backup og meta

៦ សំណួរពាក់ព័ន្ធការចាក់វ៉ាក់សាំងឲ្យកូននេះសំខាន់ណាស់ ហើយម៉ាក់ប៉ាសួរញឹកញាប់​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 16, 2020

    ៦ សំណួរពាក់ព័ន្ធការចាក់វ៉ាក់សាំងឲ្យកូននេះសំខាន់ណាស់ ហើយម៉ាក់ប៉ាសួរញឹកញាប់​

    វ៉ាក់សាំង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្មេងៗ គឺ​អាច​ការពារ​ក្មេងៗ​ពី​ជំងឺ​ដែលប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ ដោយ​ហេតុ​ថា វ៉ាក់​សាំង​មាន​ច្រើន​ប្រភេទ ពេល​វេលា​នៃ​ការ​ចាក់​ក៏​ខុស​គ្នា ចាក់​រួច​ក៏​មាន​ផល​រំខាន​ផ្សេងៗ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ច្រើន​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន។

    នៅ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ Hello គ្រូពេទ្យ​ សូម​លើក​យក​នូវ​ចម្ងល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក និង​កុមារ។

    ១. ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​នៅ​ពេល​ណា​ខ្លះ?

    ផ្អែក​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​ចំនួន ១១ មុខ ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្មេង ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ១៨ ខែ។ វ៉ាក់សាំង​ទាំង​នោះ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ​នេះ ម៉ាក់ប៉ា​ក៏​អាច​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ផ្សេង​ទៀត​ទៅ​តាម​អាយុ និង​លទ្ធភាព​របស់​ខ្លួន។

    ចុច​នៅ​ទីនេះ ដើម្បី​ដឹង​ពី​កាល​វិភាគ​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ តា​ម​គោលការណ៍​ថ្នាក់​ជាតិ។

    ២. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង​មាន​អី​ខ្លះ?

    ផល​រំខាន​នៃ​ការ​ចាក់​វ៉ាក់សាំង​អាច​មាន​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ តែ​ករណី​ធ្ងន់ធ្ងរ​មាន​តិច​តួច​បំផុត។

    ផល​រំខាន​ស្រាល៖ ផល​រំខាន​ស្រាល​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រួម​មាន ក្មេង​​អាច​ឈឺ​នៅ​កន្លែង​ចាក់ ហើម​នៅ​កន្លែង​ចាក់ ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន។

    ផល​រំខាន​ធ្ងន់ធ្ងរ៖ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ក្រោយ​ចាក់​វ៉ាក់សាំង រួម​មាន​ក្មេង​ហើម​បំពង់​ខ្យល់ ពិបាក​ដក​ដង្ហើម ប្រកាច់ តែ​ករណី​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ថា កម្រ​កើត​មាន​ណាស់។

    ៣. វ៉ាក់សាំង​អាច​ចាក់​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់​បាន​អត់?

    ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) ថា ទូទៅ​ការ​ចាក់​វ៉ាក់សាំង​មុន​កាល​កំណត់​ ៤ ថ្ងៃ ចាត់​ទុក​ថា​ត្រឹមត្រូវ។ “ឧទាហរណ៍​ថា កូន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្ងៃទី៥ ប៉ុន្តែ​យើង​រវល់ អ៊ីចឹង​យើង​ចាក់​ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ ថ្ងៃ៤ អូខេ អត់​មាន​បញ្ហា​ទេ។ ក៏​ប៉ុន្តែ​បើ​សិន​ជា​លើស​ពី​៤​ថ្ងៃ​ហ្នឹង ឧទាហរណ៍​ថា​គាត់​ចាក់​ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ​៣០ អាហ្នឹង​ចាត់​ទុក​ថា Invalid ដែល​ទាមទារ​ឲ្យ​យើង Repeat ដូស្ត មាន​ន័យថា វ៉ាក់សាំង​ត្រូវ​ចាក់​តែ ៣ដង​ទេ តែ​ចាក់​អត់​ត្រឹមត្រូវ​អាច​ឈាន​ដល់​ចាក់​៤ដង”។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា វ៉ាក់សាំង​មិន​មែន​ចាក់​តែ​១ដង​នោះ​ទេ វ៉ាក់​សាំង​ខ្លះ​មាន​ម្តង វ៉ាក់​សាំង​ខ្លះ ២ដង ខ្លះ​ ៣ដង ខ្លះ ៤ដង ឯណោះ បើ​យើង​ចាក់​មិន​ត្រូវ​តាម​កាល​កំណត់ អាច​នឹង​ត្រូវ​ចាក់​សារ​ឡើង​វិញ។

    ​ឯការ​វ៉ាក់សាំង​ក្រោយ​ការ​កំណត់​វិញ មិន​មាន​គ្រោះថ្នាក់​ទៅ​លើ​កូន​យើង​ទេ ក៏​ប៉ុន្តែ​ការ​កកើត​ជា​ប្រព័ន្ធ​ការពារ​អាច​មិន​សម​ស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សិក្សា។ លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ពន្យារ​ពេល​ចាក់​វ៉ាក់សាំង​យូរ​ពេក ក៏​ទាមទារ​ឲ្យ​មាន​ការចាក់ដូស្តថ្មីឡើងវិញ​ដែរ។ ដូចនេះ​ជម្រើស​ដែល​ល្អ​បំផុត បើ​គ្រូពេទ្យ​ណាត់​ថ្ងៃ​ណា យើង​គួរ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ថ្ងៃ​នោះ។

    ៤. ចាក់​វ៉ាក់សាំង​រួច ទាល់​មាន​ឡើង​ស្នាម ទើប​បញ្ជាក់​ថា​មាន​ប្រសិទ្ធភាព​មែន​ទេ?

    ចាក់​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ឬ​គ្មាន​ប្រសិទ្ធភាព មិន​មែន​សម្គាល់​លើ​ស្នាម​ចាក់​នោះ​ទេ នេះ​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ វ៉ាក់សាំងល្អ ចាក់​ទៅ​មាន​ប្រសិទ្ធភាព លុះ​ណា​តែ​វ៉ាក់សាំង​មាន​គុណភាព ទុក​ដាក់​នៅ​កន្លែង​មាន​សុវត្ថិភាព​ត្រឹម​ត្រូវ ឯ​ការ​ចាក់​នោះ​ទៀត​សោត​ឲ្យ​ចំ​ការ​កំណត់​របស់​គ្រូពេទ្យ។

    វ៉ាក់សាំង

    ៥. ហេតុអី​ក្រោយ​ចាក់​វ៉ាក់សាំង​រួច កន្លែង​ចាក់​ទៅ​ជា​ដំបៅ​អាប់សែ?

    លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ គុជ ឆោមដាលីន បាន​លើក​ឡើង​ថា អាប់សែ ជា​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ កង្វះ​អនាម័យ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ចាក់​រួច​យក​របស់​មិន​ស្អាត​មក​បិទ​នៅ​មុខ​របួស ឬ​ក៏​ក្មេង​អាលែកហ៊្សី​ទៅ​នឹង​សារធាតុ​ក្នុង​វ៉ាក់​សាំង។

    ៦. ធ្វើម៉េចថែកន្លែង​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ក្លាយ​ជា​ដំបៅ​ខ្ទុះ ឬ​អាប់​សែ?

    – កុំ​ឆាប់​បក​បង់​បិទ​កន្លែង​ចាក់​ថ្នាំ​

    – កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ

    –  ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ

    – ហាម​យក ថ្ម បាយ ឬ​ពង​ទា​ក្ដៅ​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ

    – បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម