backup og meta

ក្មេងក្តៅខ្លួនមានគ្រោះថ្នាក់ទេ? ចុះករណីណាខ្លះត្រូវនាំកូនទៅពេទ្យ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 10, 2020

    ក្មេងក្តៅខ្លួនមានគ្រោះថ្នាក់ទេ? ចុះករណីណាខ្លះត្រូវនាំកូនទៅពេទ្យ?

    កាលណា​យើង​វ៉ាស់កម្តៅ​ក្នុង​ខ្លួន​ក្មេង ​ដោយ​ទែរម៉ូម៉ែត​ឃើញ​លើស​ពី ៣៨ អង្សារសេ នោះ​ចាត់​ទុក​ថា ក្មេង​ក្តៅ​ខ្លួន​ហើយ។ ក្មេង​ក្តៅ​ខ្លួន​អាច​គ្រោះ​ថ្នាក់​ទេ? ហើយ​ករណី​ណា​ខ្លះ​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ?

    តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជាមួយ​អនុប្រធាន​មន្ទីរពេទ្យ គន្ធបុប្ផា វេជ្ជបណ្ឌិត ហេង សុទ្ធី លោក​បាន​ពន្យល់​ថា អាការៈ​ក្តៅ​ខ្លួន​ជា​ការ​ឆ្លើយ​តប​របស់​សរីរាង្គ​យើង​ទល់​នឹង​មេរោគ។ ក្នុង​នោះ​ក្តៅ​ខ្លួន ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដែល​ច្រើន​កើត​លើ​ក្មេង​តូចៗ ដូចជា​វីរុស ជាដើម ហើយ​មិន​បង្ក​ឲ្យ​កុមារ​ឈឺ​ធ្ងន់​ឡើយ បើ​ទោះ​វា​បណ្តាល​ឲ្យ​កុមារ​ក្តៅ​ខ្លួន​ខ្លាំង​ក៏​ដោយ។

    ផ្ទុយ​ទៅ​វិញ មាន​ករណី​ខ្លះ​អការៈ​ក្តៅខ្លួន​បណ្តាល​មក​ពី​បាក់តេរី ដែល​ឲ្យ​ក្លាយ​រោគ​ទៅ​ជា​ធ្ងន់​បាន ដូចជា​រលាក​ស្រោមខួរ រលាក​ផ្លូវ​តម្រង​នោម មាន​បាក់តេរី​ក្នុង​ឈាម​ជា​ដើម តែ​ករណី​បែប​នេះ កុមារ​ច្រើន​តែ​ក្តៅ​ខ្លួន​យូរ និង​រួម​ផ្សំ​នឹង​សញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ទៀត។

    មិនថា អាការៈ​ធ្ងន់ ឬ​ស្រាល​នោះ​ទេ ឲ្យ​តែ​កូន​ក្តៅ​ខ្លួន​ម៉ាក់ប៉ា​តែង​តែ​បារម្ភ តែ​លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ក្តៅ​ខ្លួន​ក្នុង​កម្រិត​ស្រាល ជា​ទូទៅ​កម្តៅ​នឹង​ថយ​ចុះ និង​បាត់​ទៅ​វិញ​មិន​យូរ​ឡើយ។ ចុះ​ពេល​ណា​ឪពុកម្តាយ​ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ពេល​កូន​ក្តៅ​ខ្លួន? លោក​វេជ្ជបណ្ឌិត​ឆ្លើយ​តប​ថា៖

    -ទារក​អាយុ​តិច​ជាង ៣ខែ ដែល​ត្រូវ​តែ​ស្វែង​រក​ជំងឺ​ផ្សេងៗ​របស់​វា ជា​ពិសេស​ជំងឺ​មក​ពី​បាក់តេរី ដែល​ត្រូវ​ព្យាបាល​ច្បាស់​លាស់។

    -កុមារ​មាន​កម្តៅ​លើស​ពី៤០អង្សារសេ និង​ក្នុង​ករណី​កុមា​រមិន​ធន់​បាន​នឹង​កម្តៅ​ខ្លាំង ដូចជា​អស់​កម្លាំង​ខ្លាំង សន្លឹម មិន​ញ៉ាំ​អាហារ ឬ​ប្រកាច់។ល។ តែ​កុមារ​ភាគ​ច្រើន​អាច​ទ្រាំ​ទ្រ​នឹង​កម្តៅ​ខ្លាំង​បាន

    -ពេល​កុមារ​ក្តៅ​ខ្លួន​លើស​ពី៣ថ្ងៃ។

    វេជ្ជបណ្ឌិត ហេង សុទ្ធី
    វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា

    ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ពេល​កូន​ក្តៅ​ខ្លួន ដើម្បី​ឲ្យ​កម្តៅ​ឆាប់​ថយ​ចុះ​មក​ធម្មតា​វិញ។

    -ស្រឡាប​ទឹក ឬ​ជូត​នឹង​កន្សែង​សើម និង​ដោះ​សម្លៀក​បំពាក់​កុមារ ដើម្បី​ឲ្យ​ត្រូវ​ខ្យល់​ក្នុង​បរិយាកាស។

    -កម្ដៅ​លើស​ពី​៣៨កន្លះ ទើប​ឲ្យ​ថ្នាំ​បញ្ចុះ​កម្តៅ រាល់ ៦ម៉ោង​ម្តង។

    -មិន​ត្រូវ​រុំ ឬ​ដណ្តប់​ភួយ​ពេល​កុមារ​ក្តៅ​ខ្លួន​ឡើយ។

    -ព្យាយាម​ឲ្យ​កុមារ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ឬ​ក៏​ញ៉ាំ​ចំណី​ធម្មតា

    -ការ​ដាក់​សេរ៉ូម មិនមែន​សម្រាប់​បន្ថយ​កម្តៅ​ឡើយ គឺ​ពេទ្យ​អាច​ប្រើ​លុះ​ណា​តែ​ក្មេង​ញ៉ាំ​ពុំ​បាន។

    -កុំ​ប្រើ​ថ្នាំ​ផ្សះ​ដោយ​ខ្លួន​ឯង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម