backup og meta

ចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2020

    ចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ទេ?

    ថ្នាំ​បង្ការ (វ៉ាក់សាំង) មាន​នាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​គ្រប់គ្នា​ពី​ជំងឺ​កាច​សាហាវ​មួយ​ចំនួន បែប​នេះ​ហើយ​ទើប​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​អាយុ និង​កាល​កំណត់។ ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ មាន​ការ​សាកសួរ​ជា​ច្រើន​អំពី​ការ​ចាក់​វ៉ាក់សាំង​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់ តើ​អាច​មាន​ផល​ប៉ះពាល់​ទេ?

    ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) ថា ទូទៅ​ការ​ចាក់​វ៉ាក់សាំង​មុន​កាល​កំណត់​៤ថ្ងៃ ចាត់​ទុក​ថា​ត្រឹមត្រូវ។ “ឧទាហរណ៍​ថា កូន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្ងៃទី៥ ប៉ុន្តែ​យើង​រវល់ អ៊ីចឹង​យើង​ចាក់​ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ ថ្ងៃ៤ អូខេ អត់​មាន​បញ្ហា​ទេ។ ក៏​ប៉ុន្តែ​បើ​សិន​ជា​លើស​ពី​៤​ថ្ងៃ​ហ្នឹង ឧទាហរណ៍​ថា​គាត់​ចាក់​ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ​៣០ អាហ្នឹង​ចាត់​ទុក​ថា Invalid ដែល​ទាមទារ​ឲ្យ​យើង Repeat ដូស្ត មាន​ន័យថា វ៉ាក់សាំង​ត្រូវ​ចាក់​តែ ៣ដង​ទេ តែ​ចាក់​អត់​ត្រឹមត្រូវ​អាច​ឈាន​ដល់​ចាក់​៤ដង”។

    លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា វ៉ាក់សាំង​មិន​មែន​ចាក់​តែ​១ដង​នោះ​ទេ វ៉ាក់​សាំង​ខ្លះ​មាន​ម្តង វ៉ាក់​សាំង​ខ្លះ ២ដង ខ្លះ​ ៣ដង ខ្លះ ៤ដង ឯណោះ បើ​យើង​ចាក់​មិន​ត្រូវ​តាម​កាល​កំណត់ អាច​នឹង​ត្រូវ​ចាក់​សារ​ឡើង​វិញ។

    ចុះ​ការ​វ៉ាក់សាំង​ក្រោយ​ការ​កំណត់​វិញ​យ៉ាង​ម៉េច​ដែរ? លោកស្រី​វេជ្ជបណ្ឌិត​ឆ្លើយ​ថា មិន​មាន​គ្រោះថ្នាក់​ទៅ​លើ​កូន​យើង​ទេ ក៏​ប៉ុន្តែ​ការ​កកើត​ជា​ប្រព័ន្ធ​ការពារ​អាច​មិន​សម​ស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សិក្សា។ លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ពន្យារ​ពេល​ចាក់​វ៉ាក់សាំង​យូរ​ពេក ក៏​ទាមទារ​ឲ្យ​មាន​ការ Repeat ដូស្ត​ដែរ។ ដូចនេះ​ជម្រើស​ដែល​ល្អ​បំផុត បើ​គ្រូពេទ្យ​ណាត់​ថ្ងៃ​ណា យើង​គួរ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ថ្ងៃ​នោះ។

    វេជ្ជបណ្ឌិត គុជ ឆោមដាលីន
    វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center

    ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​ចាក់​វ៉ាក់សាំង​ទារក និង​កុមារ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ នៃ​ក្រសួង​សុខាភិបាល។

    លើកទី១៖ ទារក​ទើប​កើត

    ពេល​កើត​ភ្លាម ទារក​ត្រូវ​ចាក់​វ៉ាក់សាំង​​ដល់​ទៅ​២​មុខ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង។

    លើកទី២៖ ទារកអាយុ ១ខែកន្លះ

    អាអូន​អាយុ​បាន ១ខែកន្លះ គ្រូពេទ្យ​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ជាច្រើន​មុខ ក្នុង​នោះ​មាន​ដូចជា៖

    – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (បន្តក់)

    – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺ​រលាក​ថ្លើម​ប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

    – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក។

    លើកទី៣៖ ទារកអាយុ ២ខែកន្លះ

    អាយុ​បាន ២ខែ​កន្លះ អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ច្រើន​មុខ​ដូច​ការ​ចាក់​នៅ​អាយុ ១ខែកន្លះដែរ

    – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់)

    – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

    – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាកស្រោមខួរ​ដោយភ្នើម៉ូកូក។

    លើកទី៤៖ ទារកអាយុ ៣ខែកន្លះ

    ក្រៅពី​ចាក់​រម្លឹក​នូវ​វ៉ាក់សាំង​ទាំង​ប៉ុន្មាន​មុខ​ខាង​ក្រោមនេះ អូនតូច​ត្រូវ​បន្ថែម​វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង ប្រភេទ​ចាក់។

    – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់)

    – វ៉ាក់សាំង​ការពារ​ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

    – វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត-រលាក​ស្រោម​ខួរ​ដោយ​ភ្នើ​ម៉ូកូក។

    លើកទី៥៖ ទារក​អាយុ ៩ខែ

    លើក​នេះ​អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​តែ​២មុខ​ទេ មាន វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​លើកទី​១ និង​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី។

    លើកទី៦៖ ទារក​អាយុ ១៨ខែ

    លើក​ចុង​ក្រោយ​នេះ អូនៗ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​លើកទី២។

    វ៉ាក់សាំង​ទាំងអស់​ផ្តល់​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់។ ដើម្បី​កូន​យើង​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ ម៉ាក់ប៉ា​កុំ​ភ្លេច​នាំអូនៗ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឲ្យ​គ្រប់​មុខ​ណា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម