លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ថា ជំងឺរាកលើកុមារ និងទារក ម៉ាក់ប៉ាកុំចង់បានថ្នាំដាក់ភ្លាមបាត់ភ្លាម ព្រោះពេទ្យខ្លះនឹងឲ្យថ្នាំប្រភេទ Loperamide ដែលថ្នាំនេះវាទៅទប់ចលនាពោះវៀន មិនឲ្យមានចលនា នៅពេលពោះវៀនគ្មានចលនាវានឹងលែងរាកទៀតហើយ។ នៅពេលដែលពោះវៀនលែងមានចលនា ជាមូលហេតុងាយធ្វ់ឲ្យពោះវៀនស្ទះ ពោះវៀនលូនចូលគ្នា រលាកពោះវៀនកាន់តែខ្លាំង ខូចភាពធន់រឹងមាំនៃពោះវៀន និងប្រឈមការធ្លាយពោះវៀន ដែលអាចធ្វើឲ្យទារកស្លាប់បាន។
ថ្នាំ Loperamide ជាថ្នាំទប់រាកទឹក មិនមែនថ្នាំព្យាបាលរាកទឹកនោះទេ ហើយថ្នាំប្រភេទនេះដែរត្រូវបានគេហាមមិនឲ្យប្រើប្រាស់សម្រាប់ព្យាបាលជំងឺរាកលើទារកដែលមានអាយុក្រោម ៦ ឆ្នាំ ព្រោះអាចឲ្យក្មេងមានផលប៉ះពាល់ក្រោយប្រើវា។
វេជ្ជបណ្ឌិតជំនាញជំងឺទូទៅ និងកុមាររូបនោះបន្ថែមទៀតថា គ្រប់ការរាក គឺអ្នកជំងឺត្រូវការជាតិស័ង្កសី ដើម្បីកាត់បន្ថយកម្លាំងនៃការមេរោគ បន្ថយចំនួននៃការរាគ និងបន្ថយជំងឺរាកនៅពេលក្រោយទៀត។ មួយវិញទៀតជំងឺរាកត្រូវការព្យាបាលយ៉ាងសន្សឹមៗ យ៉ាងហោចណាស់ក៏ ២ ថ្ងៃដែរ ហើយបើលេបលើសវេជ្ជបញ្ជា មានតែនាំគ្រោះថ្នាក់ចំពោះកូន។ ឧទាហរណ៍ពេទ្យឲ្យលេបថ្នាំ ១ថ្ងៃ ៣ ដង បើយើងដាក់ដល់ ៤ ដងលើសកម្រិតថ្នាំ ឬលេបមិនដល់ចំនួនកំណត់របស់គ្រូពេទ្យ ដែលធ្វើឲ្យសភាពជំងឺមិនថមថយ។
ចំណែករឿងសំខាន់មួយទៀតពេលកូនរាកត្រូវបន្ថែមជាតិទឹកឲ្យកូនឲ្យកាន់តែច្រើន ហើយចំពោះក្មេងបៅដោះត្រូវបន្ថែមចំនួនបៅឲ្យញឹក កុំឲ្យខ្សោះជាតិទឹក។ នៅពេលកូនបាត់បង់ជាតិទឹកច្រើន បណ្ដាលឲ្យក្ដៅខ្លួន ឈឺដេកស្ទិក គ្មានកម្លាំងកំហែង និងមិនញ៉ាំអ្វីទាំងអស់។ ក្រៅពីទឹកធម្មតា គ្រូពេទ្យនឹងបន្ថែមអូរ៉ាលីតទៀត។