backup og meta

ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 04, 2020

    ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក

    ការ​ដែល​យើង​ត្រូវ​បង្រៀន​ឲ្យ​កូន​ៗ ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន គឺ​ជា​រឿង​លំបាក​មួយ​ក្នុង​សម័យ​ស្មាត​ហ្វូន​បច្ចុប្បន្ន។ ក្មេង​សម័យ​ឥឡូវ​ចំណាយ​ពេល​ច្រើន​​អង្គុយ​មួយ​កន្លែង ដូច​ជា​មើល​ទូរទស្សន៍ លេង​ហ្គេម លេង​អាយ​ផែត ឬ​ហ្វេស​ប៊ុក​ តិចតុក​ជា​ដើម។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា រាល់​សកម្មភាព​ទាំង​អស់​នោះ គឺ​អាច​បណ្ដាល​ឲ្យ​ក្មេង​ៗ​មិន​បាន​បញ្ចេញ​សកម្មភាព​លើ​រាង​កាយ​របស់​គេ។ ក្នុង​នាមយើង​ជា​ប៉ាម៉ាក់ ​គួរ​តែ​ព្យាយាម​លើក​ទឹក​ចិត្ដ​កូន​​​ឲ្យ​​ធ្វើ​​សកម្ម​ភាព​ច្រើន​ជាង​នេះ។

    ១- ហេតុអ្វីក្មេងចាំបាច់ត្រូវមានភាពរហ័សរហួន

    ពេល​ក្មេង​ធ្វើ​សកម្មភាព រាងកាយ​នឹង​​មាន​សុខ​ភាព​ល្អ និង​អាច​ឲ្យ​ពួក​គេ​មិន​ងាយ​ឈឺ​ដែរ។ ខាង​ក្រោម​នេះ គុណ​សម្បត្ដិ​មួយ​ចំនួនយើង​​ទាំង​អស់​គ្នា​គួរ​ដឹង។

    • មាន​សាច់​ដុំ និង​ឆ្អឹង​រឹងមាំ
    • អាច​រក្សា​ទំងន់​ដង​ខ្លួន​បាន​ល្អ
    • កាត់​បន្ថយ​មិន​ឲ្យ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទី ២
    • អាច​ឲ្យ​គេ​គេង​បាន​ស្ងប់
    • នឹង​មាន​រាង​ស្រស់​ស្អាត

    ពេល​ក្មេង​ធ្វើ​សកម្មភាព​បាន​កាន់​តែ​ច្រើន ក៏​អាចជួយ​ដល់​ការ​​ផ្ដោត​អារម្មណ៍​លើ​ការ​សិក្សា​បាន​ប្រសើរ​ដែរ។ លើសពី​នេះ​ក៏​​ជួយ​ឲ្យ​ក្មេង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​។ ក្មេង​ៗ​នឹង​ទទួ​ល​បាន​គុណ​សម្បតិ្ដ​ជា​ច្រើន ពេល​គេ​ហាត់​ប្រាណ​ជា​ប្រចាំ ប៉ុន្តែ​ប៉ាម៉ាក់​អាច​ជួយ​លើក​ទឹក​ចិត្ដ​កូន​​បន្ថែម​តាម​របៀប​ដូច​ខាង​ក្រោម។

    • ជ្រើស​រើស​សកម្មភាព​សម​ស្រប​តាម​អាយុ​ អត្តចរិត និង​តាម​ចំណង់​ចំណូល​ចិត្ដ​របស់​កូន​
    • បង្កើត​ឱកាស​សម្រាប់​កូន​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន
    • ត្រូវ​តែ​ធ្វើ​ឲ្យ​កូន​​សប្បាយ​ចិត្ដ ពេល​ធ្វើ​សកម្មភាព​អ្វី​មួយ

    អត្ថបទពាក់ព័ន្ធ៖

    ២- តើយើង​អាចបែកចែកសកម្មភាពឲ្យសមស្របជាមួយអាយុក្មេងតាមរបៀបណា?

    យើង​អាច​បែង​ចែក​ចេញ​ជា​បី​ដំណាក់​កាល គឺ៖

    ក. ក្មេងអាយុមុន​ចូលរៀន (Preschoolers)

    ក្មេង​ៗ​ក្នុង​វ័យ​នេះ មាន​ពេល​លេង​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ។ យើង​គួរ​តែ​បង្ហាត់​កូន​​​ឲ្យ​ចេះ​ប្រើ​កម្លាំង​ដូច​ជា ឲ្យ​​ទាត់​បាល់ បោះ​បាល់ លេង​​ដេញ​ចាប់ រៀន​​លោត ជិះ​កូន​កង់ ឬ​រត់​កាត់​កន្លែង​មាន​អ្វី​​រា​រាំង​​ជា​ដើម។ រាល់​ក្មេង​ក្នុង​អាយុ​ប៉ុននេះ​ គឺ​មិន​ទាន់​យល់​​ច្បាស់​ថា​អ្វី​ជា​វិន័យ​ មិន​សូវ​យក​ចិត្ដ​ទុក​ដាក់ មិន​មាន​ជំនាញ និង​មិន​ទាន់​អាច​លេង​កីឡា​បានល្អ​នៅ​ឡើយ​ទេ។ ដូច​នេះ​ប៉ាម៉ាក់​មិន​គួរ​បង្រៀន​​ឲ្យ​លេង​កីឡា​ភ្លាម​ៗ​ទេ យើង​​គួរ​បង្ហាត់​អំពី​មូលដ្ឋាន​គ្រឹះ​ជា​មុន​សិន។

    ខ. អាយុចូលរៀន

    ក្មេង​មាន​អាយុ​ចន្លោះ​ពី ៦ឆ្នាំ រហូត​ដល់ ១២​ឆ្នាំ គឺ​រាប់​ចូល​ក្នុង​ក្រុម​ក្មេង​វ័យចូល​រៀន​នេះ។ ក្មេង​ត្រូវ​ការ​ពេល​មួយ​ម៉ោង​សម្រាប់​លេង​កីឡា និង​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ។ ដោយ​សារ​ក្មេង​អាចចង់​​​ជ្រើស​យក​សកម្មភាព​ត្រូវ​ធ្វើ ដូច​នេះយើង​​គួរ​ជួយ​គេ​ជ្រើស​រើស​យក​សកម្មភាព​ណា​ដែល​ក្មេង​ចូល​ចិត្ដ និង​ចង់​ធ្វើ​។ ប៉ាម៉ាក់​អាច​ពិភាក្សា​គ្នា​ជ្រើស​រើស​សកម្មភាព​ឲ្យ​កូន ដូច​ជា​បាល់​ទះ បាល់​បោះ ហាត់​ក្បាច់​គុណ ឬ​កីឡា​ជិះ​កង់​ជា​ដើម។

    គ. វ័យជំទង់

    វ័យ​ជំទង់​ក៏​មិន​សូវ​ខុស​គ្នា​ជាមួយ​ក្មេង​ពេក​ដែរ ក្មេង​ក្នុង​វ័យ​នេះ​ត្រូវ​ការ​ពេល​មួយ​ម៉ោង​រៀង​រាល់​ថ្ងៃ​សម្រាប់​លេង​កីឡា និង​លេង​ជា​មួយ​មិត្ដ​ភក្ដិ។ កូន​អាច​ជ្រើស​រើស​កីឡា​លេង​បាន​ច្រើន ទាំង​នៅ​ក្នុង​សាលា និង​ពេល​ចេញ​ពី​សាលា។ ក្មេង​ៗ​ដែល​មាន​ភាព​សកម្ម ច្រើន​ចូល​ចិត្ដ​យ៉ូហ្កា និង​ជិះ​ស្គី។ ប៉ុន្តែ​យើង​​ត្រូវ​ចាំ​ថា រាល់ស​កម្មភាព​ទាំង​អស់​នោះ ​ត្រូវ​រៀប​ចំ​ផែន​ការ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​។

    ប៉ាម៉ាក់​ដើរតួសំខាន់​សម្រាប់​ក្មេង​ជំទង់ គឺ​យើង​ត្រូវ​បង្កើត​បរិយាកាស​ល្អ​សម្រាប់​កូន​ ដោយ​អាច​ទិញ​របស់​ចាំ​បាច់​ឲ្យ​កូន​ ដូច​ជា​កង់ ឬ​ឧបករណ៍​ហាត់​កីឡា​ផ្សេង​ៗ​។ សម្រាប់​សកម្មភាព​មួយ​ចំនួន កូន​​ត្រូវ​ការ​សម្លៀក​បំពាក់​ល្អ និង​ត្រូវ​គ្នា​ជាមួយ​សកម្មភាព​ទាំង​​នោះ មាន​ដូចជា ខោអាវ និង​ស្បែក​ជើង​ល្អ ធ្វើ​ឲ្យ​មាន​ភាព​ជឿ​ជាក់​ពេល​ជិះ​កង់ ហែល​ទឹក ឬ​ទៅក្លឹម​ហាត់​ប្រាណ​​ជា​ដើម។

    មិន​ថា​ក្មេង​​ចូល​ចិត្ដ​ការ​ហាត់​ប្រាណ​បែប​ណា​ឡើយ តែ​សុទ្ធ​តែ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ ប្រសិន​បើ​ក្មេង​ហាត់​​បាន​ត្រឹម​ត្រូវ។ ឪពុក​ម្តាយ​គ្រប់​រូប ចាំ​បាច់​ត្រូវ​ឈរ​ពី​ក្រោយ​ផ្ដល់​កម្លាំង​ចិត្ដ​ឲ្យ​កូន​។ ពេល​ក្មេង​ជ្រើស​រើស​សកម្មភាព​ទាំង​នេះ ជា​ទម្លាប់​របស់​ក្មេង​​តាំង​ពី​នៅ​ក្មេង​វ័យ​បែប​នេះ លុះធំឡើង​​នឹង​មិន​បោះ​បង់​ចោល ហើយ​នឹង​បន្ត​ធ្វើ​​ជា​រៀង​រាល់​ថ្ងៃ​រហូត​ដល់​វ័យ​ចំណាស់​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម