backup og meta

ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួនមិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2020

    ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួនមិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

    យើង​ដឹង​ស្រាប់​ហើយ​ថា អា​អូន​តូចៗ​ឧស្សាហ៍​ក្ដៅ​ខ្លួន​ណាស់ ព្រោះ​អា​អូន​ងាយ​នឹង​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្សេងៗ​ច្រើន។ មាន​វិធីសាមញ្ញ​មួយ​ដែល​ម៉ាក់ប៉ា​និយម​ប្រើ​ពេល​កូន​ៗ​ក្ដៅ​ខ្លួន គឺ​យក​កន្សែង​សើម​មក​ជូត​ខ្លួន ឬ​រុំ​ខ្លួនឲ្យ​កូន ដើម្បី​ជួយ​ឲ្យ​កម្ដៅ​ខ្លួន​អា​អូន​ចុះ។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​អា​អូន​ឈឺ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ការ​ដណ្ដប់​កន្សែង​សើម និង​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បញ្ចុះ​កម្ដៅ​កូន​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​ហើយ។

    តើ​ការ​រុំ​កន្សែង​សើម​នេះ​យូរ អាច​ធ្វើ​ឲ្យ​ទឹក​ចូល​សួត​អា​អូន​អត់?

    បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​បញ្ហា​ទឹក​ចូល​សួត​អា​អូន​ដោយ​សារ​ការ​រុំ​កន្សែង​នេះ មិន​បាច់​ព្រួយ​ទេ។ លោក​ស្រី​បន្ត​ថា ការ​ដែល​រុំ​កន្សែង​សើម​ឲ្យ​កូន​ពេល​ក្ដៅ​ខ្លួន​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ទេ ព្រោះ​ជាតិ​ទឹក​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​សួត តាម​រយៈ​រន្ធ​ញើស​ដូច​ដែល​ម៉ាក់​ប៉ា​ធ្លាប់​បាន​គិត​នោះ​ទេ។ ចំណែក​ឯ​ករណី​ទឹក​ចូល​សួត​អា​អូន​នោះ អាច​កើត​ឡើង​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន ដែល​ក្នុង​នោះ​រួមមាន ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​សេរ៉ូម​ច្រើន​ជ្រុល​លើស​ពី​តម្រូវ​ការ​រាងកាយ​របស់​អា​អូន​ជា​ដើម។

    វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ថា យក​ល្អ ពេល​អា​អូន​ក្ដៅ​ខ្លួន ម៉ាក់​ប៉ា​ត្រូវ​រក​មូល​ហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​ជូន​កាល​វា​ជា​បញ្ហា​ធម្មតា តែ​វា​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​មួយ​ចំនួន​ដែរ។ ក្នុង​ករណី​ដែល​អា​អូន​ក្ដៅ​ខ្លួន​ធម្មតា ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​៖

    ១.ស្លៀក​ពាក់​ស្ដើង​ៗឲ្យ​កូន និង​កុំ​ឲ្យ​កូន​ឃ្លុំ​ភួយ​ក្រាស់ៗ

    ២.ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

    ៣.ផ្ដល់​ថ្នាំ​ត្រឹម​ត្រូវ​ដល់​កូន។

    បើ​សិន​ផ្ដល់​ថ្នាំ​ផង ជូត​ខ្លួន​ផង កម្ដៅ​ខ្លួន​អា​អូន​នៅ​តែ​មិន​ចុះ យក​ល្អ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ភ្លាម កុំ​ទុក​យូរ ដើម្បី​ចៀស​វាង​អា​អូន​ក្ដៅ​ខ្លួន​ខ្លាំង​រហូត​អាច​ប្រកាច់ គ្រោះ​ថ្នាក់​ធ្ងន់​បាន។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម