Enalapril (ឱសថ Enalapril)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ឈ្មោះទូទៅ: Enalapril (ឱសថ Enalapril) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Enalapril ព្យាបាលជំងឺអីខ្លះ?

Enalapril ​ឱសថ​ស្ថិត​ក្នុង​ក្រុម​ថ្នាំ​ ACE inhibitors មានប្រសិទ្ធភាព​ជួយ​សម្រួល​សរសៃ​ឈាម​ ឈាម​រត់​បាន​ល្អ ​និង​ងាយ​ស្រួល​ជាង​មុន។ ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​ឈាម ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ជួយ​​ ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។ គ្រូពេទ្យ តែងតែ​​ប្រើ​ព្យាបាល​អ្នកមានជំងឺ​ខ្សោយ​បេះដូង​ ជួយការពារ​បញ្ហា​បេះ​ដូង​មួយចំនួន ​ដូចជា ខូចមុខងារ​ថត​បេះដូង​ខាងឆ្វេង​ផ្នែក​ខាង​ក្រោម ​(Left Ventricular Dysfunction) កុំ​ឲ្យ​វិវត្ត​ទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង។

– ការ​ប្រើប្រាស់​ផ្សេង​ទៀត៖ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ​ ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ​ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។

Enalapril អាច​ប្រើ​​ជួយ​ការពារ​តម្រង​នោម​កុំ​ឲ្យ​ខូចខាត​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ត្រូវ​លេប Enalapril ​ ជា​មួយ​អាហារ​ក៏បាន ឬ​ពោះ​ទទេ អាស្រ័យ​លើ​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ ហើយ​ជា​ទូទៅ អាចប្រើ ១-២ ដង/​ថ្ងៃ។

ត្រូវ​ប្រុង​ប្រយ័ត្ន​វាស់​កម្រិត​ប្រើ ​ជាមួយ​ឧបករណ៍​សម្រាប់​វាស់ (ស្លាបព្រា​ថ្នាំ) តែ​ប៉ុណ្ណោះ ហាម​​វាស់​កម្រិត​ថ្នាំ​ដោយ​ប្រើ​​ស្លាបព្រា​ធម្មតា​ ព្រោះ​​អាច​ធ្វើ​ឲ្យ​កម្រិត​ថ្នាំ​មិន​ត្រឹម​ត្រូវ។

កម្រិត​ប្រើ​ថ្នាំ ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល​ និងក្មេងៗ កម្រិតប្រើ​ថ្នាំ​អាស្រ័យ​លើ​ទម្ងន់។

សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។

ព្យាបាល​ករណី​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​ចំណាយ​ពេល ​២-៤​ សប្តាហ៍ ​ទើប​អាច​ទទួល​បាន​ប្រសិទ្ធភាព​ពេញលេញ​ពី​ថ្នាំនេះ។ ​ព្យាបាល​ខ្សោយ​បេះដូង​ ​ត្រូវ​ចំណាយ​ពេល​ច្រើនស​ប្តាហ៍​ អាច​ដល់​រាប់​ខែ ​ទើប​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ពេញលេញ។

ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែ​ធ្ងន់​ធ្ងរ ពិសេស​សម្ពាធ​ឈាម​កាន់ឡើង​ខ្ពស់។

៣- រក្សា​ទុកដោយ​វិធី​ណា?

Enalapril អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Enalapril ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ?

មុនសម្រេច​ចិត្ត​​លេប​ថ្នាំ ​Enalapril ចាំ​បាច់​ត្រូវ​ដឹង​អ្វី​គួរធ្វើ​ដូចជា៖

– ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី ​បើយើង​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ Enalapril, Benazepril, Captopril, Fosinopril, Lisinopril, Moexipril, Perindopril, Quinapril, Ramipril, Trandolapril ឬ​ថ្នាំ​ផ្សេងៗ​ទៀត។

– ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​រាល់​ថ្នាំ​ទាំង​មាន ​ឬ​គ្មាន​វេជ្ជបញ្ជា ពពួក​វីតាមីន​ អាហារ​បំប៉ន​ និង​ឱសថ​បុរាណ​ដែល​អ្នក​កំពុង​ប្រើ។ ត្រូវ​ប្រាកដ​ដែរ​ថា​បាន​ប្រាប់​ទៅ​វេជ្ជបណ្ឌិត​ឬ​ឱសថការី អំពី​ថ្នាំ​ដែល​រៀបរាប់​ទាំងនេះ​មាន​ដូចជា​៖ Aspirin និងពពួក​ថ្នាំ Nonsteroidal anti-inflammatory (NSAID) ពពួក​ថ្នាំ​បញ្ចុះ​ទឹកនោម​ Lithium និង​ពពួក​អាហារ​បំប៉ន​ដែល​មាន​សារជាតិ ប៉ូតាស្យូម​ផ្សេង​ទៀត។ ករណី​នេះ ​វេជ្ជបណ្ឌិត​អាច​នឹង​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​របស់​អ្នក​ ឬ​អាច​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​ទៅលើ​ផល​រំខាន​របស់​ថ្នាំ។

– ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត បើ​យើង​ធ្លាប់​មាន​ជំងឺ​បេះដូង​ ឬ​ជំងឺ​តម្រង​នោម​ ជំងឺ Lopus ជំងឺ Scleroderma ទឹក​នោម​ផ្អែម ឬ​ជំងឺ Angioedema ដែល​ជា​អាលែកហ្ស៊ី​ម្យ៉ាង នាំ​ឲ្យ​ពិបាក​​លេប​ ​ដក​ដង្ហើម ​ឈឺ​ចាប់​ ហើម​មុខ​ បំពង់ក​ អណ្ដាត បបូរមាត់ ភ្នែក ដៃ ជើង កំភួនជើង ឬ​កជើង។

– ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត ​បើយើង​មានផែនការ​យក​បេប៊ី ឬ​កំពុង​តែ​បំបៅ​ដោះ​អាអូន។

– បើយើង​នឹង​ត្រូវ​វះកាត់​ករណី​អ្វីមួយ រាប់​បញ្ចូល​ទាំង​វះកាត់​បញ្ហា​មាត់​ធ្មេញ​ ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត ឬ​ទន្តពេទ្យ​​ យើង​កំពុង​ប្រើប្រាស់​ថ្នាំ Enalapril។

– គួរ​តែ​ដឹង​ថា​អាការៈ​រាក ក្អួត ផឹកទឹក​មិន​គ្រប់​គ្រាន់ និង​បែក​ញើស​ខ្លាំង​ អាច​បណ្ដាល​ឲ្យ​ធ្លាក់​ចុះ​សម្ពាធ​ឈាម ​អាច​​អារម្មណ៍​ស្រាល​ក្បាល និង​សន្លប់​ជាដើម។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

​សូមពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើថ្នាំ Enalapril​ ព្រោះជា​រឿង​ចាំបាច់យើងត្រូវដឹង​មុន​សម្រេច​ចិត្ត។

– អំឡុងពេល​មាន​ផ្ទៃ​ពោះ៖ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

– អំឡុងពេល​បំពៅ​ដោះ​កូន៖ ការសិក្សា​ទៅ​លើ​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន បង្ហាញ​ថា ថ្នាំ​នេះ​មាន​ហានិភ័យ​តិចតួច ​ទៅ​លើបេប៊ី អំឡុងពេល​ម៉ាក់ៗកំពុងបំបៅ​ដោះ​ផង ប្រើប្រាស់​ថ្នាំ​នេះផង។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

សូម​ស្វែងរក​ជំនួយ​សង្គ្រោះ​បន្ទាន់​ភ្លាម​ ​បើ​មាន​អាការៈ​ប្រតិកម្ម​​ដូច​ជា កន្ទួលក្រហម ឈឺពោះ​ខ្លាំង ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរ​មាត់​ អណ្ដាត ឬ​បំពង់ក។

ប្រញាប់​ទាក់​ទង​ទៅគ្រូពេទ្យភ្លាម បើមាន​ផល​រំខាន​ធ្ងន់ធ្ងរដូចជា៖

– មាន​អារម្មណ៍​ជិត​សន្លប់

– នោម​ច្រើន ​ឬ​តិច​ជាង​ធម្មតា ​ឬ​គ្មាន​នោម​សោះ

– ហើម ឡើង​ទម្ងន់​លឿន

– ខ្សោយ​ វង្វេង​វង្វាន់​ ស្រេក​ទឹក​ខ្លាំង មិន​ឃ្លាន​ ក្អួត បេះដូង​លោត​ញាប់ ឬ​​អារម្មណ៍​ខុសប្រក្រតី​នៅ​ក្នុង​ទ្រូង។

– គ្រុនក្ដៅ រងា ឈឺ​រាងកាយ មាន​សញ្ញា​ផ្ដាសាយ

– ស្បែក​ស្លេក​ ងាយ​មាន​ស្នាម ហូរ​ឈាមខុសធម្មតា

– បេះដូង​លោត​ខ្លាំង ម្តងញាប់ ម្តងយឺត

– កើន​ឡើង​កម្រិត​ប៉ូតាស្យូម

– ឈឺ​ទ្រូង

– ស្បែក​ ឬ​ភ្នែក​ប្រែ​ពណ៌​លឿង (Jaundice)។

– ផល​រំខានតិច​តួច​រួម​មាន៖ ក្អក បាត់​រស​ជាតិ ​លែងឃ្លានអាហារ វិលមុខ ងងុយគេង ឈឺក្បាល គេង​មិន​លក់​ ស្ងួត​មាត់ ចង្អោរ ក្អួត រាក ទល់លាមក ឬ​រមាស់​ស្បែក​តិចៗ ឬ​ចេញ​កន្ទួល​រមាស់។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

Enalapril អាចមាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរអំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់​ ​ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ប្រាប់​វេជ្ជបណ្ឌិត​ គ្រប់​ប្រភេទថ្នាំ​​ទាំងអស់​យើង​បាន​ប្រើ និង​​ចាប់​ផ្ដើម​ប្រើ ឬឈប់​ប្រើ​អំឡុង​ពេល​ធ្វើការ​ព្យាបាល​ជាមួយ ថ្នាំ​ Enalapril ពិសេសថ្នាំ Lithium ថ្នាំ​បញ្ចុះ​ទឹក​នោម ថ្នាំចាក់​ព្យាបាល​ជំងឺ​រលាក​សន្លាក់ អាហារ​បំប៉នមាន​សារធាតុ​ប៉ូតាស្យូម​ ដូចជា Cytra, Epiklor, K-Lyte, K-Phos, Kaon, Klor-Con ឬ Polycitra ក៏ថ្នាំ Aspirin ពពួកថ្នាំ​ NSAIDs (non-steroidal anti-inflammatory drugs) ថ្នាំ Ibuprofen (Advil, Motrin) ថ្នាំ Naproxen (Aleve), Celecoxib, Diclofenac, Indomethacin, Meloxicam និង​ថ្នាំ​ផ្សេង​ទៀត។

ក្រៅ​ពី​ថ្នាំ​រៀប​រាប់​ខាង​លើ នៅ​មានថ្នាំ​ដទៃ​ទៀត ទាំងមាន ឬ​គ្មាន​វេជ្ជបញ្ជា ពពួក​វីតាមីន និង​ ​ផលិតផល​ផលិត​ចេញ​ពី​រុក្ខជាតិ ក៏​អាច​មាន​អន្តរអំពើ​ដូចគ្នា។ មិនមែន​គ្រប់​អន្តរ​អំពើ​ថ្នាំ ​ទាំង​អស់​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​អត្ថបទ​ណែនាំ​នេះ​ទេ។

៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង

ថ្នាំ Enalapril អាច​មាន​ប្រតិកម្ម​ជាមួយ​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- អន្តរកម្មជាមួយសុខភាព

Enalapril អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន​របស់​យើង​ ពិសេស​បើ​ធ្លាប់​មាន​ប្រវត្តិ​ប្រតិកម្ម ឬ​មាន​ជំងឺ​មួយ​ចំនួន​ដូច​ជា៖

– ធ្លាប់​កើត​ជំងឺ​អាលែកហ្ស៊ី Angioedema ពីមុន ដូចជា ​ហើម​មុខ បបូរមាត់ អណ្ដាត បំពង់ក ដៃ ​ឬ​ជើង ព្រោះអាច​កើន​ហានិភ័យ ​កើត​ឡើងវិញ​ជាថ្មី

– Collagen Vascular Disease (ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ម៉្យាង) រួម​ជាមួយ​ជំងឺ​តម្រងនោម ​អាច​មាន​ហានិភ័យ​ពាក់ព័ន្ធ​​បញ្ហា​ឈាម

– ជំងឺ​ទឹកនោមផ្អែម​ ឬបញ្ហា​តម្រង​នោម នាំ​មាន​ហានិភ័យ​កើន​កម្រិត​ប៉ូតាស្យូម​នៅ​ក្នុង​រាងកាយ​ឡើង​ខ្ពស់

– អ្ន​កជំងឺទឹកនោមផ្អែម ​ប្រើ​ថ្នាំ​ Aliskiren (Tektuma ®)

– ជំងឺតំណពូជ (Hereditary) ឬជំងឺអាលែកហ្ស៊ី (Idiopathic angioedema) មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ

– អេឡិចត្រូលីត​មិន​គ្រប់​គ្រាន់ (កំហាប់​សូដ្យូម​ទាប​ក្នុង​ឈាម)

– ជាតិ​ទឹក​មិន​គ្រប់​គ្រាន់ (​បណ្ដាល​មក​ពី​ខ្វះ​ជាតិទឹក ក្អួត ឬ​រាក)

– បញ្ហា​បេះដូង ​និង​សរសៃឈាម ដូចជា ជំងឺ Aortic Stenosis ជំងឺ Hypertrophic Cardiomyopathy

– ជំងឺ​តម្រង​នោម

– ជំងឺ​ថ្លើម៖ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​អាច​ធ្វើ​ឲ្យ​​ស្ថានភាព​ថ្លើម​កាន់​តែ​ធ្ងន់ធ្ងរ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង (ថ្នាំ​គ្រាប់​ ឬ​សូលុយស្យុង)៖ ៥មិល្លីក្រាម មួយ​ដង/ថ្ងៃ។

– កម្រិត​ប្រើ​បន្ថែម (ថ្នាំ​គ្រាប់​ ឬ​សូលុយស្យុង)៖ ១០-៤០ មិល្លីក្រាម លេប​តែ​ម្ដង ឬ​ចែក​ជា ២ ដង។

– កម្រិត​អតិបរមា៖ ៤០​មិល្លីក្រាម លេប​តែ​ម្ដង​ក្នុង​មួយ​ថ្ងៃ ឬចែក​ជា​ ២ដង។

ករណី​ប្រើ​ថ្នាំ Enalapril ​រួម​ជាមួយ​ពពួក​ថ្នាំបញ្ចុះ​ទឹកនោម

– កម្រិត​ប្រើ​ដំបូង៖ ២,៥ មិល្លីក្រាម លេប​ម្ដង​ក្នុង​មួយ​ថ្ងៃ។

– ប្រសិន​ជា​អាច គួរ​ផ្អាក​ថ្នាំ​បញ្ចុះ​ទឹក​នោម ២-៣ ថ្ងៃ មុនចាប់​ផ្ដើម​ព្យាបាល​ជាមួយ​ថ្នាំ​ Enalapril។ បើ​ចាំបាច់​ត្រូវ​ការ​ព្យាបាល​ដោយ​ថ្នាំបញ្ចុះ​ទឹកនោម​ គួរ​តែ​បន្តបន្តិច​ម្ដងៗ។

– ប្រភេទ​ថ្នាំ​ចាក់៖ ១,២៥-៥ មិល្លីក្រាម ចាក់​តាម​សរសៃ (IV) លើស ៥នាទី រៀងរាល់ ៦ ម៉ោង។

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញវ័យ​​មាន​ជំងឺ​ខ្សោយ​បេះដូង (Congestive heart failure)

– កម្រិត​ប្រើ​ដំបូង៖ ២,៥​មិល្លីក្រាម លេប​ម្ដង​ក្នុង​មួយ​ថ្ងៃ។

– កម្រិត​ប្រើ​បន្ថែម៖ ២,៥-២០ មិល្លីក្រាម ចែក​ជា ២ ដង/​ថ្ងៃ។

– កម្រិត​អតិបរមា៖ ៤០​មិល្លីក្រាម ចែក​ជា ២ ដង/​ថ្ងៃ។

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញវ័យ​មានជំងឺ Left ventricular dysfunction (ខូច​ថត​បេះដូង​ខាង​ឆ្វេង ផ្នែក​ខាង​ក្រោម)

– កម្រិត​ប្រើ​ដំបូង៖ ២,៥​មិល្លីក្រាម លេប ២ ដង/​ថ្ងៃ។

– កម្រិត​ប្រើ​បន្ថែម៖ ២០​មិល្លីក្រាម/ថ្ងៃ​ ចែក​ជា ២ ដង/ថ្ងៃ។

១១- ក្មេងត្រូវប្រើកម្រិតណា?

កម្រិត​ប្រើ​ទូទៅ​សម្រាប់​ក្មេងៗមានជំងឺ​លើស​សម្ពាធ​ឈាម (Hypertension)

– ថ្នាំ​គ្រាប់​សម្រាប់​លេប ឬ​សូលុយស្យុង​ផឹក៖ សម្រាប់​ក្មេង​ពី​អាយុ​ ១ខែ ដល់ ១៧ឆ្នាំ។

– កម្រិត​ប្រើ​ដំបូង៖ ០,០៨ មិលី្លក្រាម/គីឡូ/ថ្ងៃ (អាច​កើន​ដល់ ៥ មិល្លី​ក្រាម) ចែក​ជា ១-២ ដង។ កែ​តម្រូវ​កម្រិត​ថ្នាំ​អាស្រ័យ​លើ​លទ្ធផល​ក្រោយ​​ព្យាបាល។

– កម្រិត​អតិបរមា៖ កម្រិត​ដែល​ធំ​ជាង ០,៥៨ មិលី្លក្រាម/គីឡូ (៤០ មិល្លីក្រាម) មិន​ធ្លាប់​​សាក​ប្រើ​ទៅ​លើអ្នក​ជំងឺ​ក្មេងៗ​នៅ​ឡើយ​ទេ។

១២- មានទម្រង់បែបណាខ្លះ?

– សូលុយស្យុង​សម្រាប់​ផឹក៖ ១ មិល្លីក្រាម/មិល្លីលីត្រ (១៥០ មិលី្លលីត្រ)

– ថ្នាំ​គ្រាប់​សម្រាប់​លេប៖ ២,៥​មិល្លីក្រាម ៥​មិល្លីក្រាម ១០​មិល្លីក្រាម និង ២០​ មិល្លីក្រាម។

១៣-ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤-ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 7, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019

អ្នកអាចចូលចិត្ត