backup og meta

រដូវភ្លៀងធ្លាក់ ទឹកលិច ដីសើម ក្មេងប្រឡាក់ ឬលេងដី-ភក់ អាចកើតជំងឺម្យ៉ាងនេះធ្ងន់ធ្ងរហើយពិបាកព្យាបាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 05, 2023

    រដូវភ្លៀងធ្លាក់ ទឹកលិច ដីសើម ក្មេងប្រឡាក់ ឬលេងដី-ភក់ អាចកើតជំងឺម្យ៉ាងនេះធ្ងន់ធ្ងរហើយពិបាកព្យាបាល

    នៅពេលមានភ្លៀងធ្លាក់ ទឹកលិច ធ្វើឲ្យដីសើម ក្មេងៗអាចនឹងកើតជំងឺឈ្មោះ មេឡូអ៊ីដ (Melioidosis )។ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ជំងឺ Melioidosis នេះ ត្បិតតែមិនសូវកើតមានញឹកញាប់ដូចជំងឺគ្រុនឈាម ឬជំងឺដទៃទៀត តែបើក្មេងកើតមានជំងឺនេះធ្ងន់ធ្ងរខ្លាំង អាចប៉ះពាល់ដល់អាយុជីវិត និងពិបាកក្នុងការព្យាបាល ហើយការព្យាបាលមានរយៈពេលយូររហូតដល់ច្រើនខែ។

    លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺ Melioidosis បង្កឡើងដោយសារបាក់តេរី Burkholderia pseudomallei រស់នៅនឹងដីសើម ហើយកុមារនៅតាមជនបទ ដែលភាគច្រើនប្រឈមនឹងការកើតជំងឺនេះរួមមាន ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងសៀមរាបជាដើម។

    “យើងដឹងហើយថា កុមារនៅតាមជនបទយើងនៅតែនឹងដី ដូច្នេះមេរោគហ្នឹងឆ្លងមកក្នុងខ្លួនតាមរយៈការលេងដី ការផឹកទឹកមិនស្អាត។ ជំងឺនេះធ្ងន់ធ្ងរបំផុតឲ្យកុមារហើមសួតខ្លាំង រលាកសួតធ្ងន់ធ្ងរ ក្រៅនោះអាចចេញជាបូសកូនកណ្តុរ ជាជំងឺមួយធ្ងន់ អាចប៉ះពាល់ដល់ជីវិតកុមារ ហើយពិបាកព្យាបាលទៀត”។ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី រៀបរាប់។

    លោកវេជ្ជបណ្ឌិតថា រោគសញ្ញាជំងឺ Melioidosis ទម្រង់ធ្ងន់ ពិសេសហើមសួត (Pneumonia) និងមេរោគបាក់តេរីចូលក្នុងឈាម (Septic Shock) គឺមានអាការៈនាំឱ្យយើងច្រឡំនឹងគ្រុនឈាមធ្ងន់ធ្ងរ ហើយវាមានអត្រានាំឱ្យអ្នកជំងឺស្លាប់ខ្ពស់ណាស់។ ក្រៅពីនេះ វាមានទម្រង់ជាច្រើន ដូចជា ដំបៅនៅនឹងក ឬគុម្ពត្រចៀក (បូសកូនកណ្តុរ ឬបូសក្រពេញទឹកមាត់) ដំបៅមានខ្ទុះនៅនឹងស្បែក រលាកសន្លាក់ រលាកឆ្អឹង និងដំបៅនៅនឹងសរីរាង្គសំខាន់ៗ ដូចជា សួត ថ្លើម សាច់ដុំ ខួរក្បាល។ល។

    – ដំបៅទាំងនេះ អាចជាទម្រង់ស្រាល និងនៅរ៉ាំរ៉ៃ ជាពិសេសដំបៅខ្ទុះនៅក ឬគុម្ពត្រចៀក (ច្រឡំនឹងម្រេញកូនកណ្តុរដោយរបេង) ឬដំបៅស្បែក។

    – បើដំបៅនៅសរីរាង្គខាងក្នុង ច្រើនមានការប៉ះពាល់ដល់ជីវិត។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    បានន័យថា មេរោគវាយប្រហារសរីរាង្គជាច្រើន ដូចនេះ រោគសញ្ញាមានការប្រែប្រួលទៅតាមសរីរាង្គ ដែលប៉ះពាល់។ ដូចនេះ បើកូនៗមានអាការៈក្តៅខ្លួនយូរថ្ងៃ មានដំបៅខ្ទុះនៅលើផ្នែកផ្សេងៗ នៃសារព៌ាង្គកាយ មានលក្ខណៈក្លាយ ឬក្រជាសះស្បើយ សូមប្រញាប់យកទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញកុមារ។

    សូមរក្សានូវក្បួនអនាម័យជាប្រចាំ ជាពិសេសត្រូវសម្អាតខ្លួនប្រាណកូនចៅជានិច្ច!

    វេជ្ជបណ្ឌិត ហេង សុទ្ធី
    វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម