backup og meta

ម៉ាក់ៗមើលម៉េចទើបដឹងថា​អូនៗជួបបញ្ហាទល់លាមក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 04, 2021

    ម៉ាក់ៗមើលម៉េចទើបដឹងថា​អូនៗជួបបញ្ហាទល់លាមក?

    ទល់លាមក គឺជាបញ្ហាមួយ​កើតឡើងញឹកញាប់លើកុមារ។ ប៉ាម៉ាក់ត្រូវដឹងថាពេលណាកូនៗទល់លាមក ដើម្បីដោះស្រាយឲ្យបានត្រឹមត្រូវ។

    រោគសញ្ញានៃបញ្ហាទល់លាមក

    កូនមិនសូវបន្ទោបង់ (អាចជុះតិចជាងបីដងក្នុងមួយសប្ដាហ៍)

    លាមករបស់ក្មេងមានសភាពរឹង និងស្ងួត ធ្វើឲ្យលាមកមិនងាយចេញមកក្រៅ ឬឈឺចាប់ពេលបន្ទោបង់ ឬទំហំលាមកធំពេករហូតអាចស្ទះបន្គន់។

    ក្មេងៗឈឺចាប់ ឬយំពេលបន្ទោបង់ម្ដងៗ

    ឈឺឆ្អល់ក្នុងពោះ និងហើមពោះ

    អាចចុកពោះ

    ពេលខ្លះអាចមានឈាមនៅជាប់លើលាមក

    សញ្ញានៃបញ្ហាទល់លាមកដែលប៉ាម៉ាក់តែងយល់ច្រឡំនោះគឺ​ រាក។ ការរាកក្នុងបញ្ហាមួយនេះ គឺកើតឡើងដោយសារដុំលាមករឹងនៅស្ទះជាប់ក្នុងទ្វារលាមក ហើយលាមករាវៗហូរមកតាមក្រោយចេញតាមចន្លោះលាមករឹងទាំងនោះ។

    ការឈឺចាប់រាល់ពេលបន្ទោបង់ អាចធ្វើឲ្យក្មេងព្យាយាម​គេច​​មិនចង់​បន្ទោបង់។ ដូច​នេះ​ប៉ាម៉ាក់​គួរសង្កេត​មើល​អាកប្បកិរិយារបស់​កូន ពេល​បន្ទោបង់ សង្កេត​មើល​អំពីការខ្ជឹប​រន្ធគូទ កូន​​មាន​ខ្វែង​ជើង​ចូល​គ្នា​ឬ​អត់ ឬពេលប្រឹងបត់ជើង​កូន​មាន​ប្រែ​ប្រួលទឹក​មុខ​ដែរឬ​អត់។​

    អត្ថបទពាក់ព័ន្ធ៖

    មូលហេតុធ្វើឲ្យទល់លាមក

    ក្មេង​ៗខ្លះ​ព្យាយាមទប់លាមក ដោយសារពួកគេមិនចង់ចូលជុះតាម​បន្គន់​សារធារណៈ ​មិនចូលចិត្ដ​ពេលរៀន​បត់ជើងក្នុង​បន្គន់ ឬ​មិនចង់​ឈប់​លេងដើម្បីទៅជុះ ឬមាន​ពេលខ្លះដោយសារតែកូន​ខ្លាចឈឺ​ពេលជុះម្ដងៗ​ជាដើម​។ បើក្មេងជុះ​ទៅ​ឈឺ លើក​ក្រោយ​ៗ​ទៀត​កូន​ច្បាស់ជាមិនចង់​ជុះទៀតទេ។

    បញ្ហាទល់លាមកអាចកើតឡើងដោយសារតែរបបអាហារ មិនសូវមានបន្លែ និងផ្លែឈើ ដែលមានផ្ទុកជាតិសរសៃ fiber ច្រើន ឬ​មិនមានទឹកគ្រប់គ្រាន់ក្នុងអាហារ។ ក្មេងៗ​ងាយនឹងជួបបញ្ហាទល់លាមកពេលប្ដូររបបអាហារ យើង​អាច​សង្កេត​ឃើញដោយ​ខ្លួនឯងបាន​ គឺនៅពេល​កូន​ចាប់ផ្ដើមប្ដូរពីញ៉ាំអាហាររាវៗ​ទៅជាអាហាររឹងៗ​។

    ក្មេង​ខ្លះ​អាច​ទល់លាមក​ដោយសារតែផលរំខានរបស់ថ្នាំ។ ការទល់លាមក​អាចកើតឡើងដោយសារតែផលរំខានរបស់ថ្នាំមួយ​ចំនួន​ដូចជា ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ដ ឬថ្នាំមួយចំនួនផ្សេងទៀត។ ចំណែក​ប្រវត្ដិក្រុមគ្រួសារធ្លាប់​កើត​​បញ្ហា​​ទល់លាមក​ ក៏​​អាច​​នាំ​ឲ្យ​កូន​ទល់​លាមក​ដែរ​។

    កូនទល់លាមក

    -​ ការព្យាបាល

    ញ៉ាំអាហារសម្បូរជាតិសរសៃ fiber

    ប៉ាម៉ាក់​ត្រូវឲ្យកូនញ៉ាំអាហារមានបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ ដែលសម្បូរ​ជាតិសរសៃ fiber។ ពពួក​ដំណាប់​គ្រាប់​ផ្លែឈើ និង​ពោត​លីង គឺជាក្រុមអាហារ​ដែលសំបូរ fiber ប៉ុន្តែសម្រាប់ពោតលីង យើង​​មិនត្រូវប្រើស្ករ និង​អំបិល​ច្រើន​ពេក​ទេ។ អាហារដែល​មានផ្ទុក Probiotics ​មានដូចជាយ៉ាអួរ គឺអាចទៅជួយពង្រឹងប្រព័ន្ធរំលាយអាហាររបស់​ក្មេង​បាន​។​

    ក្រៅពីញ៉ាំអាហារមានជាតិសរសៃ Fiber ក្មេងៗក៏ត្រូវញ៉ាំទឹកឲ្យច្រើនដែរ។ បើញ៉ាំតែអាហារមានសរសៃ Fiber ប៉ុន្តែញ៉ាំទឹកមិនបានគ្រប់គ្រាន់ ដើម្បីទៅជួយរុញអាហារទាំងនោះពីក្នុងពោះវៀន នោះ​នឹងធ្វើឲ្យក្មេងអាចទល់លាមកកាន់តែខ្លាំង។ ដូចនេះយើង​ត្រូវ​ណែនាំ​ឲ្យកូនញ៉ាំទឹកឲ្យបានញឹកញាប់ ហើយក៏ត្រូវញ៉ាំទឹកដោះគោខ្លះៗដែរ ប៉ុន្តែមិនត្រូវឲ្យគេញ៉ាំគ្រឿងផ្អែមៗច្រើន​ពេកទេ។

    ឲ្យកូនៗចូលបន្ទប់ឲ្យបានញឹកញាប់

    និយាយជាមួយកូនៗអំពី​គុណសម្បត្តិនៃការបន្ទោបង់នៅពេលព្រឹកភ្ញាក់ពីគេង ឬក្រោយពេលញ៉ាំអាហាររួច។ ក្មេងៗពេលបានស្ដាប់អំពីរឿងទាំងនេះ អាចធ្វើឲ្យពួកគាត់ចង់ចូលបន្ទប់ទឹកបន្ទោបង់ជាងមុន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម