backup og meta

ម៉ាក់ប៉ាអាចបង្រៀនកូនៗឲ្យប្រែក្លាយការបរាជ័យទៅជាជោគជ័យ ជាមួយវិធីសាស្ត្រទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 26, 2021

    ម៉ាក់ប៉ាអាចបង្រៀនកូនៗឲ្យប្រែក្លាយការបរាជ័យទៅជាជោគជ័យ ជាមួយវិធីសាស្ត្រទាំងនេះ

    ឪពុក​ម្ដាយ​ជា​ច្រើន​តែង​តែ​ចង់​ការពារ​កូន​ៗ​ពី​បទ​ពិសោធន៍​មិន​ល្អក្នុង​ជីវិត​​ទាំង​ប៉ុន្មាន មិន​ចង់​ឲ្យ​កូន​ជួប​រឿង​មិន​សប្បាយ​ចិត្ត ឬ​ការ​បរាជ័យ​ក្នុង​ជីវិត​ឡើយ។ ការ​បរាជ័យ ជា​រឿង​មួយ​យើង​មិន​អាច​ចៀស​បាន​ក្នុង​ជីវិត ហើយ​ទាំង​ក្មេង​ៗ និង​ចាស់​ៗ បើ​ជួប​ការ​បរាជ័យ ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺ​ចាប់​ដូច​ជា ខឹង ពិបាក​ចិត្ត ធុញ​ទ្រាន់ ឬ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ល។ ផ្ទុយ​ទៅ​វិញ យើង​អាច​ប្រែ​ឲ្យ​ការ​បរាជ័យ​ក្លាយ​ជា​មេរៀន​មួយ​ជួយ​ពង្រឹង​សមត្ថភាព​កូន​យើង​ដើម្បី​ជោគ​ជ័យ​ទៅ​ថ្ងៃ​ខាង​មុខ​បាន​។

    ១. ឆ្លើយ​តប​វិជ្ជមាន​ទៅ​កាន់​ការ​បរាជ័យ

    កូន​ៗ​ឃើញ​រាល់​សកម្មភាព​ដែល​ម៉ាក់​ប៉ា​ធ្វើ​ដើម្បី​ដោះ​ស្រាយ​ជាមួយ​ការ​បរាជ័យ ហើយ​សកម្មភាព​ទាំង​នោះ​ក៏​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​តប​នឹង​ការ​បរាជ័យ​របស់​កូន​ដែរ។ (ឧ. បើ​ម៉ាក់​ប៉ា​បញ្ចេញ​កំហឹង ឬ​មានអាកប្បកិរិយា​មិន​ល្អ​ពេល​បរាជ័យ វា​អាច​ជា​គំរូ​ដល់​កូន។ ពេល​កូន​ជួប​បញ្ហា​បរាជ័យ វិធី​ដែល​គេ​យក​មក​ដោះ​ស្រាយ​គឺ​ការ​បញ្ចេញ​កំហឹង​ដូច​ម៉ាក់​ប៉ា​អញ្ចឹង​ដែរ។) នៅ​ពេល​ដែល​ក្មេង​ជួប​ប្រទះ​នឹង​ការ​បរាជ័យ ម៉ាក់​ប៉ា​គួរ​ជួយ​កូន​ថ្លឹង​ថ្លែង​មើល​ថា​អ្វី​ទៅ​ដែល​ធ្វើ​ខុស​បណ្ដាល​ឲ្យ​បរាជ័យ​កើត​ឡើង និង​បង្រៀន​កូន​ពី​មិន​ឲ្យ​វា​កើត​ឡើង​ម្ដង​ទៀត​បាន។

    ២. និយាយ​ពី​អ្វី​ដែល​បាន​កើត​ឡើង

    ផ្ដល់​ឱកាស​ឲ្យ​កូន​គិត និង​និយាយ​ថា​ហេតុ​អ្វី​រឿង​រាវ​មិន​ទៅ​រលូន​តាម​ចិត្ត ឬ​ការ​រំពឹង​ទុក។ សូម្បី​តែ​ក្មេង​ៗ​ក៏​អាច​បង្ហាញ​អារម្មណ៍​ចេញ​មក​ក្រៅ​ឲ្យ​យើង​ដឹង​ថា​គេ​មិន​ពេញ​ចិត្ត ហើយ​វិធី​មួយ​ដែល​យើង​ជា​ម៉ាក់​ប៉ា​អាច​ជួយ​កូន​បាន​នោះ​គឺ​ការ​ស្ដាប់​ពី​អារម្មណ៍​កូន។

    ៣. ក្លាយ​ជា​គំរូ​ដោះ​ស្រាយ​បញ្ហាល្អ

    ត្រូវ​ចាំ​ថា កូន​ៗ​របស់​យើង​យក​ម៉ាក់​ប៉ា​ជា​គំរូ ហើយ​ពួក​គេ​ក៏​ចាំ​មើល​ពី​របៀប​ដោះ​ស្រាយ​ការ​បរាជ័យ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែរ។ ដូច​នេះ វា​មិន​អី​ទេ​ដែល​យើង​បង្ហាញ​ពី​ភាព​អន់​ចិត្ត ឬ​មិន​សប្បាយ​ចិត្ត​ឲ្យ​កូន​ឃើញ អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​បង្ហាញ​ថា​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​ការ​បរាជ័យ​នោះ។

    ៤. ផ្ដោត​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែងធ្វើ​ជា​ជាង​ការ​សម្រេច​បាន

    ឲ្យ​កូន​ដឹង​ថា ភាព​ជោគ​ជ័យ​មិន​មែន​ជា​អ្វី​សំខាន់​បំផុត​ទេ។ ទោះ​កូន​បរាជ័យ ម៉ាក់​ប៉ា​គួរ​សរសើរ​កូន​ឲ្យ​បាន​ច្រើន​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន។ ម៉ាក់​ប៉ា​គួរ​បន្ត​លើក​ទឹក​ចិត្ត​កូន ដើម្បី​ជំរុញ​ឲ្យ​កូន​មាន​ទឹក​ចិត្ត​ប្រឈម​មុខ​នឹង​បញ្ហា និង​ងើប​ឡើង​ដើរ​ទៅ​មុខ​ទៀត។

    ៥. កាត់​បន្ថយ​សម្ពាធ

    ផ្ដល់​នូវ​សកម្មភាព និង​គោល​ដៅ​សម​ស្រប​តាម​អាយុ​ដែល​ត្រូវ​នឹង​ចំណាប់​អារម្មណ៍ និង​ជំនាញ​របស់​កូន​។ ជា​រឿយ​ៗ ឪពុក​ម្ដាយ មាន​ការ​រំពឹង​ទុក​លើ​កូន​ទាំង​នៅ​ក្មេង​ខ្លាំង​ពេក (ឧ. រំពឹង​ថា​កូន​រៀន​បាន​លេខ​ល្អ​រាល់​ខែ ត្រូវ​រៀន​ពូកែ​លើស​គេ​។ល។) ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ខិត​ខំ​ធ្វើ​អ្វី​ម៉្យាង​ដាច់​ខាត​ត្រូវ​តែ​ជោគ​ជ័យ ដល់​ពេល​បរាជ័យ​កូន​ទទួល​យក​មិន​បាន​ក៏​កើត​អារម្មណ៍​អន់​ចិត្ត ស្ត្រេស​ជាដើម។ ហេតុ​នេះ ម៉ាក់​ប៉ា​មិន​គួរ​រំពឹង​ពី​កូន​ច្រើន​លើស​សមត្ថភាព​កូន​ទេ ព្រោះ​ការ​ដាក់​រំពឹង​ច្រើន​ពេក​ដូច​ដាក់​សម្ពាធ​លើ​កូន​អញ្ចឹង​ដែរ។

    តិចនិកចិញ្ចឹមកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម