតិចជាងនេះ) មិនត្រូវបានណែនាំឲ្យប្រើឡើយ។
– រយៈពេលប្រើប្រាស់ថ្នាំ ៥ ថ្ងៃ។
ការពារជំងឺផ្តាសាយ៖
– តម្រងនោមខ្សោយមុខងារបន្តិចបន្តួច (CrCl ធំជាង ៦០-៩០ មិល្លីលីត្រ/នាទី) លេប ៧៥មីល្លីក្រាម ១ ដង/ថ្ងៃ។
– តម្រងនោមខ្សោយមុខងារមធ្យម (CrCl ធំជាង ៣០-៦០ មិល្លីលីត្រ/នាទី) លេប ៣០មីល្លីក្រាម ១ ដង/ថ្ងៃងៃ។
– តម្រងនោមខ្សោយមុខងារខ្លាំង (CrCl ធំជាង ១០-៣០ មីល្លីលីត្រ/នាទី) លេប ៣០មីល្លីក្រាម ១ ដង/ថ្ងៃ។
– អ្នកជំងឺ ESRD (ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ) មិនទាន់លាងឈាម (CrCl ១០ មិល្លីលីត្រក្នុងមួយនាទី ឬតិចជាងនេះ) មិនត្រូវបានណែនាំឲ្យប្រើឡើយ។
– រយៈពេលប្រើប្រាស់ថ្នាំការពារជំងឺផ្តាសាយ អាចប្រើដូចអ្នកជំងឺមានតម្រងនោមធម្មតាបាន។
កម្រិតថ្នាំតម្រូវតាមស្ថានភាពថ្លើម
ថ្លើមខ្សោយមុខងារបន្តិចបន្តួច (ពិន្ទុ Child-Pugh បាន ៩ ឬតិចជាងនេះ) មិនបាច់តម្រូវកម្រិតប្រើថ្នាំឡើយ។
អ្នកជំងឺលាងឈាមដោយសារខូចតម្រងនោម
ព្យាបាលជំងឺផ្តាសាយ៖
– ESRD លើការលាងឈាម (CrCl ១០ មីល្លីលីត្រ/នាទី ឬតិចជាងនេះ) លេប ៣០មីល្លីក្រាម បន្ទាប់ពីការលាងឈាមម្តងៗ។
– ESRD លើលាងឈាមតាម CAPD (Continuous ambulatory peritoneal dialysis) (CrCl ១០ មីល្លីលីត្រ/នាទី ឬតិចជាងនេះ) លេប ៣០មីល្លីក្រាម បន្ទាប់ពីលាងឈាមរួច។
អំឡុងពេលព្យាបាល៖ មិនត្រូវប្រើលើសពី ៥ថ្ងៃ ហើយសន្មត់ថាគ្រូពេទ្យលាងឈាមឲ្យអ្នកជំងឺ ៣ដង ក្នុងរយៈពេល ៥ ថ្ងៃ។
ការណែនាំ៖
អាចចាប់ផ្តើមការព្យាបាលឲ្យបានលឿន បន្ទាប់ពីចេញរោគសញ្ញានៅអំឡុងពេល ៤៨ម៉ោង ចន្លោះពេលលាងឈាម។ ប៉ុន្តែទោះយ៉ាងណា ត្រូវបន្តប្រើកម្រិតថ្នាំ បន្ទាប់ពីលាងឈាម ក្រោយប្រើកម្រិតថ្នាំដំបូងរួច។
ការពារជំងឺផ្តាសាយ៖
– ESRD លើការលាងឈាម (CrCl ១០ មិល្លីលីត្រ/នាទី ឬតិចជាងនេះ) លេប ៣០មីល្លីក្រាម បន្ទាប់ពីការលាងឈាមម្តងៗ។
– ESRD លើការលាងឈាមតាម CAPD (CrCl ១០មិល្លីលីត្រ/នាទី ឬតិចជាងនេះ) លេប ៣០ មីល្លីក្រាម ១ ដង/សប្តាហ៍បន្ទាប់ពីលាងឈាមរួច។
– រយៈពេលប្រើថ្នាំសម្រាប់ការពារ អាចប្រើថ្នាំក្នុងរយៈពេលដូចអ្នកជំងឺមានតម្រងនោមធម្មតាបាន។
– អាចប្រើថ្នាំលើកដំបូង មុនពេលលាងឈាមបាន។
ការណែនាំផ្សេងទៀត
ដំបូន្មានប្រើប្រាស់ថ្នាំ៖
– អាចចាប់ផ្តើមប្រើថ្នាំនៅរយៈពេល ៤៨ម៉ោង ពេលឃើញរោគសញ្ញាផ្តាសាយ ឬបន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកកើតផ្តាសាយ។
– អាចចាប់ផ្តើមប្រើថ្នាំដោយមិនចាំបាច់ខ្វល់អំពីរឿងអាហារ ប៉ុន្តែពេលលេបថ្នាំជាមួយអាហារ អ្នកជំងឺអាចទ្រាំទ្រជាមួយថ្នាំបានល្អជាង។
– ជំងឺមិនអាចលេបថ្នាំគ្រាប់បាន គួរតែប្រើថ្នាំទឹក គួរយកប្រដាប់វាស់កម្រិតថ្នាំ មកវាស់ជាមីល្លីលីត្រសម្រាប់ផឹក។
– ត្រូវក្រឡុកថ្នាំទឹកឲ្យបានសព្វមុនពេលប្រើ ត្រូវបោះថ្នាំនៅសល់ចោល បន្ទាប់ពីព្យាបាលរួច។
– ពិភាក្សាជាមួយគ្រូពេទ្យ ក្នុងករណីភ្លេចលេបថ្នាំ ឬកម្រិតថ្នាំមិនគ្រប់។
របៀបរក្សាថ្នាំទុក៖
– ថ្នាំទឹក៖ អាចរក្សាក្នុងទូរទឹកកក រហូតដល់ ១៧ថ្ងៃ ក្នុងសីតុណ្ហភាព ២-៨ អង្សាសេ មិនត្រូវដាក់ថ្នាំនេះឲ្យកកជាដាច់ខាត អាចទុករហូតដល់ ១០ថ្ងៃ ក្នុងបន្ទប់មានសីតុណ្ហភាពល្មម (២៥អង្សាសេ ឬចន្លោះសីតុណ្ហភាពពី ១៥-៣០ អង្សារ)។
– ថ្នាំទឹកទុកប្រើពេលបន្ទាន់៖ អាចទុកក្នុងទូរទឹកកករហូតដល់ ៣៥ថ្ងៃ បើ ដាក់សីតុណ្ហភាព ២- ៨ អង្សាសេ ឬអាចទុកបាន ៥ថ្ងៃ បើដាក់ក្នុងសីតុណ្ហភាព ២៥ អង្សាសេ។
របៀបប្រើថ្នាំសារជាថ្មី និងការរៀបចំ៖
– គួរតែពិភាក្សាជាមួយគ្រូពេទ្យ អំពីព័ត៌មានទាក់ទងជាមួយការរៀបចំប្រើថ្នាំទឹក។ គ្រូពេទ្យគួរតែណែនាំរបៀបប្រើដល់អ្នកជំងឺ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
– បើគ្មានថ្នាំទឹកទេ៖ គួរបើកគ្រាប់ថ្នាំ ហើយយកវាមកលាយជាមួយទឹក។
– បើកម្រិតថ្នាំគ្រាប់មិនគ្រប់លាយជាមួយទឹកទេនោះ៖ គេអាចយកថ្នាំគ្រាប់ ៧៥មីល្លីក្រាម មកលាយជាមួយទឹក។
ក្នុងករណីបន្ទាន់៖
សិនបើមិនមានថ្នាំទឹកទេ ដើម្បីលាយថ្នាំទឹកត្រូវប្រើនៅពេលបន្ទាន់ (កម្រិត ៦ មិល្លីក្រាម/មិល្លីលីត្រ) សម្រាប់អ្នកជំងឺម្នាក់ ព្យាបាលរយៈពេល ៥ថ្ងៃ ឬសម្រាប់ការពាររយៈពេល ១០ថ្ងៃ ដោយអាចលាយចេញពីថ្នាំគ្រាប់កាប់ស៊ូល កម្រិត ៧៥មីល្លីក្រាម តាមវិធីខាងក្រោម៖
ត្រូវកំណត់កម្រិតថ្នាំ Oseltamivir សម្រាប់អ្នកជំងឺ បន្ទាប់មកត្រូវកំណត់កម្រិតថ្នាំទឹក ត្រូវបង្កើត។ បើកម្រិតប្រើថ្នាំស្ថិតក្នុងតារាងកម្រិតថ្នាំដូចខាងក្រោម អាចយកកម្រិតថ្នាំ សរុបដូចក្នុងតារាងនេះមកប្រើបាន៖
– កម្រិតថ្នាំ ១៥ មិល្លីក្រាម ឬតិចជាងនេះ៖ ស្មើនឹងកម្រិតថ្នាំទឹកសរុប ៣៧,៥ មិលី្លលីត្រ។
– កម្រិតថ្នាំ ៣០ មិល្លីក្រាម ស្មើនឹងកម្រិតថ្នាំ ទឹកសរុប ៧៥ មិលី្លលីត្រ។
– កម្រិតថ្នាំ ៤៥ មិល្លីក្រាម ស្មើនឹងកម្រិតថ្នាំទឹកសរុប ១០០ មិលី្លលីត្។
– កម្រិតថ្នាំ ៦០ មិល្លីក្រាម៖ ស្មើនឹងកម្រិតថ្នាំ ទឹកសរុប ១២៥ មិលី្លលីត្រ។
– កម្រិតថ្នាំ ៧៥ មិល្លីក្រាម៖ ស្មើនឹងកម្រិតថ្នាំ ទឹកសរុប ១៥០ មិលី្លលីត្រ។
កំណត់កម្រិតថ្នាំគ្រាប់ ៧៥មិល្លីក្រាម កម្រិតទឹក និងទឹកសេរ៉ូផ្អែម ចាំបាច់ក្នុងការបង្កើតកម្រិតទឹកថ្នាំ ៦មិល្លីក្រាម/មិលី្លលីត្រ។
– កម្រិតទឹកថ្នាំសរុប ៣៧,៥ មិលី្លលីត្រ ស្មើថ្នាំគ្រាប់ ៣គ្រាប់ (២២៥មិល្លីក្រាម) បូកជាមួយទឹក ២,៥ មិលី្លលីត្រ បូកជាមួយ ទឹកសេរ៉ូផ្អែម ៣៤,៥ មិលី្លលីត្រ។
– កម្រិតទឹកថ្នាំសរុប ៧៥ មិលី្លលីត្រ ស្មើថ្នាំគ្រាប់ ៦គ្រាប់ (៤៥០មិល្លីក្រាម) បូកជាមួយទឹក ៥មិលី្លលីត្រ បូកជាមួយ ទឹកសេរ៉ូផ្អែម ៦៩ មិលី្លលីត្រ។
– កម្រិតទឹកថ្នាំសរុប ១០០ មិលី្លលីត្រ ស្មើថ្នាំគ្រាប់ ១០គ្រាប់ (៦០០មិល្លីក្រាម) បូកជាមួយទឹក ៧មិលី្លលីត្រ បូកជាមួយ ទឹកសេរ៉ូផ្អែម ៩១ មិលី្លលីត្រ។
– កម្រិតទឹកថ្នាំសរុប ១២៥ មិលី្លលីត្រ ស្មើថ្នាំគ្រាប់ ១០គ្រាប់ (៧៥០មិល្លីក្រាម) បូកជាមួយទឹក ៨មិលី្លលីត្រ បូកជាមួយ ទឹកសេរ៉ូផ្អែម ១១៥ មិលី្លលីត្រ។
– កម្រិតទឹកថ្នាំសរុប ១៥០មិលី្លលីត្រ ស្មើថ្នាំគ្រាប់ ១២គ្រាប់ (៩០០មិល្លីក្រាម) បូកជាមួយទឹក ១០មិលី្លលីត្រ បូកជាមួយ ទឹកសេរ៉ូផ្អែម ១៣៧ មិលី្លលីត្រ។
ត្រូវធ្វើតាមវិធីខាងក្រោម ដើម្បីផលិតទឹកថ្នាំ ៦មិល្លីក្រាម/មិលី្លលីត្រ យកចេញពីថ្នាំគ្រាប់ ៧៥ មិល្លីក្រាម៖
– ត្រូវដាក់ទឹកឲ្យត្រូវតាមតម្រូវការ ទៅក្នុងដបជ័រ (PET) ឬដបកែវ។
– ដកសំបកថ្នាំដោយប្រុងប្រយ័ត្ន ហើយដាក់កម្ទេចថ្នាំ ៧៥មិល្លីក្រាម ចូលក្នុងដបជ័រ (PET) ឬដបកែវ។
– ត្រូវក្រឡុកថ្នាំថ្នមៗ ឲ្យបានយ៉ាងតិច ២នាទី ដើម្បីឲ្យម្សៅថ្នាំ Oseltamivir ទាំងនោះសើម។
– ត្រូវដាក់កម្រិតទឹកសេរ៉ូផ្អែមចូលក្នុងល្បាយដោយប្រុងប្រយ័ត្ន។
– ត្រូវបិទគម្របដប ហើយក្រឡុកឲ្យសព្វឲ្យបាន ៣០វិនាទី ដើម្បីឲ្យម្សៅថ្នាំទាំងនោះរលាយអស់ និងដើម្បីទទួលបានល្បាយថ្នាំស្មើសាច់ ហើយថ្នាំដែលចេញមក គឺជាថ្នាំរលាយក្នុងទឹក ប៉ុន្តែមានសារធាតុផ្សុំមួយចំនួន មិនអាចរលាយក្នុងទឹកបានឡើយ។
ចំណុចទូទៅ៖
– មិនទាន់ដឹងពីប្រសិទ្ធភាពថ្នាំ ចំពោះការព្យាបាលទៅលើអ្នកជំងឺដែលចេញរោគសញ្ញាក្រោយ៤៨ម៉ោង នៅឡើយទេ។
– ថ្នាំនេះមិនអាចជំនួសការចាក់វ៉ាក់សាំងផ្ដាសាយរៀងរាល់ឆ្នាំ ដែលណែនាំដោយ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) នៅសហរដ្ឋអាមេរិកបានទេ។
– មិនទាន់ដឹងពីប្រសិទ្ធភាពថ្នាំទៅលើជំងឺផ្ដាសាយ បង្កដោយភ្នាក់ងារបង្កជំងឺផ្សេងទៀតនៅឡើយ ក្រៅពីវីរុសផ្ដាសាយ (influenza virus) ប្រភេទ A និងប្រភេទ B ។
– ដោយសារវីរុសផ្តាសាយតែងតែផ្លាស់ប្តូរទៅតាមពេលវេលា ដូចនេះស៊ាំជាមួយថ្នាំ អាចកើតឡើង ធ្វើឲ្យប្រសិទ្ធភាពថ្នាំប្រឆាំងវីរុសធ្លាក់ចុះ។ ត្រូវសិក្សាលើថ្នាំអាចមានប្រសិទ្ធភាពព្យាបាលជំងឺផ្តាសាយ មុនពេលសម្រេចចិត្តប្រើប្រាស់។
– កម្រិតជាតិ Sorbitol (សារធាតុធ្វើឲ្យទន់លាមក) ២ក្រាម ក្នុងថ្នាំទឹកកម្រិត ៧៥ មិល្លីក្រាម ដែលកម្រិតនេះច្រើនលើសពីកម្រិតអតិបរមា លើអ្នកជំងឺ Fructose Intolerance ពីកំណើត។
ការតាមដាន៖
– សញ្ញាសតិអារម្មណ៍ (Psychiatric)៖ អ្នកជំងឺផ្តាសាយមានរោគសញ្ញាសតិមិនប្រក្រតី។
១១- កូនក្មេងត្រូវប្រើថ្នាំនេះក្នុងកម្រិតណា?
កម្រិតប្រើប្រាស់ថ្នាំព្យាបាលផ្តាសាយសម្រាប់កូនក្មេង
អាយុ ២ សប្តាហ៍ដល់ក្រោម ១ ខួប៖ លេប ៣មិល្លីក្រាម ក្នុងមួយគីឡូ ២ ដង/ថ្ងៃ។
អាយុពី ១-១២ ឆ្នាំ៖
– មានទម្ងន់ ១៥គីឡូ ឬតិចជាងនេះ លេប ៣០ មិល្លីក្រាម ២ ដង/ថ្ងៃ។
– មានទម្ងន់ច្រើនជាង ១៥-២៣ គីឡូ លេប ៤៥ មិល្លីក្រាម ២ ដង/ថ្ងៃ។
– មានទម្ងន់ច្រើនជាង ២៣-៤០ គីឡូ លេប ៦០ មិល្លីក្រាម ២ ដង/ថ្ងៃ។
– មានទម្ងន់ច្រើនជាង ៤០ ឬលើសពីនេះ៖ លេប ៧៥ មិល្លីក្រាម ២ ដង/ថ្ងៃ។
អាយុ ១៣ឆ្នាំ ឬលើសពីនេះ លេប ៧៥ មិល្លីក្រាម ២ ដង/ថ្ងៃ។
មតិណែនាំ៖ សម្រាប់ក្មេងអាយុតិចជាង ១ឆ្នាំ ត្រូវមានប្រដាប់វាស់កម្រិតថ្នាំឲ្យបានត្រឹមត្រូវ គួរឲ្យក្មេងផឹកថ្នាំក្នុងកម្រិតទាបបានហើយ។
ការប្រើប្រាស់៖ សម្រាប់ព្យាបាលជំងឺផ្តាសាយស្រួចស្រាវ លើអ្នកជំងឺមានរោគសញ្ញាប៉ុន្តែមិនទាន់មានផលវិបាក មុនពេល ៤៨ ម៉ោង។
ការណែនាំស្ថាប័ន CDC នៅអាមេរិក និងវិទ្យាស្ថានជំងឺកុមារ (AAP)៖
ទារកកើតមិនគ្រប់ខែ៖
– អាយុរាប់ក្រោយបាត់រដូវតិចជាង ៣៨សប្តាហ៍ លេប ១ មិល្លីក្រាម/គីឡូ ២ ដង/ថ្ងៃ។
– អាយុរាប់ក្រោយបាត់រដូវចាប់ពី ៣៨- ៤០សប្តាហ៍ លេប ១,៥ មិល្លីក្រាម/គីឡូ ២ ដង/ថ្ងៃ។
– អាយុរាប់ក្រោយបាត់រដូវច្រើនជាង ៤០សប្តាហ៍ លេប ៣ មិល្លីក្រាម/គីឡូ ២ ដង/ថ្ងៃ។
– ទារកកើតគ្រប់ខែ អាយុ ៨ខែ ឬតិចជាងនេះ លេប ៣ មិល្លីក្រាម/គីឡូ ២ ដង/ថ្ងៃ។
– ទារកអាយុចាប់ពី ៩-១១ ខែ លេប ៣,៥ មិល្លីក្រាម/គីឡូ ២ ដង/ថ្ងៃ។
ក្មេងអាយុ ១២ខែ ឬចាស់ជាងនេះ៖
– ទម្ងន់ ១៥គីឡូ ឬតិចជាងនេះ លេប ៣០មិល្លីក្រាម ២ ដង/ថ្ងៃ។
– ទម្ងន់លើសពី ១៥-២៣ គីឡូ លេប ៤៥មិល្លីក្រាម ២ ដង/ថ្ងៃ។
– ទម្ងន់លើសពី ២៣-៤០ គីឡូ លេប ៦០មិល្លីក្រាម២ ដង/ថ្ងៃ។
– ទម្ងន់លើសពី ៤០គីឡូ លេប ៧៥មិល្លីក្រាម ២ ដង/ថ្ងៃ។
មតិណែនាំ៖
គួរពិភាក្សាជាមួយគ្រូពេទ្យកុមារឯកទេសជំងឺឆ្លង សម្រាប់ការប្រើប្រាស់ថ្នាំលើទារកខ្វះច្រើនខែ (អាយុរាប់ពីពេលបាត់រដូវ តិចជាង ២៨សប្តាហ៍)។
កម្រិតប្រើប្រាស់ថ្នាំការពារផ្តាសាយសម្រាប់កូនក្មេង
អាយុចាប់ពី ១-១២ ឆ្នាំ៖
– ទម្ងន់ ១៥គីឡូ ឬតិចជាងនេះ លេប ៣០មិល្លីក្រាម ១ដង ក្នុងមួយថ្ងៃ។
– ទម្ងន់ចន្លោះ ១៥,១-២៣ គីឡូ៖ លេប ៤៥មិល្លីក្រាម លេប ១ដងក្នុងមួយថ្ងៃ។
– ទម្ងន់ចន្លោះ ២៣,១-៤០ គីឡូ៖ លេប ៦០មិល្លីក្រាម ១ដង ក្នុងមួយថ្ងៃ។
– ទម្ងន់ចន្លោះ ៤០,១ ឬលើសពីនេះ លេប ៧៥មិល្លីក្រាម ១ដង ក្នុងមួយថ្ងៃ។
អាយុចាប់ពី ១៣ឆ្នាំឡើងទៅ លេប ៧៥មិល្លីក្រាម ១ដងក្នុងមួយថ្ងៃ។
រយៈពេលព្យាបាល៖
– បន្ទាប់ពីប៉ះពាល់អ្នកកើតផ្តាសាយ ត្រូវប្រើថ្នាំរយៈពេល ១០ ថ្ងៃ។
– អំឡុងពេលផ្ទុះជំងឺផ្តាសាយក្នុងតំបន់រស់នៅ ត្រូវបន្តប្រើរហូតទៅដល់ ៦ សប្តាហ៍។
ការណែនាំ៖
– ការព្យាបាលគួរតែចាប់ផ្តើមនៅ ៤៨ម៉ោង អំឡុងពេលប៉ះពាល់ជាមួយអ្នកជំងឺ។
– ស្ថាប័ន FDA អាមេរិក មិនអនុញ្ញាតឲ្យប្រើថ្នាំនេះសម្រាប់ក្មេងអាយុតិចជាង ១ឆ្នាំឡើយ។
ប៉ុន្តែការណែនាំរបស់ស្ថាប័ន CDC នៅអាមេរិក និងវិទ្យាសា្ថនជំងឺកុមារ (AAP)៖
– ក្មេងកើតគ្រប់ខែអាយុតិចជាង ៣ ខែ៖ មិនគួរប្រើថ្នាំនេះឡើយ លើកលែងតែករណីធ្ងន់ធ្ងរ។
– ក្មេងកើតគ្រប់ខែ អាយុចាប់ពី ៣-៨ ខែ៖ លេប ៣មិល្លីក្រាម ក្នុងមួយគីឡួ ១ ដង/ថ្ងៃ។
– ក្មេងអាយុចាប់ពី ៩-១១ ខែ លេប ៣,៥មិល្លីក្រាម ក្នុងមួយគីឡួ ១ ដង/ថ្ងៃ។
ក្មេងអាយុចាប់ពី ១២ខែឡើង៖
– ទម្ងន់ ១៥គីឡូ ឬតិចជាងនេះ លេប ៣០មិល្លីក្រាម ១ ដង/ថ្ងៃ។
– ទម្ងន់ចន្លោះ ១៥-២៣ គីឡូ លេប ៤៥មិល្លីក្រាម ១ ដង/ថ្ងៃ។
– ទម្ងន់ចន្លោះ ២៣-៤០ គីឡូ៖ លេប ៦០មិល្លីក្រាម ១ ដង/ថ្ងៃ។
– ទម្ងន់លើសពី ៤០គីឡូ លេប ៧៥មិល្លីក្រាម ១ ដង/ថ្ងៃ។
កត្តាគួរប្រុងប្រយ័ត្ន
សុវត្ថិភាព និងប្រសិទ្ធភាពប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្តាសាយ មិនទាន់បានរកឃើញលើក្មេងអាយុតិចជាង ២សប្តាហ៍ នៅឡើយទេ។ សុវត្ថិភាព និងប្រសិទ្ធភាពថ្នាំ សម្រាប់ការពារជំងឺផ្តាសាយ ក៏មិនទាន់រកឃើញសម្រាប់ក្មេងអាយុតិចជាង ១ឆ្នាំ ដូចគ្នា។
១២- មានទម្រង់បែបណាខ្លះ?
Oseltamivir (អូសែលតាមីវៀ) មានក្នុងកម្រិត និងប្រភេទដូចខាងក្រោម៖
– ថ្នាំគ្រាប់មានសំបក (កាប់ស៊ុល)
– ថ្នាំម្សៅលាយជាមួយទឹក
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ Metformine សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕