គេតែងប្រៀបធៀបកូនក្មេងទៅនឹងក្រដាសសស្អាត ដែលងាយនឹងប្រឡាក់ប្រឡូស ឬឆាប់ទទួលយកអ្វីពីយើងធ្វើ ដូច្នេះហើយម៉ាក់ត្រូវប្រយ័ត្នយែងចំពោះទម្លាប់ប្រចាំថ្ងៃដែលអាចជះឥទ្ធិពលអាក្រក់ដល់កូន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គេតែងប្រៀបធៀបកូនក្មេងទៅនឹងក្រដាសសស្អាត ដែលងាយនឹងប្រឡាក់ប្រឡូស ឬឆាប់ទទួលយកអ្វីពីយើងធ្វើ ដូច្នេះហើយម៉ាក់ត្រូវប្រយ័ត្នយែងចំពោះទម្លាប់ប្រចាំថ្ងៃដែលអាចជះឥទ្ធិពលអាក្រក់ដល់កូន។
លោកស្រីនាយិកាសាលាអន្តរជាតិ ខូល័រ ឃីដ ភន ផាសុកា បានចែករំលែកនូវបទពិសោធមួយចំនួនទាក់ទងនឹងទម្លាប់អាក្រក់របស់ឪពុកម្តាយ ៤ យ៉ាង ដែលធ្វើឲ្យកូនខូចតាំងពីនៅតូច។
១- ខ្ជិល
មិនថាម៉ាក់ប៉ាជាអ្នកមាន ឬអ្នកក្រទេ តែងមានទម្លាប់ខ្ជិល ពេលខ្លះបានតែមាត់ តែមិនធ្វើសកម្មភាព ឬក៏មិនធ្លាប់ធ្វើពីមុនមក អ៊ីចឹងកូនក៏ខ្ជិលទៅតាមនោះដែរ។ ម៉ាក់ប៉ាត្រូវចាំថា កូនគឺជាអ្នកត្រាប់តាមយើងគ្រប់បែបយ៉ាងទាំងអស់ យើងបែបម៉េច កូនបែបហ្នឹង កម្រណាស់ដែលស្លឹកឈើជ្រុះឆ្ងាយពីគល់។ ពាក្យខ្ជិលនេះដែរសំដៅទៅលើពេលវេលាដែលយើងផ្តល់ឲ្យកូនដែរ កុំយកលេសថា រវល់ នរណាក៏រវល់ដែរ ទាល់តែយើងឆ្លៀត មិនបើដូច្នេះទេកូនយើងមិនស្រស់ស្រាយនោះទេ ទៅជាស្ត្រេស មិនអាចឈានទៅរកទេពកោសល្យដែលខ្លួនមាន។
២- បណ្តោយកូន
ក្មេងតែប៉ុណ្ណឹង ឲ្យតែខឹង ឬទារអីមិនបានយំបោកខ្លួនហើយ កុំទៅប្រកាន់វាអី ឃ្លានេះធ្លាប់ឮចេញពីមាត់ម៉ាក់ប៉ាច្រើននាក់ណាស់។ ការគិតខ្លីដូច្នេះមានន័យថា យើងបណ្តែតបណ្តោយតាមកូនហើយ យូរៗទៅក្មេងលង់នឹងទម្លាប់អាក្រក់កាន់តែជ្រៅ ពេលខ្លះកែលែងឡើង ក្មេងទៅជាខូចទារអីដឹងបានហ្នឹង បើមិនបានយំឡាំប៉ាផ្អើលគេឯង។
អត្ថបទពាក់ព័ន្ធ៖
៣- អត់ស្តាប់បទពិសោធអ្នកដទៃ
អាងតែខ្លួនឯងរៀនបានច្រើន ប្រើវិធីសាស្ត្រខ្លួនឯងដើម្បីអប់រំកូន អត់ស្តាប់បទបទពិសោធអ្នកដទៃដែលធ្លាប់ជួបប្រទះ នោះច្បាស់ជាមិនបានផ្លែផ្លាល្អទេ។ ចិញ្ចឹមកូនឲ្យក្លាយជាក្មេងល្អមិនស្រួលដូចយើងគិតនោះទេ យើងត្រូវយល់ពីអារម្មណ៍ ចំណង់ចំណូលចិត្ត លទ្ធភាពរបស់កូន និងយោបល់របស់មនុស្សជុំវិញខ្លួន មិនថា ចាស់ ក្មេង នោះទេ ឲ្យតែជាបទពិសោធ។
៤- មិនស្វែងយល់ពីសង្គមខាងក្រៅ
សម័យនេះហើយយើងរស់នៅក្នុងអណ្តូងដូចកង្កែប កូនយើងច្បាស់ជាចប់ហើយ។ យើងត្រូវដឹងថា នៅតំបន់យើងហ្នឹង ពេលទំនេរគេនាំកូនទៅណា ទៅលេងកីឡា ហែលទឹក ទៅកន្លែងក្មេងលេង ឬសួនសត្វ? មិនថាអ្នករស់នៅទីក្រុង ឬជនបទនោះទេ យើងត្រូវដឹង និងមានបែបផែនរស់នៅឲ្យទាន់សម័យកាល ទៅតាមតំបន់នីមួយៗ
បើម៉ាក់ប៉ាទាំងអស់កែប្រែនូវចំណុចសំខាន់ៗទាំង៤ខាងលើ ឈប់បណ្តោយកូន ដោយចំណាយពេលជាមួយកូន ទោះហត់នឿយបន្តិច តែអានាគតក៏ភ្លឺស្វាង ព្រោះកូនយើងមានលទ្ធភាពរស់នៅក្នងសង្គមបរិបូរណ៍ កូនមានតែស្នាមញញឹម ទៅអនាគតយើងក៏ទទួលបានការដឹងគុណពីកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕