ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Hydrochlorothiazide ព្យាបាលអីខ្លះ?
Hydrochlorothiazide ជាថ្នាំប្រើសម្រាប់ព្យាបាលជំងឺលើសឈាម ជួយកាត់បន្ថយសម្ពាធឈាមជួយ ការពារករណីដាច់សរសៃឈាមខួរក្បាល (Strokes) គាំងបេះដូង និងបញ្ហាតម្រងនោម។
ថ្នាំ Hydrochlorothiazide ជាថ្នាំបញ្ចុះទឹកនោម (Diuretic) ជួយឲ្យយើងនោមច្រើនជាងមុន ដើម្បីឲ្យរាងកាយអាចបញ្ចេញសារធាតុអំបិល និងទឹកលើសចេញក្រៅ។
ថ្នាំនេះ ជួយកាត់បន្ថយផងដែរ សារធាតុរាវលើសក្នុងរាងកាយ (Edema) ដែលបង្កដោយសារជំងឺមួយចំនួន ដូចជា ខ្សោយបេះដូង ជំងឺថ្លើម ជំងឺតម្រងនោមជាដើម។ អំពើរបស់ថ្នាំ អាចកាត់បន្ថយរោគសញ្ញា ដកដង្ហើមខ្លីៗ ហើមកំផួនជើង ឬកជើង។
Hydrochlorothiazide អាចចេញវេជ្ជបញ្ជាឲ្យប្រើក្នុងករណីផ្សេងទៀត ហេតុនេះដើម្បីដឹងព័ត៌មានបន្ថែម សូមសួរទៅកាន់វេជ្ជបណ្ឌិត ឬឱសថការី។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
– មិនចាំបាច់កាច់បំបាក់ ឬទំពា ដូចគ្រាប់ថ្នាំផ្សេងទេ
– ត្រូវលេបថ្នាំទាំងមូលជាមួយទឹកមួយកែរ
– អាចសាកសួរ ឬសុំការណែនាំ អ្នកឯកទេសសុខាភិបាល បើមានសំណួរ ទាក់ទងការប្រើប្រាស់ ថ្នាំ Hydrochlorothiazide ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Hydrochlorothiazide អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Hydrochlorothiazide ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន អាចប្រើឱសថនេះបាននៅពេលមានការណែនាំពីវេជ្ជបណ្ឌិតប៉ុណ្ណោះ។
– កំពុងលេបថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ក៏ដូចជាឱសថបូរាណ អាហារូបត្ថម្ភផ្សេងទៀត (Complementary Medicines)។
– មានប្រតិកម្មជាមួយសារធាតុសកម្ម (active) ឬមិនសកម្ម (inactive) ណាមួយរបស់ថ្នាំ Hydrochlorothiazide ឬឱសថដទៃទៀត។
– មានជំងឺ និងស្ថានភាពសុខភាពផ្សេងៗ។
– អាលែកហ្ស៊ី ជាមួយកត្តាផ្សេងៗ ដូចជា អាហារ ទឹកពណ៌ សារធាតុរក្សាគុណភាពអាហារ ឬសត្វមួយចំនួន។
ការប្រើថ្នាំ Hydrochlorothiazide អាចធ្វើឲ្យប៉ះពាល់ការធ្វើតេស្តមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid)។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត B សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
សម្រាប់ស្ត្រីកំពុងបំបៅដោះកូន ក៏មិនទាន់បានការអះអាងពីផលប៉ះពាល់ដោយថ្នាំប្រភេទនេះដែរ។ យ៉ាងណា ត្រូវពិភាក្សាជាមួយគ្រូពេទ្យ មុននឹងប្រើ ទាំងពេលកំពុងមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ទាំងនេះជាផលរំខានកើតឡើងញឹកញាប់៖
– សម្ពាធឈាមធ្លាក់ចុះខុសធម្មតា (ពិសេសពេលក្រោកឈរ ឬពេលដេក)
– ងងុយខ្លាំង
– ឈឺក្បាល
– កម្លាំងចុះខ្សោយ
– លិង្គមិនឡើងរឹង ឬរឹងមិនបានយូរ (Erectile Dysfunction)
– ញ័រ ដៃ ជើង និងកជើង។
ផលរំខានធ្ងន់ធ្ងរ៖
– រមាស់ស្បែកបណ្ដាលឲ្យឈឺចាប់
– របកស្បែក និងពងបែកលើស្បែក
– គ្រុនក្ដៅ
– ឈឺមាត់
– ស្រវាំងភ្នែក ឈឺភ្នែក ពិបាកមើល
– ប្រតិកម្មស្បែកធ្ងន់ធ្ងរ (Stevens-Johnson syndrome និង exfoliative dermatitis)
– ខ្សោយតម្រងនោម ខ្សោយកម្លាំង ដកដង្ហើមខ្លីៗ ហត់ វង្វេង ចង្វាក់បេះដូងខុសធម្មតា ឈឺទ្រូង នោមតិចជាងធម្មតា ហើមកាន់តែធំនៅជើង កំផួនជើង ឬកជើង។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំ Hydrochlorothiazide អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ ធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានទៅដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
អន្តរកម្មពេលប្រើថ្នាំ Hydrochlorothiazide ជាមួយថ្នាំដទៃទៀតមានដូចជា៖
– បង្កើនកម្រិតពុលរបស់ថ្នាំ Lithium
– ធ្វើឲ្យមានបញ្ហា Orthostatic hypotension (សម្ពាធឈាមធ្លាក់ចុះខ្លាំង) ពេលប្រើជាមួយ ពពួកថ្នាំ Barbiturates និងពពួក Narcotics ក៏ដូចជាពពួក Opioids។
– បង្កើនឡើងនៅសកម្មភាពបិទប្រព័ន្ធប្រសាទលើសាច់ដុំ (Neuromuscular) ពេលប្រើជាមួយពពួកថ្នាំ Competitive neuromuscular blockers ដូចជាថ្នាំ Atracurium ជាដើម។
– ធ្វើឲ្យកម្រិតប៉ូតាស្យូមធ្លាក់ចុះខ្លាំង (hypokalaemic) ពេលប្រើជាមួយពពួកថ្នាំ Corticosteroids ពពួកថ្នាំ Corticotropin និងពពួក β2 Agonists ដូចជាថ្នាំ Salbutamol។
– បង្កើនផលប៉ះពាល់ ពេលប្រើជាមួយថ្នាំប្រឆាំងឡើងសម្ពាធឈាម (Anti-Hypertensive) ផ្សេងទៀត។
– ថយប្រសិទ្ធភាពប្រឆាំងការឡើងសម្ពាធឈាម ពេលប្រើជាមួយពពួកថ្នាំ corticosteroids, NSAIDs, carbenoxolone ដែលបណ្ដាលមកពីការចាល់សារធាតុរាវក្នុងរាងកាយ (Fluid Retention)។
– ធ្វើឲ្យពុលតម្រងនោម ដោយពពួកថ្នាំ NSAIDs។
– បន្ថយប្រសិទ្ធភាពព្យាបាល របស់ពួកថ្នាំព្យាបាលទឹកនោមផ្អែម (Antidiabetics)។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំ Hydrochlorothiazide អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើយហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Hydrochlorothiazide អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវឲ្យវេជ្ជបណ្ឌិត និងឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន ពិសេសបើមានជំងឺទឹកនោមផ្អែម (Diabetes) ជំងឺ Gout ជំងឺតម្រងនោម ជំងឺថ្លើម ជំងឺ Lupus ជាដើម។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
ជំងឺលើសឈាម
ចន្លោះពី ១២,៥-៥០ មិល្លីក្រាម លេបមួយថ្ងៃម្តង។
ហើម (Edema)
ចន្លោះពី ២៥-១០០ មិលី្លក្រាម ១-២ ដង/ថ្ងៃ មិនត្រូវលើសពី ២០០ មិលី្លក្រាម/ថ្ងៃ។
ឡើងសម្ពាធឈាមដោយជំងឺខ្សោយបេះដូង (ប្រើក្នុងករណីមានវេជ្ជបញ្ជាពីពេទ្យប៉ុណ្ណោះ)
២៥ មិលី្លក្រាម ១-២ ដង/ថ្ងៃ មិនត្រូវលើសពី ២០០ មិលី្លក្រាម/ថ្ងៃ។
ចាល់សារធាតុរាវដោយជំងឺខ្សោយបេះដូង (ប្រើក្នុងករណីមានវេជ្ជបញ្ជាពីពេទ្យប៉ុណ្ណោះ)
២៥ មិលី្លក្រាម ១-២ ដង/ថ្ងៃ មិនត្រូវលើសពី ២០០ មិលី្លក្រាម/ថ្ងៃ។
មនុស្សចាស់
– កាន់តែធ្លាក់ចុះសម្ពាធឈាម និងផលរំខានទៅលើមនុស្សចាស់។
– បង្កើនអតុល្យភាពអេឡិចត្រូលីតលើមនុស្សចាស់ ហេតុនេះត្រូវត្រួតពិនិត្យទៅលើសេរ៉ូមអេឡិចត្រូលីតឲ្យបានទៀងទាត់។
ផលិតទឹកនោមច្រើន
លេប ១២,៥-២០ មិល្លីក្រាម និងបង្កើនបន្ថែម ១២,៥ មិល្លីក្រាម/ថ្ងៃ។
កើនឡើងផលរំខាន តុល្យភាពអេឡិចត្រូលីត ត្រូវគេឃើញកើតមានពេលប្រើលើសកម្រិត ៥០ មិលី្លក្រាម/ថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
ជំងឺលើសឈាម (Hypertension)
– ចាប់ពី ៦ ខែឡើង៖ លេប ១-៣ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែកជា ១២ ម៉ោងម្ដង មិនត្រូវលើស ៣៧,៥ មិលី្លក្រាម/ថ្ងៃ។
– ចាប់ពី ៦-២៤ ខែ៖ លេប ១-២ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែកជា ១២ ម៉ោងម្ដង មិនត្រូវលើស ៣៧,៥ មិលី្លក្រាម/ថ្ងៃ។
– ចាប់ពី ២-១២ ឆ្នាំ៖ ១-៣ មិល្លីក្រាម/គីឡូ/ថ្ងៃងៃ មិនត្រូវលើស ៣ មិល្លីក្រាម/គីឡូ/ថ្ងៃ មិនត្រូវលើស ១០០ មិលី្លក្រាម/ថ្ងៃ។
ហើម (Edema)
– ចាប់ពី ៦ ខែឡើង៖ ១-៣ មិល្លីក្រាម/គីឡូ/ថ្ងៃ លេបចែកជា ១២ ម៉ោងម្ដង មិនត្រូវលើស ៣៧,៥ មិលី្លក្រាម/ថ្ងៃ។
– ចាប់ពី ៦-២៤ ខែ៖ ១-២ មិល្លីក្រាម/គីឡូ/ថ្ងៃ លេបចែកជា ១២ ម៉ោងម្ដង មិនត្រូវលើស ៣៧,៥ មិលី្លក្រាម/មួយថ្ងៃ។
– ចាប់ពី ២-១២ ឆ្នាំ៖ ១-៣ មិល្លីក្រាម/គីឡូ/ថ្ងៃ មិនត្រូវលើស ៣ មិល្លីក្រាម/គីឡូ/ថ្ងៃ មិនត្រូវលើស ១០០ មិលី្លក្រាម/មួយថ្ងៃ។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Hydrochlorothiazide មានទម្រង់ និងកម្រិតប្រើដូចខាងក្រោម៖
– ទម្រង់ថ្នាំគ្រាប់ខាប់ស៊ុលសម្រាប់លេប៖ ១២,៥មិល្លីក្រាម។
– ទម្រង់ថ្នាំគ្រាប់សម្រាប់លេប៖ ១២,៥មិល្លីក្រាម ២៥មិល្លីក្រាម ៥០មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
សំខាន់បំផុត ត្រូវយកបញ្ជីរាយនាមថ្នាំត្រូវការវេជ្ជបញ្ជា និងថ្នាំមិនត្រូវការវេជ្ជបញ្ជា (OTC) ទាំងអស់យើងកំពុងប្រើទៅជាមួយ ពេលណាមានករណីបន្ទាន់កើតឡើង។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕