តាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បានឲ្យដឹងថា វីរុសឆ្កែឆ្កួតអាចមានសមត្ថភាពធ្វើដំណើរក្នុងល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬប្រមាណជា ៨សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុងដំណើររបស់វីរុសឆ្កែឆ្កួតនេះ គឺវាធ្វើដំណើរឆ្ពោះទៅកាន់ខួរក្បាលរបស់យើង។ បើកន្លែងដែលត្រូវខាំនៅឆ្ងាយពីខួរក្បាល ការធ្វើដំណើររបស់មេរោគនេះរាងយូរបន្តិចទើបអាចទៅដល់ខួរក្បាលអ្នកជំងឺបាន។ ឧទាហរណ៍៖ បើយើងត្រូវឆ្កែឆ្កួតខាំនៅត្រង់ជើង វានៅឆ្ងាយពីខួរក្បាល ដូចនេះវីរុសឆ្កែឆ្កួតត្រូវការពេលយូរល្មមទម្រាំបានទៅដល់ខួរក្បាល។
លោកបន្តថា អ្នកជំងឺនឹងចេញរោគសញ្ញានៅពេលដែលវីរុសនោះធ្វើដំណើរទៅដល់ខួរក្បាល ហើយវាអាចហួសពេលក្នុងការសង្គ្រោះអ្នកជំងឺ ពោលគឺថា នៅពេលដែលវារាលដាលទៅដល់ខួរក្បាលបណ្ដាលឲ្យចេញរោគសញ្ញាហើយ គ្មានថ្នាំ ឬគ្រូពេទ្យណាអាចសង្គ្រោះអ្នកជំងឺបានទេ ហើយអ្នកជំងឺនឹងស្លាប់ក្នុងរយៈពេល ៧-១០ថ្ងៃក្រោយចេញរោគសញ្ញា។