backup og meta

បញ្ឈប់កំហុសទាំងនេះភ្លាម បើមិនចង់ឲ្យកូនៗធុញទ្រាន់នឹងប៉ាម៉ាក់

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 16, 2020

    បញ្ឈប់កំហុសទាំងនេះភ្លាម បើមិនចង់ឲ្យកូនៗធុញទ្រាន់នឹងប៉ាម៉ាក់

    វ័យជំទង់ គឺជាវ័យដែលត្រូវជួបនឹងការផ្លាស់ប្ដូរច្រើន ទាំងរូបរាងកាយ និងផ្នែកផ្លូវអារម្មណ៍។ នៅវ័យនេះ កូនៗក៏ចាប់ផ្ដើមទទួលសម្ពាធពីការសិក្សា និងការរំពឹងទុកនូវភាពជោគជ័យពីម៉ាក់ប៉ា ដែលជាហេតុធ្វើឲ្យកូនរងសម្ពាធ និងឆាប់ធុញទ្រាន់នឹងរឿងរ៉ាវនៅក្នុងផ្ទះ។ ក្នុងនាមជាឪពុកម្ដាយ យើងច្បាស់ជាចង់បានអ្វីល្អៗ កើតឡើងចំពោះកូន ប៉ុន្តែពេលខ្លះយើងអាចបង្កើតកំហុសមួយចំនួនធ្វើឲ្យកូនធុញ តែយើងមិនចាប់អារម្មណ៍។

    ១. ប្រដៅកូនដោយមិនស្ដាប់ហេតុផលឲ្យចប់

    ម៉ាក់ប៉ាមួយចំនួន មិនទាន់ស្ដាប់រឿងកូននិយាយចប់ដើម ចប់ចុងផង ចាប់ផ្ដើមទូន្មាន ប្រដៅកូនបាត់ហើយ។ ការធ្វើបែបនេះ បណ្ដាលឲ្យកូនមានអារម្មណ៍ថា ម៉ាក់ប៉ាមិនយល់ចិត្ត ហើយមិនស្ដាប់ហេតុផលច្បាស់លាស់ ជួនកាលពេលរកដំណោះស្រាយរឿងអ្វីមួយកូនសុខចិត្តសួរអ្នកដទៃ មិនព្រមរត់រកម៉ាក់ប៉ាទេ។

    ២. ផ្ដល់ការវិនិច្ឆ័យកូនខុសពេល

    ចំពោះក្មេងៗវ័យជំទង់ ងាយទទួលផលប៉ះពាល់មិនល្អពីការរិះគន់ណាស់។ ភាគច្រើន រាល់មតិដែលយើងបញ្ចេញឲ្យកូនឮ គឺព្រោះតែយើងចង់ឲ្យកូនល្អប៉ុណ្ណោះ តែពេលខ្លះកូនៗអាចគិតខុសពីអ្វីដែលយើងសំដៅលើ ទោះពេលខ្លះ យើងគិតថារឿងតូចតាច តែកូនៗអាចយកវាដាក់ក្នុងចិត្ត ហើយចាំវារហូត។

    ៣. មិនខ្វល់ពីសម្តីកូន

    ក្មេងៗវ័យនេះ ដឹងច្រើនជាងចាស់ៗផង។ ពួកគេចង់ឲ្យយើង យកចិត្តទុកដាក់ និងពិចារណានូវគំនិតដែលគេបញ្ចេញមក ។ ហេតុនេះ យើងមិនគួរបដិសេធ ឭធ្វើហីៗដាក់មតិរបស់កូនទេ។ យកល្អ យើងគួរសួរកូនថែមពីមតិរបស់កូន និងជំរុញពួកគេគិតឲ្យបានវែងឆ្ងាយ និងថ្លឹងថ្លែងពីផលល្អ ផលអាក្រក់របស់ពាក្យសម្តីកូនលើកឡើង។

    ៤. ភ្លេចបង្ហាញកូនពីការគោរព

    កូនវ័យជំទង់ ស្ដាប់បង្គាប់ល្អជាងនៅពេលដែលយើងនិយាយស្រួលបួល និងបង្ហាញការគោរពដល់ពួកគេ។ យើងត្រូវរៀនសង្កេតថា ក្មេងវ័យនេះ យើងកាន់តែនិយាយពិបាកជាមួយ ចរិតយ៉ាប់រឹតតែយ៉ាប់លើសដើម ដូចនេះហើយ យើងត្រូវនិយាយប្រដៅកូនស្រួលបួល បង្ហាញការគោរព និងក្ដីស្រលាញ់ដល់កូនជានិច្ច។

    ៥. ឧស្សាហ៍រិះគន់កូន

    យើងឃើញថា ម៉ាក់ប៉ាមួយចំនួន ឧស្សាហ៍បញ្ចេញមតិរិះគន់កូនខ្លួនទៅប្រាប់អ្នកដទៃ ឧ. កូនខ្ញុំរៀនមិនពូកែទេ ពូកែតែដើរលេង កូនខ្ញុំគ្មានចេះស្អីទេ ខ្ជិលណាស់មួយថ្ងៃៗ។ល។ ពាក្យសម្តីទាំងនេះ សុទ្ធតែចាក់ដោតខ្លាំងដល់ផ្លូវអារម្មណ៍កូន ទោះកូនមិនមាត់ក៏ ឬប្រាប់ថាមិនពេញចិត្តអ្វីដែលយើងធ្វើក៏ដោយ។

    ទាក់ទងនឹងបញ្ហានោះ លោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា បានលើកឡើងថា ក្មេងមានទេពកោសល្យផ្សេងៗគ្នា ការប្រៀបធៀប រិះគន់មិនអាចជួយអ្វីកូនបានច្រើនទេ បានត្រឹមតែធ្វើឲ្យកូនបាក់ទឹកចិត្តប៉ុណ្ណោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម