backup og meta

បើ​កូន​​មាន​ជំងឺ​អុតស្វាយ ប៉ា​ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំងនេះ​ដើម្បីគ្រប់គ្រង​អាការៈ​រមាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 10, 2020

    បើ​កូន​​មាន​ជំងឺ​អុតស្វាយ ប៉ា​ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំងនេះ​ដើម្បីគ្រប់គ្រង​អាការៈ​រមាស់

    កន្ទួលរមាស់អាចកើតឡើងញឹកញាប់ដោយសារតែការបង្ករោគដោយវីរុស ជាពិសេស គឺកើតមានចំពោះក្មេងតូច។ អុតស្វាយ (Chickenpox) កន្ទួលរមាស់ក្រហម និងជំងឺកើតលើដៃជើងនិងមាត់ គឺសុទ្ធតែជាជំងឺដែលកើតមានញឹកញាប់បង្កដោយវីរុស។ កន្ទួលរមាស់ដែលបង្កឡើងដោយវីរុស ជាទូទៅអាចសំគាល់ឃើញបានដោយសង្កេតលើចំណុចរមាស់តូចៗពណ៌ផ្កាឈូក ចេញនៅ ពេញរាងកាយ និងមានរោគសញ្ញាដូចជា គ្រុនក្ដៅ និងរាករូស។

    ទោះបីជាកន្ទួលរមាស់ដែលបង្កឡើងដោយវីរុសភាគច្រើនបាត់ទៅវិញដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែអាចធ្វើឲ្យ​កូនយើង​មានអារម្មណ៍មិនស្រួល ជាពិសេស​នៅពេលដែលកើតអុតស្វាយ​តែម្ដង។ ការគ្រប់គ្រងកុំឲ្យ​មានរមាស់ គឺជារឿងសំខាន់ដែលត្រូវធ្វើ ព្រោះថាការអេះរមាស់ទាំងនោះ អាចបង្កឲ្យ​ទៅជាការបង្ករោគទីពីរដោយសារតែបាក់តេរី ហើយនិងធ្វើឲ្យ​មានស្នាម។

    ខាងក្រោមនេះ គឺជាវីធីសាស្ត្រខ្លះៗដែ​លយើង​អាចធ្វើបាន​ដើម្បីជួយកូនយើង​កាន់តែប្រសើរ និងការពារការអេះរមាស់ឲ្យ​ស្ថិតក្នុង​សភាព​អាច​គ្រប់គ្រងបាន។

    ១- ងូតទឹក

    ការងូតទឹកអាចជួយបន្ថយអាការរមាស់បាន។ សូមងូតទឹករយៈពេលពី​២០ ទៅ៣០នាទី ឲ្យ​បានច្រើនដងដើម្បីរក្សាអនាម័យ និងកាត់បន្ថយការរមាស់ស្បែក។ យើង​អាចបន្ថែម ម្សៅ Oatmeal មួយដៃពេញ ចូលទឹក​ដើម្បីអាចជួយសម្រួលអាការៈរមាស់នោះកាន់តែច្រើន។ យើង​ក៏​អាចមានផលិតផលសម្រាប់ងូតទឹកមួយចំនួនដែលមានម្សៅ Oatmeal នៅក្នុងនោះដែល​យើង​អាចរក​ទិញបានដោយមិនចាំបាច់វេជ្ជបញ្ជា។

    មិនត្រូវប្រើសាប៊ូឡើយ ឬបើ​ប្រើ​ត្រូវ​ប្រើសាប៊ូដែលខ្សោយ ប្រើសម្រាប់ស្បែកមានប្រតិកម្ម ឬសម្រាប់ទារក។ យើង​ត្រូវ​ជួយ​ឬ​ប្រាប់​កូន​ឲ្យ​ផ្ដិតទឹកនៅលើស្បែកឲ្យ​ស្ងួតបន្ទាប់ពីងូតទឹករួច ហើយមិនត្រូវជូតស្បែកខ្លាំងៗឡើយ។

    អត្ថបទពាក់ព័ន្ធ:

    ២- បិទគ្របបន្ទះត្រជាក់

    យើង​អាច​បិទបន្ទះត្រជាក់លើកន្លែងរមាស់ ដោយយើង​អាច​ប្រើក្រណាត់ទន់ និងងាយស្រូបទឹក។ ជ្រលក់ក្រណាត់ទៅក្នុងទឹកត្រជាក់ ហើយគ្របនៅលើស្បេក។ ដូចគ្នានេះដែរ ម្សៅបាយអរ​ធ្វើពី Oatmeal (oatmeal paste) អាចជួយសម្រួលអាការៈរមាស់ផងដែរ។ ត្រូវកិន oatmeal ឲ្យទៅជាម្សៅ ហើយលាយជាមួយទឹកក្ដៅឧណ្ហៗបន្តិចបន្តួច ដើម្បីធ្វើឲ្យ​ក្លាយជាបាយអរ រួច​​លាបពង្រាយ​បាយ​អរ oatmeal នោះនៅលើក្រដាសជូត។ បន្ទាប់មកបិទគ្របផ្នែកដែលមានបាយអរនោះ ទៅលើកន្លែងដែលរមាស់ រយៈពេល ១០ ទៅ១៥នាទី រួចលាងចេញ និងជូតផ្ដិតឲ្យ​ស្បែកស្ងួត។

    ៣- ស្វែងរកជំនួយដោយប្រើគ្រីមឡូសិន

    ប៉ា​ម៉ាក់​ក៏​អាចប្រើគ្រីមឡូសិន ដែលអាចជួយឲ្យ​ពងកន្ទួលនោះឆាប់ស្ងួត និងជួយឲ្យស្បែកមានសំណើម។ គ្រីមឡូសិន Calamine ឬគ្រីមឡូសិន ផ្សេងទៀត ដែលមានជាតិ Phenol ជាតិ Menthol និងជាតិ Camphor គឺសុទ្ធតែអាច​ជាជម្រើសដ៏ល្អ។ គ្រីម​ឡូសិន Oatmeal ក៏អាចប្រើបានផងដែរ។ យើង​ត្រូវ​ចៀសវាងប្រើគ្រីមឡូសិនដែលមានជាតិថ្នាំ Antihistamine ចំពោះជំងឺអុតស្វាយ។

    ៤- ការពារកុំឲ្យស្បែករលាក

    ប៉ាម៉ាក់​ត្រូវឲ្យ​កូន​ពាក់ខោអាវរលុងៗ ដែល​សាច់ក្រណាត់​ធ្វើពីកប្បាស និងផ្លាស់ប្ដូរសម្លៀកបំពាក់ និងកម្រាលពូកឲ្យ​បានញឹកញាប់។ បើសិនសម្លៀកបំពាក់ ឬក្រណាត់ដែលពាក់ហាក់ដូចជាធ្វើឲ្យ​រលាកស្បែកនោះ សូមប្រើសាប៊ូបោកខោអាវកម្រិតស្រាលដើម្បីសម្អាត។ ប៉ាម៉ាក់​ត្រូវ​ណែនាំកូន​ឲ្យ​នៅឆ្ងាយពី ពន្លឺព្រះអាទិត្យ ដើម្បីកុំឲ្យ​ក្ដៅ និងបែកញើស ដែលជាហេតុនាំឲ្យ​រមាស់។

    ៥- ញ៉ាំថ្នាំប្រឆាំងហ៊ីស្តាមីន (Antihistamine)

    ប៉ាម៉ាក់​ក៏អាច​ឲ្យ​កូន​ញ៉ាំថ្នាំនេះ ដើម្បីជួយការពារកុំឲ្យអេះនៅពេលគេងយប់។ បើសិនយើង​ទិញ ពពួកថ្នាំនេះ ដែលមិនត្រូវការវេជ្ជបញ្ជា សូមប្រើថ្នាំ​ដោយប្រយ័ត្នប្រយែង ស្របតាមការណែនាំនៅលើសម្បកថ្នាំ។ ក្មេងអាយុតិចជាង ៦ឆ្នាំ មិនគួរឲ្យ​ញ៉ាំថ្នាំប្រឆាំងហ៊ីស្តាមីនឡើយ។ ប៉ាម៉ាក់​អាច​ពិគ្រោះជាមួយគ្រូពេទ្យ មុននឹងឲ្យ​ថ្នាំ​នេះ​ទៅកូនប្រើ។

    ៦- ចៀសវាងការអេះ

    ត្រូវប្រាកដថា ក្រចកដៃកូនរបស់យើង​ត្រូវបានសម្អាត និងកាត់ឲ្យខ្លីៗ និងលាងដៃកូនញឹកញាប់ ដើម្បីប្រាកដថាមានអនាម័យ។ ប៉ាម៉ាក់​អាច​បិទបង់បិទដំបៅលើពងកន្ទួលដែលបានបែក ហើយ​ត្រូវ​ព្យាយាមបង្វែរអារម្មណ៍កូនកុំឲ្យ​អេះ។

    សំខាន់ជាងនេះទៀតនោះ ត្រូវប្រាកដថាកូនរបស់យើង​បានគេងគ្រប់គ្រាន់ និងញ៉ាំអាហារបានត្រឹមត្រូវ​។ គ្រុនក្ដៅ​នឹងធ្វើឲ្យ​ការបាត់បង់ជាតិទឺកក្នុងខ្លួនកើនឡើង ហេតុនេះ​ហើយត្រូវញ៉ាំទឹកឲ្យ​បានគ្រប់គ្រាន់ គឺជាការសំខាន់។ មានការថែរទាំត្រឹមត្រូវ កន្ទួលរមាស់ដែលបង្កដោយវីរុស​នឹងត្រូវកម្រិតបានដោយខ្លួនឯង ហើយកូនរបស់យើង​នឹងវិលត្រលប់មកមានសុខភាពជាប្រក្រតីនៅក្នុងអំឡុងពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែ​បើយើង​សង្កេតឃើញមានផលវិបាកដូចជា កូន​បាត់បង់ជាតិទឹកខ្លាំង កន្ទួលរមាស់ ឬគ្រុនក្ដៅ កាន់តែធ្ងន់ធ្ងរទៅៗ ក្អួតខ្លាំង និងរាករូសខ្លាំង សូមប្រញ៉ាប់នាំកូន​ទៅ​ជួបគ្រូពេទ្យជាបន្ទាន់ដើម្បីស្វែងរក​ការ​សង្គ្រោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម