backup og meta

កូនផ្តាសាយ បើមានសញ្ញាទាំងនេះប្រញាប់នាំជួបពេទ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 16, 2021

    កូនផ្តាសាយ បើមានសញ្ញាទាំងនេះប្រញាប់នាំជួបពេទ្យ

    យើង​ដឹង​ហើយ​ថា ក្មេង​តូចៗ​ងាយ​កើត​ផ្តាសាយ ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​វីរុស​ច្រើន​ប្រភេទ។ ក្មេង​កើត​ផ្តាសាយ​អាច​នឹង​ជា​ទៅ​វិញ​ក្នុង​រយៈពេល ៤-១០ ថ្ងៃ តែ​ក្នុង​ករណី​កូន​ផឹក​ថ្នាំ​ប៉ុន្មាន​ថ្ងៃ​ហើយ​មិន​ធូរស្បើយ ហើយ​មាន​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង ​ក្អួត ពិបាក​ដកដង្ហើម អស់​កម្លាំង​ខ្លាំង ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។

    លោក​វេជ្ជបណ្ឌិត​ ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា វីរុស​ជំងឺ​ផ្តាសាយ​មាន​ច្រើន​ជាង ២០០​ ប្រភេទ ប៉ុន្តែ Rhinovirus កើត​មាន​ញឹក​ញាប់​ជាង​គេ។ ជំងឺ​ផ្តាសាយ គឺ​បង្ក​ឡើង​ដោយ​ពពួក​វីរុស មិន​មែន​បាក់តេរី​ឡើយ ហេតុ​​នេះការ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​ (ថ្នាំផ្សះ) លើ​កូន​​យើ​ងកើត​ជំងឺ​ផ្តាសាយ គ្មាន​ប្រសិទ្ធភាពទេ។ ជាទូទៅ ផ្តាសាយ​បើ​កើតលើ​ក្មេង​មាន​សុខភាពល្អ មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ អាច​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ។

    ចំពោះសញ្ញា​ធ្ងន់ធ្ងរខាងលើ លោកវេជ្ជបណ្ឌិតថា កូន​យើង​អាច​កើត​ផ្តាសាយ​ធំ ឬ​ឆ្លង​បាក់តេរី។ ផ្តាសាយ​អាច​ប្រែ​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហេតុ​អី​មិន​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​តាំង​ពី​ដំបូង? ករណី​ភាគ​ច្រើន ជំងឺ​ផ្តាសាយ គឺ​បង្ក​រោគ​ដោយ​សារ​វីរុស​ មិន​អាច​ក្លាយ​ទៅ​ជា​បាក់តេរី​នោះ​ទេ។ បើ​សិន​ជា​ប៉ាម៉ាក់ នៅ​តែ​មានះ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​ព្យាបាល​ផ្តាសាយ​លើ​កូនៗ កូន​យើងអាច​នឹង​មាន​បញ្ហា​ឆ្លង​​ពពួក​បាក់តេរី​នឹង​ស៊ាំ​ថ្នាំ ឬ​រាករូស និង​ផល​រំខាន​ផ្សេងៗ​ទៀត។

    នៅ​ពេល​ក្មេង​កើត​ផ្តាសាយ​មិន​សូវ​ជា​ស្រណុក​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ ហើយ​តែង​តែ​ហៀរ​សម្បារ តឹង​ច្រមុះ ឈឺក ឬ​ក្អក កណ្តាស់​មក​ជាមួយ​ផង។ បែប​នេះ​ម៉ាក់ប៉ា​ត្រូវ​ជួយ​កូន​ឲ្យ​ឆាប់​ធូរ​ស្បើយ​ពី​ជំងឺ​ផ្តាសាយ​តាម​រយៈ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖

    – លាង ឬ​បន្តក់​សេរ៉ូម​ប្រៃ៖ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូនទាំងសងខាង ៤-៥ តំណក់ ដើម្បី​ឲ្យសម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​យក​សម្បោរចេញ។ ធ្វើ​បែប​នេះ ២-៣/ដង ក្នុង​១​ថ្ងៃ នោះ​ច្រមុះ​កូន​នឹង​ធូរស្រាល មិន​ពិបាក​ដក​ដង្ហើម។

    កូន​ផ្ដាសាយ

    – ឆ្ពង់​ច្រមុះ  ជា​ការ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ វិធី​នេះ​អាច​ធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​កូន​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។

    – ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ៖ ក្មេង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​ខ្លះ ក៏​មាន​អាការៈ​ក្តៅ​ខ្លួន​មក​ជាមួយ​ដែរ បើ​អ៊ីចឹង​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​បញ្ហា​តឹង​ចម្រុះ ហៀរ​សម្បោរ​ក៏​ធូរ​ស្រាល​មួយ​កម្រិត។

    – ងូត​ទឹកក្តៅ​ឧណ្ហៗ៖ ពេល​ក្មេង​តឹង​ច្រមុះ ហៀរ​សម្បោរ ក្អក និង​មាន​ក្តៅ​ខ្លួន ដាច់​ខាត​យើង​មិន​ត្រូវ​ងូត​ទឹក​ត្រជាក់​ឲ្យ​កូន​ទេ ត្រូវ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ ទើប​ជំងឺ​មិន​វិវត្ត​កាន់​តែ​ធ្ងន់​ធ្ងរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម