backup og meta

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 06, 2020

    ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

    កូន​បៅ​ទឹក​ដោះ​គោ​មិន​ត្រឹម​មិន​សូវ​ល្អ និង​នាំ​ឲ្យ​កូន​ឈឺ​ច្រើន​ដូច​ទឹក​ដោះ​ម្ដាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ពិបាក​ក្នុង​ការ​លាង​សម្អាត​ទៀត​ផង ដោយ​ដប​មួយ​ចំនួន​ប្រើ​ហើយ​មាន​ក្លិន​ផ្អូម​ជាប់​ដប ទោះ​ជា​បាន​លាង​សម្អាត​ជាមួយ​សាប៊ូ និងទឹក​ក្ដៅ​ហើយ​ក៏​ដោយ។

    ចំពោះ​បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា មាន​ទារក​ជាច្រើន​កើត​ជំងឺ​ផ្សេង​ៗ​ដោយសារ​តែ​ការ​លាង​សម្អាត​ដប​ទឹក​ដោះ​គោ​នេះ។ លោក​បាន​បន្ថែម​ទៀត ការ​លាង​សម្អាត​មិនមែន​លាង​ឲ្យតែ​រួច​ពី​ដៃ​ដូច​របស់​របរ​មនុស្ស​ធំប្រើប្រាស់​ឡើយ ព្រោះ​កូន​ក្មេង​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ​ល្អ កាលណា​តែ​ដប​មាន​ក្លិន​ជូរ​ផ្អូម ទារក​អាច​នឹង​រាករូស ហើម​ពោះ​ភ្លែត។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ការ​លាង​សម្អាត​ដប​ត្រូវ​លាង​ទាំង​បាត ក​ដប កៀន​ដប​ខាង​ក្រៅ ក្បាល​ដប និង​ក្បាល​ដោះ​កូន​បៅ សុទ្ធតែ​ត្រូវ​ការ​ឧបករណ៍​តូចផ្សេងៗគ្នា ទើបស៊ី​ទៅ​នឹង​ទំហំ អាច​សម្អាត​បាន​ស្អាត​ល្អ និង​មិន​នាំ​បញ្ហា​ដល់​កូន។ កាលណា​លាង​មិន​ស្អាត​ធ្វើឲ្យ​បាក់តេរី ផ្សិត ឬ​វីរុស​ទៅ​បម្លែង និង​បង្ក​ជា​ក្លិន​ជូរ ផ្អូម។ មួយ​វិញ​ទៀត​ការ​ដែល​បំបៅ​រួច ទុក​ដប​ផ្អាប់​ចោល​រាប់​ម៉ោង​មិន​លាង​ភ្លាម​ៗ ជា​ហេតុ​នាំឲ្យ​បាក់តេរី ផ្សិត វីរុស អស់​ទាំង​នោះ​រស់នៅ​បាន​យូរ និង​ធន់​ទៅវិញ ហើយ​ពេល​លាង​គ្មាន​ភាព​ផ្ចិតផ្ចង់ ទើប​បាន​ជា​ដប​មិន​ស្អាត និង​ជា​មូលហេតុ​នាំឲ្យ​កូន​ឈឺ។

    លោក​បញ្ជាក់​ទៀត​ថា អាណាព្យាបាល​ភាគច្រើន​និយាយ​ថា​បាន​លាង​សម្អាត​ដប​យ៉ាង​ស្អាត​ហើយ តែ​នៅតែ​ផ្អូម ប៉ុន្តែ​ការពិតលាង​មិន​ស្អាត​ល្អ​គ្រប់​គន្លាក់គន្លើន។ វេជ្ជបណ្ឌិត​ខាងលើ​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​របៀប​លាង​ដុស​ម្ដង​ទៀត ទើប​កូន​គ្មាន​បញ្ហា​ឈឺពោះ រាករូស ហើម​ពោះ​អស់​ទាំង​នោះ ដោយ​អនុវត្តដូច​ខាងក្រោម៖

    – ចាក់​ទឹកដោះគោ​ចាស់ចោល ហើយក្រឡុកឲ្យអស់ទឹកដោះគោសិន

    – ដោះ​ក្បាល​ដោះ​ជ័រ​ចេញ​ពី​គម្រប និង​លាង​ម្ដង​មួយ​ៗ

    – ប្រើ​សាប៊ូ​លាងសម្រាប់លាងដបទឹកដោះគោ ទើបអាចជម្រះសារធាតុខ្លាញ់​

    – ក្រោយ​លាង​សម្អាត​ស្នាម​ប្រឡាក់ និង​ទឹកដោះគោ​ជាមួយ​សាប៊ូ ត្រូវ​ត្រាំ​រួច​ក្រឡុក​ដប​ទឹក​ដោះ​គោ​ជាមួយ​នឹង​ទឹកក្ដៅឧណ្ហៗ

    – ក្រោយ​ចាក់ចោល​ទឹកក្ដៅឧណ្ហៗ ត្រូវ​រលាស់​ទឹក​ឲ្យ​អស់ ហើយ​ហិត ​បើ​នៅ​ធុំ​ក្លិន​ត្រូវ​លាង​ឡើង​វិញ

    – រួច​យក​ទៅ​ផ្កាប់​ក្នុង​ប្រអប់​បិត​ជិត កុំឲ្យ​មាន​ធូលី និង​សត្វ​ទំលើ

    – ទុក​ដប​ឲ្យ​ស្ងួត​សិន ចាំ​យក​ទៅ​ឲ្យ​កូន​បៅ

    – ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ដប​ទឹក​ដោះ​គោ​តាម​ការ​កំណត់ ឬ​មុន

    – ត្រូវ​ចេះ​ជ្រើសរើស​ផលិតផល​មាន​គុណភាព​ខ្ពស់

    – ត្រូវ​មាន​ដប​ច្រើន សម្រាប់​ផ្លាស់ប្ដូរ។

    ក្រៅពី​ការ​លាង​សម្អាត​មិន​ល្អ ដប​ដែល​គ្មាន​គុណភាព និង​ស្ដង់ដារ​ត្រឹមត្រូវ ទោះជា​លាង​បែប​ណា​ក៏​នៅមាន​ធុំក្លិន​ជ័រ​ចេញ​ពី​ដប​នោះ​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម