Amlodipine (ឱសថ Amlodipine)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ឈ្មោះទូទៅ: Amlodipine (ឱសថ Amlodipine) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ​ថ្នាំ Amlodipine ព្យាបាលជំងឺអី​ខ្លះ?

ថ្នាំ Amlodipine ​អាច​ប្រើតែ​ឯង​ ឬ​អម​ជាមួយ​ថ្នាំ​ដទៃទៀត ដើម្បី​ព្យាបាល​ជំងឺ​លើសសម្ពាធ​ឈាម (High Blood Pressure) ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ ​ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម​ផង​ដែរ។

ថ្នាំ​នេះ ក៏អាច​ប្រើ​ការពារ​អាការៈ​ចុក​ទ្រូង បង្កើន​សមត្ថភាព​ហាត់​ប្រាណ។ យ៉ាង​ណា​មិន​ត្រូវ​ប្រើ​ថ្នាំ Amlodipine អំឡុង​ពេល​កំពុង​ចុក​ទ្រូងនោះ​ទេ គួរ​ប្រើថ្នាំ​ផ្សេង ដូចជា Nitroglycerin បៀម​ក្រោម​អណ្ដាត។
Amlodipine ស្ថិត​នៅក្នុង​ក្រុមថ្នាំ​ Calcium Channel Blockers សម្រាប់​ជួយ​សម្រួល​សរសៃ​ឈាម ធ្វើឲ្យ​ឈាមរត់​ស្រួល។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

អាច​លេប​ជាមួយ​អាហារ ឬ​ដោយ​ពោះទទេ តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​​ ជាទូទៅ​ម្ដងក្នុង​មួយថ្ងៃ។
កម្រិត​ប្រើ​អាស្រ័យ​លើ​អាការៈ និង​ស្ថានភាព​ជំងឺ គ្រូពេទ្យ​អាច​នឹង​បង្កើន​​កម្រិត​ថ្នាំ​ដោយ​ផ្អែក​លើ​កត្តា​ទាំង​នេះ។ ចាំបាច់​ត្រូវ​ធ្វើតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជា​ប្រចំា។

លេប​ថ្នាំ​ឲ្យ​ទៀងទាប់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់។ ហើយ​ត្រូវតែ​បន្ត​លេប​ Amlodipine ទោះជា​អាការៈជំងឺ​ធូរស្រាល​ក្តី ​លើកលែង​តែ​វេជ្ជបណ្ឌិត​អនុញ្ញាតឲ្យ​ឈប់ប្រើ។ ជំងឺ​លើស​ឈាម ភាគច្រើន​មិនមាន​​បង្ហាញ​អាការៈ​ឈឺ​ភ្លាមៗ​ទេ។

ត្រូវប្រាប់​វេជ្ជបណ្ឌិត​ ​បើ​ស្ថានភាព​សុខភាព​យើង​មិន​ប្រសើរ​ឡើង ឬ​កាន់​តែធ្ងន់​ធ្ងរ (សម្ពាធ​ឈាម​កាន់​តែ​ខ្ពស់ ឬអាការៈ​ឈឺទ្រូង​ខ្លាំងទៅៗ)។

៣- រក្សាទុកដោយវិធីណា?

ថ្នាំ Amlodipine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Amlodipine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ Amlodipine ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– មាន​ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺ​ថ្លើម
– មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ Amlodipine ឬ​ថ្នាំ​ផ្សេង​ទៀត
– កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ទៀត​ រាប់បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​រុក្ខជាតិ​ និង​ថ្នាំ​បំប៉ន​ផ្សេងៗ
– កំពុង​មាន​ផ្ទៃ​ពោះ​ កំពុង​បំបៅ​ដោះ​កូន ឬមាន​បំណង​យកកូន ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ថ្នាំ Amlodipine អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា​ រោគ​សញ្ញា​​អាលែកហ្ស៊ី​ថ្នាំ ​ កន្ទួល​ក្រហម​លើស្បែក ពិបាក​ដកដង្ហើម ហើម​មុខ បបូរមាត់ អណ្ដាត ឬ​បំពង់ក ​ត្រូវប្រាប់​វេជ្ជបណ្ឌិត​ភ្លាម។

ផលរំខាន​ធ្ងន់ធ្ងរមានដូចជា៖

– សន្លប់
– ហើម​ដៃ កំភួនជើង ឬជើង
– បេះដូងលោត​ខ្លាំង​ ឬតឹងទ្រូង
– ឈឺទ្រូង​ ឬធ្ងន់ក្នុង​ទ្រូង ឈឺ​រាល​ដល់​ដៃ និង​ស្មា ក្អួត​ចង្អោរ បែក​ញើស​ខ្លាំង។

ផលរំខាន​មិន​សូវធ្ងន់ធ្ងរ៖

– ឈឺក្បាល
– វិលមុខ​ និង​ងងុយ​គេង
– ហត់
– ឈឺ​ពោះ
– អារម្មណ៍​ក្ដៅ ក្រហម ឬ ញ័រ។

មនុស្ស​​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់​ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​​ថ្នាំ​

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព Amlodipine ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំអាច​មាន​អន្តរ​កម្ម​ជា​មួយ​ឱសថ​នេះ​ដូចជា៖

– Simvastatin (Zocor, Simcor, Vytorin)
– ថ្នាំ​ផ្សេងៗ​ទៀត​ប្រើ​ព្យាបាល​ជំងឺ​បេះដូង​ ឬ​ព្យាបាល​សម្ពាធ​ឈាម។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្នដូចជា៖

– ចុក​ទ្រូង (Angina)
– គាំងបេះដូង ឬជំងឺបេះដូងស្រួចស្រាវ (Heart attack, heart acute)
– ជំងឺ​លើ​បេះដូង​ ឬ​សរសៃ​ឈាម​បេះដូង (Coronary Artery)
– សម្ពាធ​ឈាម​ធ្លាក់ចុះ (Hypotension)៖ ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន អាច​បណ្ដាល​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ។
– ជំងឺ​លើ​បេះដូង ឬ​បញ្ហា​បេះដូង​ផ្សេង​ទៀត (Aortic Stenosis)៖ ត្រូវ​ដោយ​ប្រុង​ប្រយ័ត្ន ថ្នាំ​នេះ​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កាន់​តែ​ធ្លាក់​ចុះ។
– ជំងឺ​ថ្លើម៖ ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ប្រសិទ្ធភាព​ថ្នាំ​អាច​នឹង​កើន​ឡើង​ខ្លាំង ​ដោយ​សារ​រាងកាយ​បញ្ចេញ​ចោល​សារធាតុ​ពុល​របស់​ថ្នាំ​យឺត​យ៉ាវ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

ជំងឺ​លើស​ឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង៖ ៥​មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង
– កម្រិត​ប្រើ​បន្ថែម៖ ៥-១០ មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង។

អ្នក​ជំងឺ​ស្គមស្គាំង ឬ​ទន់ខ្សោយ គួរ​ចាប់​ផ្ដើម​ប្រើ​ពី​កម្រិត ២,៥​មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង។

បញ្ហា​ចុកទ្រូង (Angina Pectoris)

កម្រិត​ថ្នាំ​សម្រាប់​បញ្ហា​ចុក​ទ្រូង​មិន​បាត់ ចុក​ទ្រូង​ដោយសារ​ត្បៀត​សរសៃ​ឈាម​បេះដូង (Vasospastic angina) អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង (Coronary Artery) មិនមែន​ខ្សោយ​បេះដូង ឬ​កម្រិត​ឈាម​បញ្ចេញ​ពី​បេះដូង (ejection fraction) តិច​ជាង ៤០​ភាគរយ ត្រូវ​ប្រើ ៥-១០ មិល្លីក្រាម លេប​មួយថ្ងៃម្តង។

អ្នក​ជំងឺ​ភាគ​ច្រើនមាន​បញ្ហា​ចុក​ទ្រូង​ជាប់​មិនបាត់ ឬ​ចុក​ទ្រូង​ដោយសារ​ត្បៀត​សរសៃឈាម​បេះដូង (Vasospastic angina) ត្រូវ​ការ​កម្រិត​ប្រើ ១០​មិល្លីក្រាម ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព​ព្យាបាល​គ្រប់គ្រាន់។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង (Coronary artery) ត្រូវ​ការ​កម្រិត​ប្រើ ១០​មិល្លីក្រាម។

ជំងឺ​សរសៃ​ឈាម​បេះដូង (Coronary Artery Disease)

កម្រិត​ថ្នាំ​សម្រាប់​បញ្ហា​ចុក​ទ្រូង​មិន​បាត់ ចុក​ទ្រូង​ដោយសារ​ត្បៀត​សរសៃ​ឈាម​បេះដូង (Vasospastic angina) អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង (Coronary Artery) មិនមែន​ខ្សោយ​បេះដូង ឬ​កម្រិត​ឈាម​បញ្ចេញ​ពី​បេះដូង (ejection fraction) តិច​ជាង ៤០​ភាគរយ ត្រូវ​ប្រើ ៥-១០ មិល្លីក្រាម លេប​មួយថ្ងៃម្តង។

អ្នក​ជំងឺ​ភាគ​ច្រើនមាន​បញ្ហា​ចុក​ទ្រូង​ជាប់​មិនបាត់ ឬ​ចុក​ទ្រូង​ដោយសារ​ត្បៀត​សរសៃឈាម​បេះដូង (Vasospastic angina) ត្រូវ​ការ​កម្រិត​ប្រើ ១០​មិល្លីក្រាម ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព​ព្យាបាល​គ្រប់គ្រាន់។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង (Coronary artery) ត្រូវ​ការ​កម្រិត​ប្រើ ១០​មិល្លីក្រាម។

១១- ក្មេងត្រូវប្រើកម្រិតណា?

ជំងឺ​លើស​ឈាម (Hypertension)

– អាយុ​ពី ៦-១៧ ឆ្នាំ៖ ២,៥-៥ មិល្លី​ក្រាម លេប​មួយ​ថ្ងៃ​ម្តង
– កម្រិត​ប្រើ​​លើសពី ៥​មិល្លីក្រាម មិន​ទាន់​ត្រូវ​បាន​សិក្សា​ទៅលើ​​អ្នក​ជំងឺ​ជាកុមារ​នៅ​ឡើយ។

១២- មានទម្រង់បែបណាខ្លះ?

Amlodipine អាច​មាន​ទម្រង់ និងកម្រិត​​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់​សម្រាប់​លេប ២,៥​មិល្លីក្រាម ៥​មិល្លីក្រាម និង ១០​ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 16, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019

អ្នកអាចចូលចិត្ត