Cetirizine + Pseudoephedrine (ឱសថ Cetirizine + Pseudoephedrine)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ឈ្មោះទូទៅ: Cetirizine + Pseudoephedrine (ឱសថ Cetirizine + Pseudoephedrine) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- គេប្រើ​ Cetirizine + Pseudoephedrine ព្យាបាលជំងឺអីខ្លះ?

​ថ្នាំ Cetirizine + Pseudoephedrine សម្រាប់​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​ មួយ​ចំនួន ​រួម​មាន ហូរ​ទឹក​ភ្នែក ហៀរ​សំបោរ ឬ​តឹង​ច្រមុះ រមាស់​ភ្នែក ច្រមុះ និង​កណ្តាស់។ ថ្នាំ​នេះ​មាន​សារធាតុ​ពីរ​មុខរួម​​បញ្ចូល​គ្នា​គឺ Cetirizine និង​ Pseudoephedrine។ Cetirizine ជា​ថ្នាំ​ Antihistamine មាន​ប្រសិទ្ធភាព​ប្រឆាំង​សារ​ធាតុ​ Histamine នៅ​ក្នុង​ខ្លួន​​យើង​ ដែល​ជាដើម​ហេតុ បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ Pseudoephedrine ជា​ពពួក​ថ្នាំ​ Decongestant ជួយ​ឲ្យ​សរសៃ​ឈាម​ក្នុង​ច្រមុះ​រួម​តូច ដើម្បី​កាត់​បន្ថយការ​ហើម និង​តឹង​ច្រមុះ។

ថ្នាំ​នេះ​មិន​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ក្មេង​អាយុ​តិច​ជាង ១២​ឆ្នាំ ​ប្រើ​ឡើយ ដោយ​សារ​តែ​មាន​ផ្ទុក​ជាតិ Pseudoephedrine ច្រើន​ពេក។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

បើ​ទិញ​ថ្នាំនេះ​នៅ​តាម​ឱសថស្ថាន ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​​តាម​ក្រដាស​ណែនាំ​មាន​នៅ​ក្នុងប្រអប់​ថ្នាំ។ ​ករណី​មាន​ចម្ងល់​ជុំវិញ​ការ​ប្រើ​ប្រាស់​ថ្នាំ ​អាច​ពិភាក្សា​ជា​មួយ​ឱសថការី។ បើ​គ្រូពេទ្យ​​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​មួយ​នេះ ​អាច​លេប​វា​ពេល​ញ៉ាំ​អាហារ​ ឬ​ក្រោយ​ញ៉ាំ​អាហារ ជាទូទៅ​ ​អាច​លេប ​២​ ដង​ក្នុង​មួយ​ថ្ងៃ រៀង​រាល់ ១២ ​ម៉ោង​ម្តង។

មិន​ត្រូវ​យក​ថ្នាំ​ទៅកិន ឬ​ទំពា​ឡើយ ព្រោះ​ជាប្រភេទ​មាន​ប្រសិទ្ធភាព​យូរ​ (Extended-release tablets) ធ្វើ​បែប​នេះ​អាច​បណ្តាល​ឲ្យ​ប្រសិទ្ធ​ភាព​លឿនត្រូវ​រាង​កាយ​ស្រូបលឿន នាំឲ្យ​មាន​ផល​រំខាន​កាន់​តែ​ច្រើន។ មិន​ត្រូវ​បំបែក​ថ្នាំ​ជា​ពីរ​ បើគ្មាន​ការ​ណែនាំ​ពីគ្រូពេទ្យ ដោយ​ត្រូវ​លេប​ ​ទាំង​មូល​ចូល​តែ​ម្តង។

កម្រិត​ប្រើ​ប្រាស់​ថ្នាំ អាស្រ័យ​លើ​អាយុ ស្ថាន​ភាព​ជំងឺ និង​ការ​ឆ្លើយ​ការ​ព្យាបាល។ មិន​ត្រូវ​បង្កើន​កម្រិត​ថ្នាំ ឬ​លេប​ថ្នាំ​លើស​កម្រិត​ណែនាំ​ឡើយ។

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ បើ​រោគ​សញ្ញា​មិន​បាន​ធូរ​ស្រាល ១​សប្តាហ៍ ​ក្រោយ​ការ​ព្យាបាល អាការៈ​កាន់​តែ​ធ្ងន់​ធ្ងរ ឬ​គ្រុន​ក្តៅ​ខ្លួន។

៣- រក្សា​ទុកដោយ​វិធី​ណា?

Cetirizine + Pseudoephedrine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Cetirizine + Pseudoephedrine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹងអី​ខ្លះ​មុន​​​ប្រើ?

មុន​ពេល​ប្រើ ​ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​យើង​មាន​ប្រតិកម្ម​ជា​មួយថ្នាំ Cetirizine, Pseudoephedrine, Hydroxyzine ឬ​មាន​ប្រតិកម្ម​ជា​មួយថ្នាំ​ផ្សេងទៀត។ ​ប្រាប់​គ្រូពេទ្យ​បើ​អ្នក​ធ្លាប់​មាន​បញ្ហា​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​បណ្តាល​មក​ពី​ថ្នាំ​ផ្សេង ស្រដៀង​ជា​មួយ​ថ្នាំនេះ​ ដូច​ជាក្រុមថ្នាំ Decongestants ផ្សេងៗ រួម​ទាំង​ថ្នាំ Phenylephrine ផង​ដែរ។ ថ្នាំ​នេះ​អាច​មាន​ផ្ទុក​សារធាតុផ្សំ​មិន​សកម្ម (Inactive ingredients) ​មួយ​ចំនួន ​បណ្តាល​ឲ្យ​​មាន​ប្រតិកម្ម។ សូម​ពិភាក្សា​ជាមួយ​ឱសថការី ដើម្បី​ដឹង​ព័ត៌​មាន​បន្ថែម។

មុន​ពេល​ប្រើ​ថ្នាំ​នេះ​ ត្រូវ​ប្រាប់​គ្រូពេទ្យ​ ឬឱស​ថការី​ បញ្ហា​សុខ​ភាព​របស់​យើង​ពី​មុន​ ជា​ពិសេស​បើ​មាន ជំងឺ​ទឹក​ដក់​បាត​ភ្នែក (Glaucoma) ពិបាក​នោម បណ្តាល​មក​ពី​រីក​ក្រពេញ​ប្រូស្តាត លើស​សម្ពាធ​ឈាម ជំងឺ​សរសៃ​ឈាម​បេះដូង លើស​អ័រម៉ូន​ទីរ៉ូអ៊ីត (Hyperthyroidism) ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​តម្រង​នោម និង​ជំងឺ​ថ្លើម​ជា​ដើម។

ថ្នាំ​នេះ​អាច​ធ្វើ​អោយ​អ្នក​ងងុយ ហេតុនេះ​មិន​ត្រូវ​បើកបរ ឬ​បញ្ជា​ម៉ាស៊ីន​ធំៗ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​គ្រប់​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាក់ រហូត​ទាល់​តែច្បាស់​ថា ​អាច​ធ្វើ​ការងារ​ទាំង​នោះ​ដោយ សុវត្ថិភាព និង​ត្រូវ​បន្ថយ​ផឹកស្រា​ផង​ដែរ។

មុន​ពេល​វះកាត់ សូម​ប្រាប់​ទៅ​វេជ្ជបណ្ឌិត​ ឬ​ទន្តពេទ្យ ​ពី​ថ្នាំពេទ្យ​យើង​កំពុង​ប្រើទាំង​មាន ឬគ្មាន​វេជ្ជបញ្ជា ក៏​ដូចជា​ឱសថ​បុរាណ​ផង​ដែរ។

មនុស្ស​ចាស់​អាច​មាន​ផល​រំខាន​ច្រើន​​ដូច​ជា បេះ​ដូង​លោត​ញាប់ និង​លោត​ខុស​ចង្វាក់ ងងុយ​គេង ពិបាក​នោម គេង​មិន​លក់ ឬ​វង្វេង​វង្វាន់​ជា​ដើម។

បើ​កំពុង​មាន​ផ្ទៃ​ពោះ អាច​ប្រើ​ថ្នាំ​នេះ​ក្នុង​ករណី​ចាំ​បាច់​តែ​ប៉ុណ្ណោះ។ គួរ​ពិភាក្សា​ពី​កត្តា​គ្រោះ​ថ្នាក់​ដោយ​សារ​​ថ្នាំ​ជាមួយ​គ្រូពេទ្យ​ជាមុន។

ថ្នាំ​នេះ​អាច​ឆ្លងតាម​ទឹក​ដោះ​ ហេតុនេះ​គូរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់​ថ្នាំ បើកំពុង​បំបៅ​ដោះ​កូន។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ផលរំខាន​ មាន​ដូចជា ​ងងុយ​គេង វិល​មុខ អស់​កម្លាំង ស្ងួត​មាត់ ចង្អោរ ឈឺ​ក្បាល ឬ​គេង​មិន​លក់​ អាច​ជា​កត្តា​ប៉ះ​ពាល់​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ។ បើ​មាន​បញ្ហា​ទាំង​អស់​នេះ ឬ​ផល​រំខាន​កើត​ឡើង​រយៈពេល​យូរ​ កាន់​តែ​ធ្ងន់ធ្ងរ​ សូម​ប្រាប់​គ្រូពេទ្យ​ ឬ​ឱសថការី​​ភ្លាម។ ពេល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​នេះ គាត់​បាន​ដឹង​ពី​គុណ​ប្រយោជន៍​របស់ថ្នាំ​ ច្រើន​ជាង​ផល​រំខាន ហើយ​មនុស្ស​ជា​ច្រើន​ប្រើ​ថ្នាំ​នេះ ក៏​មិន​មាន​បញ្ហា​ប៉ះ​ពាល់​អ្វី​ធ្ងន់ធ្ងរ​ដែរ។

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់​ បើមាន​បញ្ហា​ធ្ងន់​​ធ្ងរ ​ដូច​ជា ពិបាក​នោម ចង្វាក់​បេះ​ដូង​លោត​ញាប់ ឬ​លោត​មិន​ទៀង ញ័រ​ដៃ អារម្មណ៍​ឆាប់​ប្រែ​ប្រួល គិត​ច្រើន វង្វេង​រង្វាន់ បារម្ភ​ច្រើន នៅមិន​ស្ងៀម ឬ​អស់​កម្លាំង​ជា​ដើម។

ប្រញាប់​ទាក់​ទង​រក​ជំនួយ បើ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ជា​ពិសេស​មាន​អាការៈ​ប្រកាច់។ ផល​រំខាន​ធ្ងន់​ធ្ងរ​របស់​ថ្នាំ​មួយ​នេះ មិន​សូវ​កើត​មាន​ច្រើន​នោះ​ទេ ប៉ុន្តែ​យ៉ាង​ណា ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​បើ​​មាន​បញ្ហា​ដូច​ជា មាន​ប្រតិកម្ម​ស្បែក ឡើង​រមាស់ ហើម​ កន្ទួល ​ពិសេស​នៅ​លើ​មុខ មាត់ ​បំពង់​ក វិល​មុខ​ខ្លាំង និងពិ​បាក​ដក​ដង្ហើម។

មនុស្ស​គ្រប់​គ្នា មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព​ថ្នាំ Cetirizine + Pseudoephedrine ថយ​ចុះ ​​ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ពេល​ប្រើ​ថ្នាំ MAO inhibitors ជា​មួយ​ថ្នាំ​នេះ​ អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​អន្តរ​កម្ម​​ធ្ងន់​ធ្ងរ (អាច​បណ្តាល​ឲ្យស្លាប់)។ ត្រូវ​ចៀស​វាង​កុំ​ប្រើ​ប្រាស់​ថ្នាំ MAO inhibitors មួយ​ចំនួន ​ដូច​ជា Isocarboxazid, Linezolid, Methylene Blue, Moclobemide, Phenelzine, Procarbazine, Rasagiline, Safinamide, Selegiline, Tranylcypromine អំឡុង​​ប្រើ​​ថ្នាំ​នេះ។ ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ ទាំងពេល​ចាប់​ផ្តើម និង​ពេល​ឈប់​ប្រើ​។

ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​បើ​អ្នក​មាន​លេប​ថ្នាំ​ដទៃ ហើយ​ធ្វើ​ឲ្យ​យើង​ងងុយ​គេង ដូច​ជា​ថ្នាំ បំបាត់​ឈឺ​ចាប់ Opioid ឬ​ថ្នាំ​បំបាត់​ក្អក Codeine, Hydrocodone​ គ្រឿង​ស្រវឹង គ្រឿង​ញៀន ថ្នាំ​ងងុយ​គេង​ ឬ​ថ្នាំ​ព្យាបាល​ជំងឺ​គិត​ច្រើន ​ដូច​ជា Alprazolam, Lorazepam, Zolpidem) ថ្នាំ​បន្ធូរ​សាច់​ដុំ មាន Carisoprodol, Cyclobenzaprine) ឬ​ថ្នាំ Antihistamines ផ្សេង​ទៀត ដូច​ជា Chlorpheniramine និង Diphenhydramine ជាដើម។

អាច​អាន​គ្រឿង​ផ្សំ​របស់​ថ្នាំ​ ​មាន​ស្រាប់​នៅ​ក្នុង​ប្រអប់​ថ្នាំ ដូច​ជា​ថ្នាំ អាលែកហ្ស៊ី ឬ​ថ្នាំ​ក្អក​ផ្តាសាយ ព្រោះ​ថ្នាំ​ទាំង​នេះ អាច​មាន​គ្រឿង​ផ្សំ​ធ្វើ​ឲ្យ​យើង​ងងុយ​គេង មាន​ផ្ទុក​ជាតិ Phenylephrine ជាដើម។ សាក​សួរ​គ្រូពេទ្យ​ ដើម្បី​ដឹង​សុវត្ថិភាព​​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។

​មិន​ត្រូវ​ប្រើ​ថ្នាំ​មួយ​នេះ​ជា​មួយ​ប្រភេទ​ថ្នាំ​ Antihistamines សម្រាប់​លាប​លើ​ស្បែក​ ដូច​ជា Diphenhydramine Cream, Ointment និង Spray ដោយ​សារ​ថ្នាំ​ទាំងនេះ​អាចបង្ក​ផល​ប៉ះ​ពាល់​របស់​ថ្នាំ កើត​ឡើង​កាន់​តែ​ច្រើន។

Cetirizine ស្រដៀង​គ្នា​ជា​មួយ​​ថ្នាំ Hydroxyzine និង Levocetirizine ដែរ។ មិន​ត្រូវ​ប្រើ​ថ្នាំ​ទាំង​ពីរ​មុខ​នេះ ពេល​​ប្រើ​ថ្នាំ Cetirizine ឡើយ។

ថ្នាំ​នេះ​ក៏​អាច​ប៉ះពាល់​លទ្ធផល​ពិនិត្យ​សុខ​ភាព ដូច​ជា ​តេស្ត​ពិនិត្យ​ស្បែក​រក​មើល​អាលែកហ្ស៊ី ធ្វើ​ឲ្យ​លទ្ធផល​តេស្ត​ចេញ​មក​ខុស។ ដូច​នេះ​​ត្រូវ​ប្រាកដ​ថា បាន​ប្រាប់​គ្រូពេទ្យ​ធ្វើ​តេស្ត និង​គ្រូពេទ្យ​ជាមុន ឲ្យ​​ដឹង​ថា​យើង​កំពុង​ប្រើ​ថ្នាំ​នេះ។

៨- អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាព​មួយ​ចំនួន ធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

កម្រិតប្រើ​ព្យាបាល​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ

លេប​ថ្នាំ​ម្តង​ ១គ្រាប់ (៥-១២០ មិល្លីក្រាម) លេប​ ២​ ដង/​ថ្ងៃ។

កម្រិត​ថ្នាំ​ទៅ​តាម​ស្ថាន​ភាព​តម្រង​នោម

CrCl តិច​ជាង ៣០​មិល្លីលីត្រ/​នាទី៖ លេប​មួយ​ថ្ងៃ ១​គ្រាប់។

កម្រិត​ថ្នាំ​ទៅ​តាម​ស្ថាន​ភាពថ្លើម

ជំងឺ​ខ្សោយ​ថ្លើម​ លេប​មួយ​ថ្ងៃ​ ១​គ្រាប់។

គួរ​ប្រុង​ប្រយ័ត្ន

ដោយ​សារ​តែ​ថ្នាំ​មាន​ផ្ទុក​ជាតិ Pseudoephedrine ដូច​នេះ​​ត្រូវ​ប្រើ ដោយ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ជា​មួយ​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ស្លោក​សាច់​ដុំ​បេះ​ដូង (Ischemia Heart Disease) ឡើង​សម្ពាធ​ក្នុង​គ្រាប់​ភ្នែក លើស​អ័រម៉ូន​ទីរ៉ូអ៊ីត ខ្សោយ​តម្រង​នោម និង​ហើម​ក្រពេញ​ប្រូស្តាត។

ក្នុង​ការ​ពិសោធន៍​រក​ឃើញ​ថា ក្រោយ​ពេល​លេប​ថ្នាំ​នេះបណ្តាល​ឲ្យងងុយ​គេង។ ដូច​នេះ​អ្នក​មិន​ត្រូវ​បើក​បរ ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន​បន្ទាប់​ពី​លេប​ថ្នាំ​រួចទេ។ ​មិន​ត្រូវ​ពិសារ​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំ​បង្អាក់​មុខ​ងារ​របស់​ប្រព័ន្ធ​ប្រសាទ (CNS) ឡើយ ព្រោះ​​អាច​បណ្តាល​ឲ្យ​ការ​ប្រុង​ប្រយ័ត្ន​របស់​យើង​កាន់​តែ​ធ្លាក់​ចុះ។

ត្រូវ​លេប​ថ្នាំ​ចូល​ទាំង​មូល មិន​ត្រូវ​ទំពារ​ ឬ​កិន​បំបែក​ថ្នាំ។

​សម្រាប់​អ្នក​ជំងឺ​លាង​ឈាម

កម្រិត​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​លាង​ឈាម កម្រិត ​CrCL តិច​ជាង ៧​មិល្លីលីត្រ​/នាទី ត្រូវ​លេប ១​គ្រាប់ រៀង​រាល់​ ២៤ ម៉ោង​ម្ដង។

១១- ក្មេងត្រូវប្រើកម្រិតណា?

កម្រិត​ព្យាបាល​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ

– ក្មេង​អាយុ​លើស​ពី ១២ ឆ្នាំ៖ លេប​ថ្នាំ ១​គ្រាប់ (​៥-១២០ ​មិល្លីក្រាម) លេប​ ២​ ដង​/​ថ្ងៃ។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ Cetirizine + Pseudoephedrine មាន​ក្នុង​កម្រិត និង​ទម្រង់​ជាថ្នាំ​គ្រាប់។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 30, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019

ប្រភព
អ្នកអាចចូលចិត្ត