ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Lisinopril + Hydrochlorothiazide ព្យាបាលអីខ្លះ?
Lisinopril + Hydrochlorothiazide ជាថ្នាំប្រើសម្រាប់ព្យាបាលសម្ពាធឈាមឡើងខ្ពស់ ជួយកាត់បន្ថយសម្ពាធឈាមជួយ ការពារករណីដាច់សរសៃឈាមខួរក្បាល (Strokes) គាំងបេះដូង និងបញ្ហាតម្រងនោម។ ថ្នាំនេះ គឺជាការរួមបញ្ចូលថ្នាំចំនួន ២ ប្រភេទ ទី១ Lisinopril ជាថ្នាំស្ថិតក្នុងក្រុម ACE inhibitors (ពពួកថ្នាំបញ្ចុះឈាម) មានប្រសិទ្ធភាពជួយសម្រួលសរសៃឈាម ជួយចលនាឈាមរត់ងាយស្រួលជាងមុន និងមួយទៀត គឺថ្នាំ Hydrochlorothiazide ជាថ្នាំបញ្ចុះទឹកនោម (Diuretic) ជួយឲ្យនោមច្រើនជាងមុន សម្រួលរាងកាយបញ្ចេញសារធាតុអំបិល និងទឹកដែលលើសចេញ។
ថ្នាំនេះត្រូវបានប្រើ ឱសថតែមួយមុខអាចគ្រប់គ្រងសម្ពាធឈាមយើងបាន។ គ្រូពេទ្យអាចណែនាំឲ្យប្រើថ្នាំនេះ ដំបូងដាច់ឡែកពីគ្នាសិន បន្ទាប់មកទើបប្ដូរឲ្យប្រើថ្នាំផលិតរួមបញ្ចូលគ្នាទាំងពីរមុខជំនួសវិញ។ មិនត្រូវប្រើថ្នាំទាំងពីរដាច់ដោយឡែកទៀតឡើយ បន្ទាប់ពីយើងចាប់ផ្ដើមប្រើថ្នាំផ្សំគ្នានេះ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវលេបជាមួយអាហារ ឬពោះទទេ អាស្រ័យលើការណែនាំរបស់វេជ្ជបណ្ឌិត ជាទូទៅ មួយដងក្នុងមួយថ្ងៃ លេបនៅពេលព្រឹក។ បើថ្នាំនេះធ្វើឲ្យយើងនោមច្រើនជាងធម្មតា សូមលេបវាមុនពេលម៉ោងពេលចូលគេង យ៉ាងតិច ៤ម៉ោង ការពារកុំក្រោកឡើងនោមច្រើនដងនៅពេលយប់។
បើកំពុងលេបថ្នាំមួយចំនួនដើម្បីបញ្ចុះជាតិខ្លាញ់ (Cholesterol) ពពួកថ្នាំ Bile acid-binding resins ដូចជា Cholestyramine ឬ Colestipol ត្រូវលេបថ្នាំ Lisinopril + Hydrochlorothiazide យ៉ាងហោច ៤-៦ ម៉ោងក្រោយលេបថ្នាំទាំងនោះ។ កម្រិតប្រើថ្នាំអាស្រ័យស្ថានភាពសុខភាពយើងផ្ទាល់ និងលទ្ធផលក្រោយព្យាបាល។
សូមប្រើថ្នាំនេះឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពព្យាបាលខ្ពស់ ហើយដើម្បីជួយឲ្យយើងចាំថាលេបរួច ឬមិនទាន់ គួរលេបថ្នាំនៅម៉ោងតែមួយរៀងរាល់ថ្ងៃ។ សំខាន់បំផុតត្រូវបន្តប្រើថ្នាំនេះឲ្យទៀងទាត់ ទោះបីមានអារម្មណ៍ស្ថានភាពជំងឺប្រសើរហើយក្តី។ មនុស្សភាគច្រើនមានសម្ពាធឈាមខ្ពស់មិនមានបង្ហាញអាការៈឈឺចាប់ទេ។
ប្រាប់ទៅវេជ្ជបណ្ឌិត បើស្ថានភាពសុខភាពមិនប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរ ពិសេសសម្ពាធឈាមកាន់ឡើងខ្ពស់។
៣- គួររក្សាទុករបៀបណា?
Lisinopril + Hydrochlorothiazide អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Lisinopril + Hydrochlorothiazide ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុន?
មុននឹងប្រើឱសថនេះ សូមប្រាប់គ្រូពេទ្យ ឬឱសថការី បើយើងធ្លាប់មានប្រតិកម្មជាមួយ Lisinopril និង Hydrochlorothiazide ឬក្រុមឱសថ ACE inhibitors មានថ្នាំ Captopril និង Benazepril ជាដើម និងបើមានអាលែកហ្ស៊ីផ្សេងទៀត។ ផលិតផលនេះ អាចមានសារធាតុមិនសកម្ម (Inactive) បង្កទៅជាអាលែកហ្ស៊ី ឬបញ្ហាផ្សេងទៀត។ សូមសាកសួរទៅកាន់ឱសថការី ដើម្បីទទួលបានព័ត៌មានលម្អិត។
ប្រាប់គ្រូពេទ្យ និងឱសថការី ពីប្រវត្តិជំងឺ ពិសេសប្រវត្តិធ្លាប់មានប្រតិកម្មណាមួយ ដូចជា ហើមមុខ បបូរមាត់ អណ្ដាត បំពង់ក (Angioedema) បង្កបញ្ហាលើដំណើរការច្រោះឈាមរបស់តម្រងនោម (Blood filtering procedures) ដូចជា LDL Apheresis (លាងឈាម) ព្យាបាលបំបាត់អាលែកហ្ស៊ីដោយសារ ឃ្មុំ ឪម៉ាល់ទិច ជំងឺប្រគ្រីវ (Gout) ជំងឺ Lupus ជំងឺតម្រងនោម និងជំងឺថ្លើមជាដើម។
ថ្នាំនេះអាចធ្វើអោយអ្នកងងុយ ហេតុនេះមិនត្រូវបើកបរ ឬបញ្ជាម៉ាស៊ីនធំៗ និងត្រូវប្រុងប្រយ័ត្នខ្ពស់គ្រប់សកម្មភាពអាចបង្កគ្រោះថ្នាំ រហូតទាល់តែច្បាស់ថា អាចធ្វើការងារទាំងនោះដោយសុវត្ថិភាព និងត្រូវបន្ថយផឹកស្រាផងដែរ។
បែកញើសច្រើន រាករូស ក្អួត អាចធ្វើឲ្យកើនឡើងហានិភ័យ មានអារម្មណ៍ថាស្រាលក្បាល ធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនច្រើន (dehydration) ។ ត្រូវរាយការណ៍ទៅគ្រូពេទ្យ បើមានអាការៈ ក្អួត ឬរាករយៈពេលយូរ។ ត្រូវប្រាកដថាបានផឹកទឹកគ្រប់គ្រាន់ ដើម្បីការពារករណីខ្វះជាតិទឹក លើកលែងណែនាំវិធីផ្សេងទៀត។
បើមានជំងឺទឹកនោមផ្អែម ថ្នាំនេះអាចប៉ះពាលដល់កម្រិតជាតិស្ករក្នុងឈាម ហេតុនេះត្រូវពិនិត្យកម្រិតជាតិស្ករឲ្យទៀងទាត់តាមការណែនាំ ហើយប្រាប់លទ្ធផលទៅកាន់គ្រូពេទ្យ។ គ្រូពេទ្យអាចកែតម្រូវថ្នាំរបស់យើង ឬណែនាំកម្មវិធីហាត់ប្រាណ និងតមអាហារមួយចំនួន។
ថ្នាំនេះ អាចធ្វើឲ្យយើងមានប្រតិកម្មជាមួយពន្លឺព្រះអាទិត្យ ត្រូវកំណត់ពេលវេលានៅក្រោមពន្លឺព្រះអាទិត្យ ចៀសវាងការប្រើម៉ាស៊ីនបញ្ចេញកម្តៅសប្បនិម្មិត ដូចជា Tanning booths និង Sunlamps។ ប្រើក្រែមការពារពន្លឺថ្ងៃ ពាក់ខោអាវការពារពេលចេញទៅក្រៅ ប្រាប់វេជ្ជបណ្ឌិតភ្លាមបើមានរលាកកម្ដៅថ្ងៃ (Sunburned) ឬមានពងបែកក្រហមនៅលើស្បែក។
Lisinopril + Hydrochlorothiazide អាចធ្វើឲ្យកើនឡើងកម្រិតប៉ូតាស្យូមនៅក្នុងខ្លួន ហេតុនេះមុនប្រើប្រាស់អាហារបំប៉ន ឬអំបិលមានជាតិប៉ូតាស្យូម សូមពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីជាមុនសិន។
មុនពេលវះកាត់ សូមប្រាប់ទៅវេជ្ជបណ្ឌិត ឬទន្តពេទ្យ ពីថ្នាំពេទ្យយើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា ក៏ដូចជាឱសថបូរាណផងដែរ។
មនុស្សចាស់ អាចមានផលរំខានច្រើនជាង ពិសេសវិលមុខខ្លាំង និងផ្លាស់ប្ដូរបរិមាណទឹកនោម (បញ្ហាតម្រងនោម)។
ថ្នាំនេះត្រូវបានណែនាំឲ្យប្រើអំឡុងពេលមានផ្ទៃពោះទេ ព្រោះអាចគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ និងអាចឆ្លងចូលទឹកដោះបាន។ ដូចជាបើកំពុងមានផ្ទៃពោះ ឬបំបៅដោះបេប៊ី គួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតព័ត៌មានលម្អិត។
នៅមិនទាន់ដឹងថាថ្នាំ Lisinopril អាចឆ្លងចូលក្នុងទឹកដោះម្ដាយ ឬយ៉ាងណាទេ។ ប៉ុន្តែចំពោះថ្នាំ Hydrochlorothiazide អាចឆ្លងចូលក្នុងទឹកដោះម្ដាយ។ ហេតុនេះសូមប្រឹក្សាជាមួយគ្រូពេទ្យសិន មុននឹងបំបៅដោះកូន។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត D សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអីខ្លះ?
វិលមុខខ្លាំង ស្រាលក្បាល អស់កម្លាំង ឬឈឺក្បាលខ្លាំង អាចកើតឡើងដោយសាររាងកាយសម្របខ្លួនតាមថ្នាំប្រភេទនេះ។ ក្អកស្ងួត ក៏អាចនឹងកើតមានដូចគ្នា ហើយបើផលរំខានទាំងនោះកើតឡើងរយៈពេលយូរ ឬកាន់តែធ្ងន់ធ្ងរ ប្រាប់គ្រូពេទ្យ ឬឱសថការីជាបន្ទាន់។
ដើម្បីកាត់បន្ថយករណីវិលមុខខ្លាំង និងអារម្មណ៍ស្រាលក្បាល ត្រូវក្រោកយឺតៗ ទាំងពេលអង្គុយ និងពេលភ្ញាក់ពីគេង។
ចាំថាគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើឱសថនេះ ព្រោះយល់ឃើញថាថ្នាំនេះមានគុណប្រយោជន៍ ច្រើនជាងហានិភ័យ និងផលរំខាន។ មនុស្សភាគច្រើនប្រើថ្នាំនេះ មិនមានផលរំខានដែលធ្ងន់ធ្ងរឡើយ។
ត្រូវប្រាប់គ្រូពេទ្យភ្លាម បើប្រទះផលរំខានធ្ងន់ធ្ងរ ដូចជា សន្លប់ និងរោគសញ្ញាកើនកម្រិតប៉ូតាស្យូមក្នុងឈាម មានសាច់ដុំចុះខ្សោយ ចង្វាក់បេះដូងយឺត ឬខុសធម្មតា បញ្ហាតម្រងនោម ប្រែប្រួលបរិមាណទឹកនោម និងមើលមិនសូវច្បាស់ ឬឈឺភ្នែកជាដើម។
ឱសថនេះអាចបណ្ដាលអោយអ្នកបាត់បង់ជាតិទឹកក្នុងខ្លួន (Dehydration) និងសារធាតុអំបិលឬរ៉ែ ក្នុងខ្លួនច្រើន។ សូមប្រាប់ទៅវេជ្ជបណ្ឌិតភ្លាម ប្រសិនបើប្រទះរោគសញ្ញាបាត់បង់ជាតិទឹក ឬបាត់បង់សារធាតុរ៉ែក្នុងខ្លួន រួមមានដូចជា ស្រេកទឹកខ្លាំង មាត់ស្ងួតខ្លាំង រមួលសាច់ដុំ សាច់ដុំចុះខ្សោយ បេះដូងលោតមិនធម្មតាញាប់ពេក យឺតពេក វងេ្វងវង្វាន់។
ថ្នាំនេះកម្រឲ្យមានបញ្ហាថ្លើមធ្ងន់ធ្ងរណាស់ ប៉ុន្តែករណីប្រទះបញ្ហាសង្ស័យមានបញ្ហាខូចថ្លើម ប្រញាប់ស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តភ្លាម ដូចជា ចង្អោរ ក្អួត មិនឃ្លានចំណី ឈឺពោះ ឡើងលឿងនៅលើស្បែក និងភ្នែក ទឹកនោមប្រែពណ៌ក្រមៅ។
បញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរពីថ្នាំនេះ កម្រកើតមានដូចគ្នា។ យ៉ាងណា ត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តភ្លាម បើសម្គាល់ឃើញថាមានសញ្ញាអាលែកហ្ស៊ីធ្ងន់ធ្ងរណាមួយកើតឡើង ដូចជា កន្ទួល រមាស់ រមាស់ស្បែក ហើម ជាពិសេស លើមុខ អណ្ដាត បំពង់ក ងងុយខ្លាំងជ្រុល និងពិបាកដកដង្ហើម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំខ្លះអាចមានអន្តរអំពើ ជាមួយថ្នាំនេះដូចជា Aliskiren និង Dofetilide ថ្នាំខ្លះអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើឲ្យមានហានិភ័យបង្ករោគផ្សេងៗ ដូចជា ថ្នាំ Everolimus ថ្នាំ Sirolimus និងពពួកថ្នាំ Lithium សុទ្ធសឹងអាចបង្កើនកម្រិតប៉ូតាស្យូមក្នុងឈាម មានក្រុមថ្នាំ ARBs (Lorsartan និង Valsartan) ពពួកថ្នាំពន្យារកំណើត មានសារធាតុ Drospirenone និង Sacubitri ជាដើម។
ថ្នាំខ្លះទៀត អាចមានសារធាតុធ្វើឲ្យសម្ពាធឈាមកើនខ្ពស់ បេះដូងកាន់តែចុះខ្សោយ។ សូមប្រាប់ឱសថការី ពីថ្នាំយើងកំពុងប្រើ និងសាកសួរពីរបៀបប្រើត្រឹមត្រូវ (ជាពិសេស ថ្នាំផ្ដាសាយក្អក ថ្នាំបំប៉ន ឬពពួក NSAIDs ដូចជា Ibuprofen និង Naproxen។
Lisinopril + Hydrochlorothiazide អាចរំខានការធ្វើតេស្តមួយចំនួនលើក្រពេញប៉ារ៉ាទីរ៉ូអ៊ីត អាចបណ្ដាលឲ្យលទ្ធផលខុស។ ត្រូវប្រាកដថាគ្រូពេទ្យបច្ចេកទេសមន្ទីរពិសោធន៍ និងគ្រូពេទ្យទាំងអស់សុទ្ធតែដឹងថា យើងបានប្រើថ្នាំនេះ។
Lisinopril + Hydrochlorothiazide អាចមានប្រតិកម្ម ជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Lisinopril + Hydrochlorothiazide អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើយហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Lisinopril + Hydrochlorothiazide អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពទាំងអស់របស់យើងបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតប្រើទូទៅសម្រាប់មនុស្សពេញវ័យមានជំងឺលើសសម្ពាធឈាម (Hypertension)
– កម្រិតប្រើដំបូង៖ Hydrochlorothiazide ១២,៥មិល្លីក្រាម និង Lisinopril ១០-២០ មិល្លីក្រាម លេបមួយថ្ងៃម្ដង អាស្រ័យលើកម្រិតប្រើថ្នាំតែមួយមុខដើម្បីព្យាបាល។
– កម្រិតប្រើអតិបរមា៖ Hydrochlorothiazide ៥០មិល្លីក្រាម Lisinopril ៨០មិល្លីក្រាម/ថ្ងៃ។
មតិយោបល់៖
– អាចបង្កើនកម្រិតប្រើរៀងរាល់ ២-៣ សប្ដាហ៍។
– ក្នុងករណីប្រើថ្នាំ Hydrochlorothiazide តែមួយមុខគត់ ចំនួន ២៥ មិល្លីក្រាម/ថ្ងៃ បែរជាធ្វើឲ្យបាត់បង់កម្រិតប៉ូតាស្យូមក្នុងឈាម ឬសម្ពាធឈាមឡើងខ្ពស់ខ្លាំង ដើម្បីមិនឲ្យប៉ះពាល់ដល់កម្រិតអេឡិចត្រូលីត គួរតែកែប្រែប្រើថ្នាំ Hydrochlorothiazide ត្រឹម ១២,៥មិល្លីក្រាម ជាមួយថ្នាំ Lisinopril ១០ មិល្លីក្រាម/ថ្ងៃ។
កែប្រែកម្រិតប្រើសម្រាប់អ្នកជំងឺតម្រងនោម
– ករណីខ្សោយតម្រងនោមស្រាល ទៅមធ្យម (CrCl ធំជាង ៣០ មិល្លីលីត្រ/នាទី)៖ មិនការណែនាំអោយកែប្រែកម្រិតប្រើឡើយ។
– ករណីខ្សោយតម្រងនោមធ្ងន់ធ្ងរ (CrCl តូចជា ៣០ មិល្លីលីត្រ/នាទី)៖ ហាមប្រើពពួកថ្នាំបញ្ចុះទឹកនោម ប្រភេទ Loop Diuretics អាចសម្គាល់បានតាមពាក្យ Thiazides។
កែប្រែកម្រិតប្រើសម្រាប់អ្នកជំងឺមានបញ្ហាថ្លើម
ណែនាំឲ្យប្រើដោយប្រុងប្រយ័ត្ន។
មតិយោបល់ផ្សេងទៀត
ការត្រួតពិនិត្យ
– ត្រួតពិនិត្យ សេរ៉ូមអេឡិចត្រូលីត ឲ្យបានទៀងទាត់។
– ត្រួតពិនិត្យ មុខងារតម្រងនោម អំឡុងពេល ២-៣ សប្តាហ៍ដំបូងនៃការព្យាបាល។
– គួរពិនិត្យលើបរិមាណគ្រាប់ឈាមស ឲ្យបានទៀងទាត់ សម្រាប់អ្នកជំងឺ Collagen Vascular ពិសេស បើជំងឺនេះទាក់ទងនឹងខ្សោយមុខងារតម្រង។
ដំបូន្មានសម្រាប់អ្នកជំងឺ
– ត្រូវប្រាប់អ្នកជំងឺឲ្យរាយការណ៍ភ្លាមៗពីសញ្ញា ឬរោគសញ្ញា អាលែកហ្ស៊ី (Angioedema) ដូចជា ពិបាកដកដង្ហើម ហើមមុខ ភ្នែក ឬអណ្ដាត ហើយត្រូវឈប់ប្រើថ្នាំនេះ ទាល់តែមានការពិភាក្សាជាមួយគ្រូពេទ្យ។
– លើកទឹកចិត្តជំងឺឲ្យរាយការណ៍ បើមានអារម្មណ៍ស្រាលក្បាល អាចកើតមានឡើងអំឡុងពេលព្យាបាលដំបូង ហើយត្រូវឈប់ប្រើថ្នាំនេះ ទាល់តែមានការពិភាក្សាជាមួយគ្រូពេទ្យ។
– ត្រូវប្រាប់អ្នកជំងឺ ពិភាក្សាជាមួយគ្រូពេទ្យ បើមានបែកញើសខ្លាំង បាត់បង់ជាតិទឹក ក្អួត ឬរាក កើតឡើង ធ្វើឲ្យបាត់បង់សារធាតុរាវក្នុងរាងកាយ ជាហេតុសម្ពាធឈាមធ្លាក់ចុះខ្លាំង។
– ប្រាប់អ្នកជំងឺ ហាមប្រើពពួកថ្នាំបញ្ចុះនោមប្រភេទ Potassium-sparing diuretics ថ្នាំបំប៉ន ឬអំបិលមានជាតិប៉ូតាស្យូម ទាំងមិនបានពិភាក្សាជាមួយគ្រូពេទ្យ។
– ប្រាប់អ្នកជំងឺឲ្យរាយការណ៍ភ្លាមៗ បើមានឆ្លងរោគណាមួយកើតឡើង ដូចជា ឈឺក គ្រុនក្ដៅ អាចបណ្ដាលជាសញ្ញា ធ្លាក់ចុះកោសិកាឈាមស Neutrophile (Neutropenia)។
– ស្រ្តីក្នុងវ័យអាចបង្កកំណើត គួរតែត្រូវបានប្រាប់ពីគ្រោះថ្នាក់ក្រោយប្រើថ្នាំនេះ ពេលមានផ្ទៃពោះ ដូចនេះ ត្រូវប្រាប់ទៅអ្នកជំងឺរាយការណ៍ ករណីមានគភ៌ទៅគ្រូពេទ្យភ្លាមៗ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានកម្រិតប្រើសម្រាប់កុមារនៅឡើយទេ ព្រោះអាចគ្មានសុវត្ថិភាព សំខាន់បំផុតត្រូវដឹងអំពីសុវត្ថិភាពរបស់ថ្នាំមុននឹងប្រើ ហេតុនេះសូមពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីទទួលបានព័ត៌មានបន្ថែម។
១២- ទម្រង់ថ្នាំដូចម្ដេចខ្លះ?
ថ្នាំ Lisinopril + Hydrochlorothiazide នៅលើទីផ្សារមានទម្រង់ សុទ្ធសឹងសម្រាប់លេប។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យថ្ងៃទី ខែវិច្ឆិកា 14, 2018 | កែសម្រួលចុងក្រោយ ខែមករា 23, 2019