Isoprenaline (Isoproterenol) (ឱសថ Isoprenaline)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ឈ្មោះទូទៅ: Isoprenaline (Isoproterenol) (ឱសថ Isoprenaline) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ការ​ប្រើ​ប្រាស់​

១- ថ្នាំ Isoprenaline (isoproterenol) ព្យាបាលជំងឺ​អ្វីខ្លះ?

Isoprenaline ជា​ពពួក​ថ្នាំ​បង្កើន​កម្លាំង​ដល់​ប្រព័ន្ធ​ប្រសាទ​ សាំប៉ាទិក​ (sympathomimetic) ដោយ​ជួយ​ឲ្យ​សរសៃ​ឈាម​សម្រាក និង​បេះ​ដូង​ច្របាច់​បាន​ល្អ ​ជួយ​សម្រួល​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​នៅ​ពេល​ប្រើ​ប្រាស់​ថ្នាំ​សណ្ដំ ដើម្បី​ឲ្យ​ដក​ដង្ហើម​បាន​ស្រួល។

ជាទូទៅ គេ​ប្រើ Isoprenalin ក្នុង​ការ​ព្យាបាល​ជំងឺ​ទាក់​ទង​ទៅ​នឹង​បញ្ហា​​បេះ​ដូង​ ដូចជា​ ជំងឺ​គាំង​បេះ​ដូង​ ​ជំងឺ​ខ្សោយ​បេះដូង ​បញ្ហា​សរសៃ​ឈាម​ និង​បញ្ហា​ខ្លះ​ទាក់​ទង​នឹង​ចង្វាក់​បេះ​ដូង​ដើរ​មិន​ស្មើ (heart block)។​ គេ​ក៏​ប្រើ​ឱសថ​នេះ​នៅ​ពេល​ប្រើ​ថ្នាំ​សណ្ដំ​ដើម្បី​ព្យាបាល​អាការៈ​រួម​តូច​​ផ្លូវ​ដង្ហើម​ផង​ដែរ។

ឱសថ​នេះ​អាច​នឹង​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត សូម​សួរ​ទៅ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

Isoprenalin ជាថ្នាំ​ប្រភេទ​ចាក់ ​មាន​តែ​នៅ​តាម​មន្ទីរពេទ្យ និង​គ្លីនិក​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​​តម្រូវ​ឲ្យ​ប្រើ​នៅ​ផ្ទះ សូម​ធ្វើតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អំពី​របៀប​ចាក់​ថ្នាំ​ដោយ​ប្រុង​ប្រយ័ត្ន។

សូម​កុំ​ប្រើ​ឱសថ​នេះ​ប្រសិន​បើ​ យើង​ឃើញ​មាន​កករ ប្រែ​ពណ៌​ថ្នាំ ដប​ឱសថ​ប្រេះ​បែក ឬ​ខូច។

ត្រូវ​ទុក​ថ្នាំ សឺរ៉ាំង និង​ម្ជុល​ឲ្យ​ផុត​ពី​ដៃ​ក្មេង​ និង​សត្វ​ចិញ្ចឹម។ មិន​ត្រូវ​ប្រើ​ប្រាស់​សឺរ៉ាំង ម្ជុល​ឬ​សម្ភារៈ​ផ្សេង​ៗ ​ម្តង​ទៀត​ទេ ហើយ​ត្រូវ​បោះ​ចោល​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​ប្រើ​ប្រាស់​រួច។

សូម​សួរ​ពី​របៀប​វេច​ខ្ចប់ បោះ​ចោល​សំរាម​ប្រភេទ​នេះ​ពី​គ្រូ​ពេទ្យ​ ឬ​ឱសថការី​ ក៏​ដូច​ជា​សំណួរផ្សេង​ៗ​ទៀត​បើ​មាន​ចម្ងល់។

៣- រក្សា​ទុកដោយ​វិធី​ណា?

មាន​វិធី​ ២​ យ៉ាង​សម្រាប់​រក្សា​ទុកថ្នាំនេះ៖

– សីតុណ្ហភាព​ក្នុង​បន្ទប់៖ អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Isoprenaline ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

– ទូ​ទឹក​កក៖ កន្លែង​ល្អ​បំផុត​មួយ​ទៀត​សម្រាប់​ទុក​ គឺក្នុងទូ​ទឹក​កក ប៉ុន្តែ​មិន​មែន​ទុក​កន្លែង​កក​ឡើយ។ប្រភេទ​​សារធាតុ​​ថ្នាំ​​ខុស​ៗ​គ្នា ដូច​​នេះ​​របៀប​ក្នុង​ការ​ទុក​ដាក់​ក៏​ខុស​គ្នា​ដែរ។​ អ្នក​ត្រូវ​តែ​ត្រួត​ពិនិត្យ​ការ​ណែនាំ​ក្នុង​ការ​ទុក​សារធាតុ​ទាំង​នេះ​ ឲ្យ​បាន​ច្បាស់​ ឬសួរ​ឱសថការី​ផ្ទាល់​តែ​ម្តង។ ដើម្បី​សុវត្ថិភាព ​គួរ​ទុក​ថ្នាំ​ទាំង​នេះ​ឲ្យ​ឆ្ងាយ​ពី​ដៃ​​ក្មេង​ឬ​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សំ​នៃ​ isoproterenol
– កំពុង​មាន​ផ្ទៃ​ពោះ​ ឬ​មាន​បំណង​ចង់​មាន​ផ្ទៃ​ពោះ ឬ​កំពុង​បំបៅដោះ​កូន
– កំពុង​ប្រើ​ប្រាស់​ថ្នាំ​ដទៃ​ទៀត​ ទាំង​ថ្នាំ​ដែល​ចេញ​ដោយ​គ្រូ​ពេទ្យ​ និង​ថ្នាំ​ទិញ​ញ៉ាំ​ដោយ​ខ្លួន​ឯង
– មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដទៃ​ទៀត​ អាហារ​ ឬ​សារធាតុ​ផ្សេង​ៗ
– ងាយ​រង​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ​ពួក​អាមីន​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ (sympathomimetic amines) ដូចជា​ ថ្នាំ Phenylephrine។

កំណត់ចំណាំ

– Isoprenaline អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្រវាំង​ភ្នែក ឬ​វិល​មុខ។ មិន​ត្រូវ​បើក​បរ បញ្ជា​គ្រឿង​ម៉ាស៊ីន​ ឬ​ធ្វើ​អ្វី​ដែល​អាច​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ។ ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ​តែ​ឯង​ ជាមួយ​ថ្នាំ​ដទៃ ឬ​ស្រា​ អាច​បង្ក​គ្រោះ​ថ្នាក់​ពេល​បញ្ជា​យានយន្ត ឬ​ពេល​បើកបរ។
– ផលិត​ផល​ខ្លះ​ផ្ទុក​ជាតិ​ ស៊ុលហ្វីត​ ​អាចនាំ​ឲ្យ​មាន​អាលែកហ្ស៊ី​ទៅលើ​អ្នក​ជំងឺ​ខ្លះ ​(ឧទាហរណ៍ អ្នក​ជំងឺ​ហឺត)។ ក្នុង​ករណី​ធ្លាប់​​អាលែកហ្ស៊ី​ជាមួយ​សារធាតុស៊ុលហ្វីត​ពី​មុន ​​ត្រូវ​សួរ​គ្រូ​ពេទ្យ​ថា​ថ្នាំ​នេះ​មាន​ជាតិ​ស៊ុលហ្វីត ​ឬ​អត់។
– ​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ ឬ​ពេទ្យ​ធ្មេញ ថា​អ្នក​កំពុង​ប្រើថ្នាំ Isoproternol មុន​ពេល​មាន​ការ​ព្យាបាល​ផ្សេង​ៗ ឬ​ពេល​សង្គ្រោះ​បន្ទាន់ ឬ​វះ​កាត់។
– គួរ​ធ្វើ​តេស្ត​មួយ​ចំនួន​រួម​មាន​ សម្ពាធឈាម ឧស្ម័ន​ក្នុង​ឈាម លំហូរ​ទឹក​នោម ចង្វាក់​បេះ​ដូង​ និង​ដំណើរ​ការ​បេះ​ដូង ដើម្បី​តាម​ដាន​ពី​ផល​រំខាន​របស់​ថ្នាំ​នេះ។
– ប្រើ​ isoprenaline ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កូន​ក្មេង​ ដោយ​សារ​ពុំ​ទាន់​មាន​ការ​បង្ហាញ​ពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​លើ​ក្មេង​ឡើយ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

– ពេល​មាន​ផ្ទៃ​ពោះ៖ គេ​មិន​ទាន់​ដឹង​ថា isoprenaline អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​នៅ​ឡើយ​ទេ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​អំពី​អត្ថ​ប្រយោជន៍ និង​ហានិភ័យ​ផ្សេង​ៗ មុនប្រើ​ថ្នាំ​នេះ។

– ពេល​បំបៅ​ដោះ​កូន៖ គេ​ក៏​មិន​ទាន់​ដឹង​ថា isoprenaline ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ទឹក​ដោះ​ដែរ​ឬ​ទេ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ពី​ហានិភ័យ​ដល់​ទារក មុនប្រើ​ថ្នាំ​នេះ។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ត្រូវទៅ​ជួប​ពេទ្យ​ភ្លាម បើ​លេច​ចេញ​ផល​រំខានចំនួនជា​ញឹកញាប់។

ផលរំខាន​ជាទូទៅមានដូចជា៖​

– វិលមុខ
– ឡើង​ក្រហម​មុខ
– ​ឈឺក្បាល
– ញ័រ
– ចង្អោរ
– ភ័យ
– ស្លេក​
– បែក​ញើស
– ខ្សោយ។

ប្រញាប់ទៅ​ជួប​គ្រូពេទ្យ​ ​បើ​មាន​ផល​រំខាន​ធ្ងន់ធ្ងរ​ដូច​ខាង​ក្រោម៖

– ឡើង​រោល
– កន្ទាលត្រអាក
– ពិបាក​ដក​ដង្ហើម
– តឹង​ទ្រូង
– ហើម​មុខ​ មាត់ បបូរមាត់ ឬ​អណ្ដាត
– ស្រវាំង​ភ្នែក​
– ឈឺ​ទ្រូង
– ចង្វាក់​បេះដូង​លោត​លឿន ឬ​មិន​ទៀង
– ឈឺ​ក្បាល​ធ្ងន់ធ្ងរ ឬវិលមុខ
– ដក​ដង្ហើម​មាន​ឮ​សំឡេង។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំ Isoprenaline ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំ​អាច​មាន​អន្តរ​កម្ម​ជា​មួយ Isoprenaline រួម​មាន៖ Catechol-O-methyltransferase (COMT) inhibitors (e.g., tolcapone) ថ្នាំ Droxidopa, Epinephrine និងថ្នាំ Inhaled anesthetics (e.g., halothane) ជាដើម។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– ជំងឺ​ហឺត
– ជំងឺ​ទឹកនោមផ្អែម
– បញ្ហា​បេះដូង
– បញ្ហា​សរសៃ​ឈាម​បេះដូង (ជំងឺ​សរសៃ​ឈាម​បេះដូង)
– ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើ​សកម្មភាព​ខ្លាំង
– សម្ពាធ​ឈាម​ឡើង​ខ្ពស់
– ចង្វាក់​បេះដូង​លោត​មិន​ប្រក្រតី (ឧទាហរណ៍-បេះ​ដូង​ដើរ​ញាប់​ខុស​ប្រក្រតី (Tachyarrhythmia))
– ចង្វាក់​បេះដូង​លោត​លឿន (បណ្ដាល​មក​ពី​ការ​ពុល​ថ្នាំ digoxin)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

អ្នក​ជំងឺ​សន្លប់​ (Adams-stokes attacks)​ គាំង​បេះដូង ​(Cardiac arrest) ឬ​ចង្វាក់​បេះដូង​មិន​ប្រក្រតី (heart block)

– កម្រិត​ដែល​គួរ​ប្រើ​ដំបូង ០,០២-០,០៦ មិល្លីក្រាម (១-៣ មិល្លីលីត្រ ក្នុង​សារធាតុ​រំលាយ ១:៥០០០០) បន្ទាប់​មក​ឲ្យ ០,០១-០,២ មិល្លីក្រាម។
– កម្រិត​ដែល​គួរ​ប្រើ​ដំបូង សម្រាប់​ការ​ចាក់​ព្យួរ​សេរ៉ូម​តាម​សរសៃ​​ ៥ មីក្រូក្រាម​/នាទី (១,២៥ មិល្លីលីត្រ ក្នុង​សារធាតុ​រំលាយ ១:២៥០០០០) បន្ទាប់​មក​ឲ្យ ២-២០ មីក្រូក្រាម​/នាទី តាម​ការ​ឆ្លើយ​តប​របស់​អ្នក​ជំងឺ។

ការ​ស្ហុក (Shock)

– កម្រិត​​គួរ​ប្រើ​សម្រាប់​ការ​ចាក់​​ព្យួរ​សេរ៉ូម​តាម​សរសៃ ០,៥-៥ មីក្រូក្រាម​/នាទី (០,២៥-២,៥ មិល្លីលីត្រ ក្នុង​សារធាតុ​ រំលាយ ១:២៥០០០០)។

ជំងឺ​ត្បៀត​ទង​សួត​នៅ​ពេល​ប្រើ​ថ្នាំ​សណ្ដំ (Bronchospasm during anesthesia)

– កម្រិត​គួរ​ប្រើ​​សម្រាប់​ការ​ចាក់​តាម​សរសៃ​​ គឺ ០,០១-០,០២ មិល្លីក្រាម​ ហើយ​ប្រើ​បែប​នេះ​ទៀត​បើចាំ​បាច់។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

អ្នក​ជំងឺ​​សន្លប់​ (Adams-stokes attacks)​ (មិន​ផ្លូវការ)
– កម្រិត​ដំបូង គឺ ០.១ មីក្រូក្រាម/​គីឡូ​/​នាទី ចាក់​ព្យួរ​សេរ៉ូម​តាម​សរសៃ។
– កម្រិត​ធម្មតា គឺ ០,១-១ មីក្រូក្រាម/​គីឡូ​/​នាទី ចាក់ព្យួរ​សេរ៉ូម​តាម​សរសៃ។

អ្នក​ជំងឺ​គាំង​បេះដូង​ (មិន​ផ្លូវការ)

– កម្រិត​ដំបូង គឺ ០.១ មីក្រូក្រាម/​គីឡូ​/​នាទី ចាក់​ព្យួរ​សេរ៉ូម​តាម​សសៃ។
– កម្រិត​ធម្មតា គឺ ០,២-១ មីក្រូក្រាម/​គីឡូ​/​នាទី។

អ្នក​ជំងឺ​​មាន​ចង្វាក់​បេះ​ដូង​មិនប្រក្រតី (Heart Block) (មិន​ផ្លូវការ)

– កម្រិត​ដំបូង គឺ ០,១ មីក្រូក្រាម/​គីឡូ​/​នាទី ចាក់​ព្យួរ​សេរ៉ូម​តាម​សរសៃ
– កម្រិត​ធម្មតា​គឺ ០,៣-១ មីក្រូក្រាម/​គីឡូ​/​នាទី ចាក់​ព្យួរ​សេរ៉ូម​តាម​សរសៃ។

ជំងឺ​មាន​បេះ​ដូង​ដើរ​យឺត​ក្រោយ​ការ​វះកាត់​បេះ​ដូង​

– កម្រិត​ដែល​ណែនាំ គឺ ០,០២៩ មីក្រូក្រាម/​គីឡូ​/​នាទី។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

– Isoprenaline ប្រភេទ​សូលុយស្យុង ០,២មីលីក្រាម​ក្នុង​មួយ​មីលីលីត្រ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច សូម​ចាក់ថ្នាំភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ចាក់​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ចាក់បន្ត​បាន​ហើយ កុំ​ប្រើថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។​

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 26, 2018 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 27, 2019

ប្រភព
អ្នកអាចចូលចិត្ត