backup og meta

ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Sep 05, 2019

    ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ

    ក្មេងៗ មិន​ថា​កូន​យើង កូន​គេ អារឿង​ញ៉ាំបាយ​នោះ ពិបាកអីពិបាក បើ​ចំណី​ផ្តេស​ផ្តាស​វិញ ជំនាញ​ម៉ង។ យ៉ាង​ណា​ ប៉ាម៉ាក់​ត្រូវ​ចាំ​ថា ដើម្បី​ជួយ​កូនតូច​ចេញ​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង គួរ​ចាប់​ផ្តើមពី​អាយុ ១-៣ ឆ្នាំ ទោះអំឡុង​ពេល​នេះ កូនយើង​មិន​ទាន់​គ្រប់គ្រង​ការ​ញ៉ាំ​ខ្លួន​ឯង​បាន​ពិត​មែន ជួយ​ឲ្យ​ក្មេង​អាច​ចូល​ចិត្ត​ញ៉ាំ​បាយ ឬ​អាហារ​ល្អៗ​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ហេតុ​ផល​ខ្លះៗ ក្មេងតូច​ៗ ពិបាក​រឿង​ញ៉ាំ​ ទាល់​តែ​បង្ខំ​។

    ១- ហេតុ​ផល​ក្មេង​មិន​ព្រម​ញ៉ាំ​អាហារ

    ប៉ា​ម៉ាក់​ជា​ច្រើន​ តែង​ងើយ​ឆ្ងល់​ថា​កូន​​ញ៉ាំ​បាន​គ្រប់​គ្រាន់​ ឬ​នៅ? ហេតុ​អី​កូន​ពិបាក​រឿង​ញ៉ាំ​បាយម៉េស? ម៉េច​កូន​ញ៉ាំ​តិច​បែប​នេះ​? ខណៈចម្លើយ គឺ​ដោយ​សារ​ ក្មេង​ជា​ច្រើន​មិន​សូវ​ញ៉ាំ​ច្រើន​នោះ​ទេ ​និង​រើសអាហារ​ណាស់ ហើយ​មូលហេតុ​ចម្បង មាន​ដូចជា៖

    – ដោយ​សារ​ការ​លូតលាស់​ និង​ការ​ផ្លាស់​ប្តូរសកម្មភាព​ ក៏​ដូច​ជា​ការ​រស់​នៅ​របស់​ក្មេង នាំ​ឲ្យ​ចំណង់​ឃ្លាន​អាហារ​ ក៏​ប្រែ​ប្រួល​ដែរ។

    – ក្មេង​មិន​លូតលាស់​លឿន​ ដូច​ទារក​ទេ ដូច​នេះ​ហើយ កូន​យើង​ក៏​មិន​ញ៉ាំ​ច្រើន​នោះ​ដែរ។

    – ក្រពះ​កូន​នៅ​តូច។

    – ដោយ​សារ​ក្មេង​ចូល​ចិត្ត​លេងជាមួយ​អ្វី​​នៅ​ជុំ​វិញ​ខ្លួន​ពេក នាំ​ឲ្យ​មិន​ចាប់​អារម្មណ៍​រឿង​ញ៉ាំ​បាន​អាហារ​ឡើយ។ កូន​យើង អាច​ចង់​ញ៉ាំ​ដោយ​ខ្លួន​ឯង តែ​ត្រូវ​ចំណាយ​ពេល​យូរ​ជាង ប៉ាម៉ាក់​​បញ្ចុក។

    – កូន​មិន​អាច​នៅ​អង្គុយ​ស្ងៀម​រហូត​ដល់​ញ៉ាំ​អស់​​នោះ​ទេ ព្រោះ​ក្មេង​ជា​ច្រើន ចូល​ចិត្ត​លេង ជាង​ញ៉ាំ​អាហារ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត
    • អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ!

    ២- តិចនិក​ជួយ​ដោះ​ស្រាយ​បញ្ហា​កូន​មិន​សូវ​ញ៉ាំ​បាយ

    – ប្តូរ​ម្ហូប​ឲ្យ​កូន​ញ៉ាំ​ បាន​ច្រើន​មុខកាន់​តែ​ល្អ ហើយ​ទុកកូន​យើង​ញ៉ាំ​ដោយ​ខ្លួន​ឯងទៅ ព្រោះ​​ធ្វើ​បែប​នេះ​ អាច​ជួយ​កូន​​ហ្វឹក​ហាត់​ភាព​ម្ចាស់​លើ​ខ្លួន​ឯង​បាន​ទៀត​ផង។

    – កុំ​បង្ខំ​ ឬ​សន្យា​អ្វី​ជាមួយ​ក្មេង ព្រោះ​បើ​សន្យា​ ឬ​ចរចា​អ្វី​មួយ អាច​ធ្វើ​ឲ្យ​​ពេល​ញ៉ាំ​អាហារ​ ជា​ពេល​វេលា​ដ៏​តាន​តឹងសម្រាប់​យើង​ និង​កូន។ បើ​សិន​ម៉ាក់ប៉ា ចង់​ឲ្យ​កូន​​មាន​ទម្លាប់​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព គួរ​ផ្តល់​បទពិសោធល្អៗ​នៅ​ពេល​ញ៉ាំអាហារ​នេះ ក៏​​មិន​គួរ​ឲ្យស្ករ​គ្រាប់​ជារង្វាន់ពេល​កូន​ញ៉ាំ​បាយ​អស់​​នោះ​ដែរ។

    – គួរ​ញ៉ាំ​បាយ​ជុំ​គ្នា​ឲ្យ​បាន​ញឹក​ញាប់ ព្រោះពេល​កូន​​ឃើញ​ យើង ​និង​បងប្អូន​គេ ឬ​សមាជិក​គ្រួសារ​ផ្សេងៗ​ញ៉ាំ​អាហារល្អ​សម្រាប់​សុខភាព​នោះ កូន​យើង ក៏​ធ្វើ​តាម​ដែរដូច​គ្នា។

    – មិន​ត្រូវ​យក​អាហារ​ក្មេង​មិន​ចូល​ចិត្ត​ចេញ​ពីគេ​ភ្លាមៗ​នោះ​ទេ ដោយ​សារ​ក្មេង​ត្រូវ​ការ​ពេល​យូរ​បន្តិច ​ដើម្បី​ទទួល​យក​អាហារ ​រូបរាង​ និង​រសជាតិ​ថ្មី។ ដូច​នេះ ​បើកូន​យើង​មិន​ចូលចិត្ត​សណ្តែកកួរ​ពេល​ញ៉ាំ​លើក​ដំបូង​ទេ អាច​សាក​ឲ្យ​​គេ​ញ៉ាំ​ម្តង​ទៀត​នៅ​អាទិត្យ​ក្រោយ។ បែប​នេះ កូន​​យើងអាច​នឹង​ចូលចិត្ត​សណ្តែក​កួរ ជាងយើង​គិតទៅ​ទៀត។

    – ត្រូវ​គិត​ពី​បរិមាណ​ទឹក ​ក៏​ដូច​ជា​សារធាតុ​រាវ​កូន​យើង​ញ៉ាំ​ ឲ្យ​សមមាត្រ​ទៅ​នឹង​អាហារ។ ផឹក​ទឹកដោះ​គោ​ ឬ​ទឹក​ផ្លែឈើ​ច្រើន​ពេក ​អាច​ធ្វើ​កូន មិន​សូវ​ចង់​ញ៉ាំ​អាហារ​ផ្សេង​ទៀត។ ហេតុ​នេះ​ ប៉ាម៉ាក់ ​មិន​គួរឲ្យកូនផឹក​ទឹក​ដោះ​គោ​ ឬទឹក​ផ្លែឈើ​លើស​ពី កន្លះ​ពែង​ ឬ ៣/៤ ​ពែង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។ ទោះ​បី​ទឹក​ដោះគោ​ និង​ទឹក​ផ្លែ​ឈើ​ស្រស់ ​មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ច្រើន​ក៏​ដោយ តែ​ពេល​ញ៉ាំ​ច្រើន មាន​ន័យ​ថា​ ញ៉ាំ​ស្ករ​ច្រើន ក៏មិន​បាន​ទទួល​នូវ​សារធាតុ​សរសៃ​ និង​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ មាន​ក្នុង​អាហារ​ស្រស់​គ្រប់​គ្រាន់ដូច​គ្នា។

    – មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ស្ករ​គ្រាប់ ​និង​អាហារ​មិន​ល្អ​សម្រាប់​សុខភាព​ទាល់​តែឆ្អែត​នោះ​ដែរ។ រាង​កាយ​ក្មេង ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ពី​អាហារ​​ល្អៗ​សម្រាប់​សុខភាព​ ដើម្បី​លូត​លាស់ មិន​មែន​ត្រឹម​តែ​កាល់ឡូរី​មួយ​មុខនោះ​ទេ។

    – ទុកឲ្យ​​ក្មេង​លេង​ជាមួយ​អាហារ​តាម​ចិត្ត​សិន​ចុះ។ ទុក​ក្មេងលេង​ប្រឡូក​ប្រឡាក់នៅ​អំឡុង​ពេល​ញ៉ាំ ក៏​ជា​តិចនិក​ល្អ​មួយ​ដែរ ព្រោះនៅ​ពេល​កូនយើង​លេងឆ្អែត ឬ​ហត់ ចាំ​យក​​អាហារ​ចេញ​កូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Sep 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម