backup og meta

ពិតអត់ ស្បែក​ទារក​ឡើង​ប្រេះ និង​របក​អាច​បណ្ដាល​មក​ពី​ការ​រោល​ទឹក​ភ្លោះ​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 21, 2020

    ពិតអត់ ស្បែក​ទារក​ឡើង​ប្រេះ និង​របក​អាច​បណ្ដាល​មក​ពី​ការ​រោល​ទឹក​ភ្លោះ​?

    ទារក​គ្រប់​រូប​ទាម​ទារ​ឲ្យ​ការ​យក​ជិត​ទុក​ដាក់ និង​ថែ​ទាំ​ពី​យើង​ច្រើន ព្រោះ​អា​អូន​នៅ​ខ្ចី​មែន​ទែន ងាយ​នឹង​ប្រឈម​ការ​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​ទៅ​ជា​ឈឺ​ជា​ដើម។ ក្នុង​នោះ មាន​ទារក​មួយ​ចំនួន​កើត​មក ជួប​បញ្ហា​នៅ​លើ​ស្បែក ដូច​ជា​របក​ស្បែក​ទាំង​ផ្ទាំងៗ រហែក​ស្បែក។ល។ បើ​អា​អូន​នៅ​តូច​ចឹង ជួប​បញ្ហា​នេះ អាច​បណ្ដាល​មក​ពី​ការ​រោល​ទឹក​ភ្លោះ​អត់?

    ទាក់​ទង​នឹង​បញ្ហា​នេះ ​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ករណី​ទារក​កើត​មក​របក​ស្បែក​នេះ ខាង​ក្រុម​គ្រូពេទ្យ​បាន​ជួប​ប្រទះ​ញឹក​ញយ​ដែរ ហើយ​ការ​របក​ស្បែក​របស់​ទារក​មិន​ដូច​គ្នា​ទេ។ ប៉ុន្តែ​ចំពោះ​ករណី​ដែល​ថា កូន​មាន​បញ្ហា​របក​ស្បែក ដោយ​សារ​រោល​ទឹក​ភ្លោះ​នោះ គឺ​គ្មាន​ទេ ព្រោះ​ទឹក​ភ្លោះ​មាន​តួ​នាទី​សំខាន់​ជួយ​ចិញ្ចឹម ក៏​ដូច​ជា ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ។ ដូច​នេះ ការ​ដែល​កូន​មាន​បញ្ហា​របក​ស្បែក​មិន​មែន​ដោយ​សារ​តែ​ទឹក​ភ្លោះ​ទេ។

    “បញ្ហា​ស្បែក​ដែល​ទារក​ទើប​កើត​ជួប​ប្រទះ​នឹង ខាង​ពេទ្យ​ជួប​ច្រើន​ហើយ តែ​បញ្ហា​អស់​នោះ​មិន​មែន​កើត​ដោយ​សារ​ទឹក​ភ្លោះ​ទេ។ ករណី​ដែល​របក​ស្បែក​ទារក​ទើប​កើត មិន​ទាក់​ទង​នឹង​ទឹក​ភ្លោះ បើ​មាន​អ្នក​យល់​បែប​នេះ អាច​ដោយ​សារ​គាត់​មិន​មាន​ជំនាញ​ច្បាស់​លាស់ ឬ​គាត់​ប្រើ​ពាក្យ​ខុស​បច្ចេកទេស​ពេទ្យ។”

    លោក​បន្ត​ថា ជួន​កាល អា​អូន​របក​ស្បែក​អាច​គ្រាន់​តែ​ជា​ករណី​ស្រាល ដែល​ឆ្លង​មេរោគ​ពី​ម្ដាយ​ដូច​ជា ម្ដាយ​មាន​ជំងឺ​ឆ្លង ឬ​ឆ្លង​តាម​មេរោគ​តាម​ទ្វារ​មាស​ម្ដាយ​។ល។ ក្នុង​ករណី អា​អូន​របក​ស្បែក​តិច​តួច វា​អាច​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​នៅ​លើ​ក្មេង​ប៉ុណ្ណោះ។

    វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា ចំណែក​ករណី​ខ្លះ​វិញ​ទៀត ទារក​កើត​មក​មាន​បញ្ហា​របក​ស្បែក​ទាំង​ផ្ទាំងៗ ដែល​វា​បង្ក​ឡើង​ដោយ​ខុស​ក្រូម៉ូសូម​ពី​កំណើត ហើយ​ជំងឺ​ប្រភេទ​នេះ​ពិបាក​ក្នុង​ការ​ជួយ​ទារក និង​មាន​ជំងឺ​ស្បែក​ពី​កំណើត​មួយ​ប្រភេទ​ទៀត​ដែល​យើង​ភាគ​ច្រើន​ហៅ​ថា ស្បែក​ពស់ (Harlequin Ichthyosis) ជា​ជំងឺ​កម្រ កើត​នៅ​លើ​ស្បែក​ទារក​ពី​កំណើត​តែ​ម្ដង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម